សាក្សី សូ សុជាតិ ដែលជាប្រពន្ធរបស់ជនជាប់ចោទ ខៀវ សំផន មិនបានផ្ដល់សក្ខីកម្មច្រើនទេចំពោះហេតុការណ៍ទាំងឡាយដែលបានកើតឡើងនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ជាពិសេសចំណោទទាក់ទងនឹងការងាររបស់ប្ដីលោកស្រី។
បន្ទាប់ពីការសួរដេញដោលសាក្សី សូ សុជាតិ មេធាវីនាំមុខអន្តរជាតិការពារដើមបណ្ដឹងរដ្ឋប្បវេណី ដូចគ្នានឹងសហព្រះរាជអាជ្ញាដែរ ថ្លែងថា សាក្សីរូបនេះផ្ដល់ចម្លើយមិនស្មោះត្រង់ចំពោះតុលាការទេ៖ «ខ្ញុំដឹងថា លោកស្រីបានយល់សំណួរខ្ញុំច្បាស់ហើយអម្បាញ់មិញនេះ។ អ៊ីចឹងខ្ញុំគាំទ្រសហព្រះរាជអាជ្ញាដូចកាលពីម្សិលមិញថា ដោយគួរសមខ្ញុំចង់និយាយថា លោកស្រីមិននិយាយការពិតជូនតុលាការទេ»។
សាក្សី សូ សុជាតិ ថ្លែងថា ក្នុងតួនាទីលោកស្រីជាអ្នកទទួលបន្ទុកដាំស្លសម្រាប់មេដឹកនាំជាន់ខ្ពស់របបកម្ពុជាប្រជាធិបតេយ្យ លោកស្រីមិនដែលស្ដាប់សេចក្ដីថ្លែងការណ៍របស់ប្ដីលោកស្រីទេ ព្រោះនៅកន្លែងលោកស្រីមិនមានវិទ្យុស្ដាប់ ហើយលោកស្រីរវល់នឹងការងារដាំស្ល។ ឆ្លើយតបចំពោះមេធាវីនាំមុខការពារដើមបណ្ដឹងរដ្ឋប្បវេណី ដែលសួរថា តើលោកស្រីដឹងអំពីមុខតំណែងការងាររបស់ប្ដីលោកស្រីឬទេ? សាក្សី សូ សុជាតិ ថ្លែងថា ក្នុងពេលវេលាជាហូរហែមក លោកស្រីមិនស្មានថាប្ដីលោកស្រីជាអ្នកធំទេ។
សាក្សី សូ សុជាតិ ថ្លែងជាចុងក្រោយថា ជនជាប់ចោទ ខៀវ សំផន ជាមនុស្សល្អត្រឹមត្រូវ៖ «មុននឹងបញ្ចប់ ខ្ញុំសុំរំឭកថា ទោះបីជាលោកចៅក្រម លោកព្រះរាជអាជ្ញា លោកតុលាការ មានការចោទមកលើប្ដីខ្ញុំ ត្រូវចាប់ត្រូវកាត់ទោសយ៉ាងណាក៏ដោយ តែខ្ញុំជាប្រពន្ធ គឺនៅតែជឿទុកចិត្តលើប្ដីខ្ញុំជាមនុស្សល្អត្រឹមត្រូវ ពីព្រោះរស់នៅក្នុងរយៈជាង ៣០ឆ្នាំមកនេះ ខ្ញុំស្គាល់ប្ដីខ្ញុំ ស្គាល់អត្តចរិត ស្គាល់ឫកពា គឺមិនមែនជាមនុស្សស្វែងរកលាភសក្ការៈ ស្វែងរកមុខមាត់បុណ្យសក្តិ ស្វែងរកអំណាចអាជ្ញានោះទេ ក៏មិនមែនជាមនុស្សកាចសាហាវឃោរឃៅ ដើរចាប់ចងកាប់សម្លាប់នោះដែរ»។
នៅវេលាចុងបញ្ចប់ ក៏មានការជំទាស់តវ៉ាគ្នារឿងនីតិវិធីដែរ រវាងសហព្រះរាជអាជ្ញា និងមេធាវីការពារក្ដីជនជាប់ចោទ ខៀវ សំផន ដោយសហព្រះរាជអាជ្ញា ស្នើសុំឱ្យតុលាការដាក់វិន័យលើមេធាវីជាតិការពារក្ដីជនជាប់ចោទ ខៀវ សំផន គឺលោក គង់ សំអុន ដែលជំទាស់ព្រះរាជអាជ្ញាពេលសួរសាក្សី ហើយពន្យល់ន័យសក្ខីកម្មជំនួសសាក្សី។ សហព្រះរាជអាជ្ញាចាត់ទុកការធ្វើបែបនេះជាការរំខានដោយចេតនាក្នុងកិច្ចដំណើរការរបស់តុលាការ ហើយស្នើសុំឱ្យតុលាការដាក់ទណ្ឌកម្ម៖ «ខ្ញុំស្នើតុលាការថា ទីមួយ គប្បីតុលាការបដិសេធចំពោះការជំទាស់បដិសេធរបស់គាត់ ឬក៏ដាក់ទណ្ឌកម្មទៅលើគាត់ ហើយនឹងកត់ត្រានៅក្នុងកំណត់ត្រាតុលាការពីអាកប្បកិរិយានេះ។ សំណើទីពីរ គឺកាយវិការរបស់គាត់ គប្បីបញ្ជូនទៅគណៈមេធាវីនៃព្រះរាជាណាចក្រដោយអង្គជំនុំជម្រះនេះ។ សំណើទីបីរបស់ខ្ញុំ សុំតុលាការព្រមានជាផ្លូវការដោយតុលាការនេះ នៅក្នុងពាក្យសាមញ្ញរបស់តុលាការបញ្ជាក់អំពីការរំខានដដែលៗ និងត្រូវដកគាត់ចេញដំណើរការនីតិវិធីនេះ»។
បញ្ហានេះបានកើតឡើងត្រង់ចំណុចដែលសហព្រះរាជអាជ្ញាសួរដេញដោលសាក្សី អំពីពេលវេលាជនជាប់ចោទរស់នៅជាមួយគ្នាក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។
មេធាវី គង់ សំអុន ថ្លែងថា ការងារលោកជាមេធាវី គឺត្រូវពិនិត្យមើលភាពត្រឹមត្រូវនៃដំណើរការនីតិវិធីទាំងអង្គហេតុ និងអង្គច្បាប់ ហើយត្រូវជំទាស់ និងផ្ដល់យោបល់ដូច្នេះ ហើយលោកស្វាគមន៍ចំពោះការប្ដឹងរូបលោកគណៈមេធាវីកម្ពុជា៖ «ចំណុចនេះវាអត់មានអីជាចំណុចថ្មី ដែលធ្វើឱ្យខ្ញុំនាំសាក្សីទៅនិយាយអ្វីដែលខុសទេ គឺចំណុចដែលខ្ញុំកែប្រែ កែប្រែការលើករបស់សហព្រះរាជអាជ្ញាមិនត្រឹមត្រូវ គឺគាត់លើកនូវអង្គហេតុមួយខុស ដែលធ្វើឱ្យសាក្សីយល់ច្រឡំ។ ចំណុចនេះហើយដែលធ្វើឱ្យខ្ញុំត្រូវតវ៉ា»។
មេធាវីអន្តរជាតិការពារក្ដីជនជាប់ចោទ ខៀវ សំផន គឺលោក អាទ័រ វែរកិន (Arthur Vercken) តាមរយៈអ្នកបកប្រែថ្លែងថា ជាការគួរឱ្យអស់សំណើចចំពោះសំណើសុំរបស់សហព្រះរាជអាជ្ញាឱ្យមានការដាក់ទណ្ឌកម្មចំពោះការជំទាស់៖ «ថាភាគីទាំងអស់និយាយសុំដាក់ឱ្យការជំទាស់រាល់ដងមានការពិន័យនេះ តុលាការនេះរលាយបាត់ទៅហើយ ព្រោះថារាល់ដងត្រូវតែចេញសេចក្ដីសម្រេច។ អ៊ីចឹងខ្ញុំគិតថា គួរឱ្យអស់សំណើចដែលមានការប៉ុនប៉ងសុំបំភិតបំភ័យនេះ»។
ទោះជាយ៉ាងនេះក្ដី អង្គជំនុំជម្រះសាលាដំបូងមិនទាន់ចេញសេចក្ដីសម្រេចយ៉ាងណាទេ ចំពោះការជំទាស់នេះ។ សវនាការនឹងត្រូវបន្តរសៀលថ្ងៃទី១៣ មិថុនា ទៀត ដោយស្ដាប់សាក្សីឈ្មោះ ស៊ឹម ហោ ជាអតីតយោធាភូមិភាគឧត្ដរមួយរូប៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
