សហចៅក្រមស៊ើបអង្កេតអន្តរជាតិនៃសាលាក្ដីខ្មែរក្រហម សម្រេចចោទប្រកាន់អតីតមេដឹកនាំខ្មែរក្រហមម្នាក់ទៀត។
សេចក្ដីថ្លែងការណ៍របស់សហចៅក្រមស៊ើបអង្កេតអន្តរជាតិនៃសាលាក្ដីខ្មែរក្រហម នៅថ្ងៃទី២៧ ខែមីនា ឲ្យដឹងថា ជនសង្ស័យម្នាក់ទៀតក្នុងសំណុំរឿង០០៤ ដែលសហចៅក្រមទើបចោទប្រកាន់នេះមានឈ្មោះ អោ អាន។ លោកត្រូវចោទប្រកាន់ពីបទចោទមួយចំនួនរួមមាន បទមនុស្សឃាតដោយចេតនា ជាការបំពានក្រមព្រហ្មទណ្ឌកម្ពុជា ឆ្នាំ១៩៥៦ បទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដូចជាមនុស្សឃាត ការសម្លាប់រង្គាល ការធ្វើទុក្ខបុកម្នេញដោយមូលហេតុនយោបាយ និងសាសនា ការឃុំឃាំង និងអំពើអមនុស្សធម៌ផ្សេងទៀត ដែលបានប្រព្រឹត្តនៅកន្លែងសម្លាប់មនុស្សគោកព្រីង មន្ទីរសន្តិសុខទួលបេង និងវត្តអូរត្រកួន។
នេះជាការចោទប្រកាន់ថ្មីទៀត បន្ទាប់ពីអតីតមេដឹកនាំខ្មែរក្រហម ២នាក់ គឺអ្នកស្រី អ៊ឹម ចែម និងលោក មាស មុត ដែលត្រូវសហចៅក្រមអន្តរជាតិចោទប្រកាន់ដែរ កាលពីដើមខែមីនា។ ប៉ុន្តែការសម្រេចរបស់សហចៅក្រមអន្តរជាតិ មិនត្រូវបានសហចៅក្រមជាតិគាំទ្រ និងបញ្ជូនករណីនោះទៅនគរបាលឡើយ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) រិះគន់ថា ការមិនគាំទ្រសេចក្ដីសម្រេចនេះ ដោយសាររដ្ឋាភិបាលរារាំងដំណើរស្វែងរកយុត្តិធម៌នៅសាលាក្ដីនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
