ដើម​បណ្ដឹង​រដ្ឋប្បវេណី​ចង់​ឲ្យ​តុលាការ​ដាក់​គុក នួន ជា និង ខៀវ សំផន អស់​មួយ​ជីវិត

0:00 / 0:00

អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ទី​២៨ កក្កដា បាន​បញ្ចប់​ការ​ស្ដាប់​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ទី​១ ទាក់ទង​ការដ្ឋាន​ការងារ​ដោយ​បង្ខំ​នៅ​អាង​ត្រពាំង​ថ្ម ខេត្ត​បន្ទាយមានជ័យ។ បណ្ដឹង​រដ្ឋប្បវេណី​ទី​១ នេះ សុំ​ឲ្យ​តុលាការ​ដាក់​ទោស​ជន​ជាប់​ចោទ​ធ្ងន់ធ្ងរ​មួយ​ជីវិត។

ដើម​បណ្ដឹង​រដ្ឋប្បវេណី​ទី​១ ដែល​ត្រូវ​អង្គការ​ខ្មែរ​ក្រហម​បង្ខំ​ឲ្យ​លើក​ដី​ធ្វើ​ទំនប់​អាង​ត្រពាំង​ថ្ម គឺ​លោក សែន សុផុន នៅ​ព្រឹក​ថ្ងៃ​ទី​២៨ កក្កដា ចង់​ឲ្យ​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង ផ្ដន្ទាទោស​ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន រហូត​មួយ​ជីវិត៖ «រហូត​មក​ដល់​សព្វថ្ងៃ​នេះ​មាន​តែ​ការ​វេទនា ធ្វើ​បាប​មិន​ថា​រូប​ខ្ញុំ ឬ​បង​ប្អូន​ទាំងអស់​ប្រទេស​កម្ពុជា ទេ គ្មាន​នរណា​រួច​ផុត​ពី​របប​កម្ពុជា​ប្រជាធិបតេយ្យ​ហ្នឹង​ទេ។ ការ​ខ្ញុំ​និយាយ​នេះ គឺ​ជា​ការ​ពិត​ទាំងអស់ ខ្ញុំ​ធ្លាប់​ជួប​ប្រទះ​នៅ​ក្នុង​ហ្នឹង​ទាំងអស់។ ហេតុ​ដូច្នេះ​ទុក្ខ​វេទនា​របស់​ខ្ញុំ​នេះ ខ្ញុំ​សុំ​ឲ្យ​តុលាការ​វិនិច្ឆ័យ​ឲ្យ​ខ្ញុំ​ចុះ តើ​ទង្វើ​គាត់​ធ្វើ​នេះ​សមស្រប​នឹង​ប្រជាពលរដ្ឋ​ក្នុង​ប្រទេស​កម្ពុជា និង​រូប​ខ្ញុំ​ដែរ​ឬ​ទេ? ហេតុ​ដូច្នេះ រូប​ខ្ញុំ​នេះ​ចង់​ឲ្យ​តុលាការ​ផ្ដន្ទាទោស​ដាក់​គុក​គាត់​អស់​មួយ​ជីវិត»

ការ​ស្នើសុំ​តុលាការ​បែប​នេះ គឺ​បន្ទាប់​ពី​ដើម​បណ្ដឹង​រដ្ឋប្បវេណី សែន សុផុន ថ្លែង​អំពី​ទុក្ខ​សោក និង​ការ​ខូចខាត​ចំពោះ​រូប​លោក ដែល​បង្ក​ឡើង​ដោយសារ​ពួក​ខ្មែរ​ក្រហម​កុហក និង​ជម្លៀស​ចេញ​ពី​ទីក្រុង​ភ្នំពេញ នៅ​ខែ​មេសា ឆ្នាំ​១៩៧៥។ លោក​ត្រូវ​ជម្លៀស​ទៅ​ព្រែក​រាំង ស្រុក​ស្អាង ខេត្ត​កណ្ដាល ហើយ​បន្ទាប់​មក​ជម្លៀស​បន្ត​ទៀត​ទៅ​ខេត្ត​បាត់ដំបង ជា​ទី​ដែល​លោក​បាត់​បង់​ឪពុក​ម្ដាយ និង​ប្អូនៗ។

នៅ​មុន​ពេល​បញ្ចប់​នៃ​សក្ខីកម្ម លោក សែន សុផុន សួរ​តាម​រយៈ​អង្គ​ជំនុំ​ជម្រះ​ទៅ​ជន​ជាប់​ចោទ​ថា តើ​អ្នក​ណា​នៅ​ពី​ក្រោយ​ការ​បញ្ជា​ឲ្យ​ជម្លៀស​ពលរដ្ឋ​ចេញ​ពី​ទីក្រុង​ភ្នំពេញ ដោយ​ប្រើ​ហេតុផល​កុហក​បោកប្រាស់​ប្រជាពលរដ្ឋ។

ទាក់ទង​នឹង​សំណួរ​ចង់​ដឹង​របស់ លោក សែន សុផុន នេះ ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន មិន​បាន​ឆ្លើយ​តប​ទេ។ ការ​មិន​ឆ្លើយ​តប​នេះ ប្រធាន​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង លោក​ចៅក្រម និល ណុន ថ្លែង​ថា ដោយសារ​ជន​ជាប់​ចោទ​រក្សា​សិទ្ធិ​នៅ​ស្ងៀម​មិន​ឆ្លើយ​តប​សំណួរ។ សិទ្ធិ​នេះ ត្រូវ​បាន​ជន​ជាប់​ចោទ​ប្រកាស​ក្នុង​សវនាការ នៅ​ថ្ងៃ​ទី​៨ ខែ​មករា។ ពេល​ណា​ជន​ជាប់​ចោទ​ចង់​ឆ្លើយ​តប​នោះ ជន​ជាប់​ចោទ​នឹង​ជូន​ដំណឹង​ដល់​អង្គ​ជំនុំ​ជម្រះ៖ «ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ អង្គ​ជំនុំ​ជម្រះ​នៅ​មិន​ទាន់​បាន​ទទួល​ដំណឹង​ពី​ការ​ផ្លាស់ប្ដូរ​ជំហរ ពី​ការ​លះ​បង់​សិទ្ធិ​ក្នុង​ការ​នៅ​ស្ងៀម​មិន​ឆ្លើយ​តប មក​ជា​ការ​យល់​ព្រម​ឆ្លើយ​តប​នឹង​សំណួរ​របស់​ចៅក្រម​នៃ​អង្គ​ជម្រះ ឬ​ក៏​របស់​ភាគី​នៅ​ឡើយ​ទេ។ សូម​លោក​ជ្រាប»

បន្ទាប់​ពី​ដើម​បណ្ដឹង​រដ្ឋប្បវេណី សែន សុផុន អង្គ​ជំនុំ​ជម្រះ​បាន​បន្ត​ស្ដាប់​សក្ខីកម្ម​របស់​សាក្សី​មួយ​រូប​ទៀត​ឈ្មោះ ម៉ម សឿម ហៅ ហេង សាមួត។ សាក្សី​រូប​នេះ​មក​ពី​ភូមិ​ថ្មី ឃុំ​ណាំតៅ ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយមានជ័យ។ លោក​ក៏​ត្រូវ​ពួក​ខ្មែរ​ក្រហម​បង្ខំ​ឲ្យ​លើក​ដី​ធ្វើ​ទំនប់​នៅ​អាង​ត្រពាំង​ថ្ម ដែរ។ សាក្សី ម៉ម សឿម ជម្រាប​អង្គ​ជំនុំ​ជម្រះ​អំពី​លក្ខខណ្ឌ​រស់នៅ​លំបាក​នៅ​ទីនោះ ព្រម​ទាំង​ការ​រៀបការ​ដោយ​បង្ខំ និង​ការ​ចាប់​ខ្លួន​បាត់​ទៅ​រហូត។

ការ​ផ្ដល់​សក្ខីកម្ម​របស់​សាក្សី ម៉ម សឿម នៅ​មិន​ទាន់​បញ្ចប់​ទេ ហើយ​នឹង​ត្រូវ​មក​ធ្វើ​បន្ត​នៅ​ថ្ងៃ​ទី​២៩ កក្កដា ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។