សាលា​ក្ដី​ខ្មែរ​ក្រហម​នឹង​បើក​កិច្ច​ប្រជុំ​រៀប​ចំ​សវនាការ​លើ​សំណុំ​រឿង​០០២​នៅ​ថ្ងៃ​ទី​១១

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សាលា​ក្ដី​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ទី​៦ កុម្ភៈ អោយ​ដឹង​ថា អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង គ្រោង​នឹង​បើក​កិច្ច​ប្រជុំ​រៀប​ចំ​សវនាការ​ស្ដាប់​ហេតុផល​ដោយ​ផ្ទាល់​មាត់ នៅ​ថ្ងៃ​ទី​១១ កុម្ភៈ លើ​សំណុំ​រឿង​០០២ ក្នុង​នោះ​មាន​ជន​ជាប់​ចោទ​ពីរ​រូប គឺ​លោក ខៀវ សំផន និង​លោក នួន ជា។

គោល​បំណង​នៃ​សវនាការ​របស់​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង គឺ​ចង់​ស្ដាប់​នូវ​ភាគី​ពាក់ព័ន្ធ​នានា​លើ​ការ​អនុវត្ត​ផែន​ការ​សកម្មភាព មុន​នឹង​ឈាន​ដល់​បើក​ការ​ជំនុំ​ជម្រះ​ក្ដី​ក្នុង​សំណុំ​រឿង​០០២។

អ្នក​នាំ​ពាក្យ​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម លោក នេត ភក្ដ្រា បាន​ឲ្យ​ដឹង​ថា សវនាការ​នោះ​មាន​ចំណុច​សំខាន់​បី។ ទី​មួយ គឺ​កំណត់​វិសាល​ភាព​នៃ​សំណុំ​រឿង​នោះ​ត្រូវ​មាន​កម្រិត​ណា។ ទី​ពីរ គឺ​តម្រូវ​ឲ្យ​ភាគី​ពាក់ព័ន្ធ ត្រូវ​ផ្ដល់​ឲ្យ​បញ្ជី​ឈ្មោះ ក្នុង​នោះ​រួម​មាន​សាក្សី និង​អ្នក​ឡើង​បកស្រាយ​នៅ​ក្នុង​អង្គ​សវនាការ និង​ទី​បី ស្ដាប់​ការ​វាយ​តម្លៃ​អំពី​ស្ថានភាព​សុខភាព​របស់​ជន​ជាប់​ចោទ ថា​ត្រូវ​វាយ​តម្លៃ​ឡើង​វិញ ឬ​យ៉ាង​ណា។

លោក នេត ភក្ដ្រា បាន​បន្ថែម​ថា សវនាការ​នឹង​អាច​បន្ត​ទៅ​ថ្ងៃ​បន្ទាប់​ទៀត​ក្នុង​ករណី​ចាំបាច់។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ នៅ​ក្នុង​សវនាការ​ស្ដាប់​ហេតុផល​ដោយ​ផ្ទាល់​មាត់ ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១១ កុម្ភៈ នោះ មាន​ជន​ជាប់​ចោទ លោក ខៀវ សំផន ចូល​រួម ប៉ុន្តែ​ជន​ជាប់​ចោទ លោក នួន ជា មិន​បាន​ចូល​រួម​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។