មន្ត្រី​នាំ​ពាក្យ​ថា​មរណភាព​របស់​ជន​ជាប់​ចោទ អៀង ធីរិទ្ធ នឹង​មិន​ប៉ះពាល់​ដល់​ការ​ជំនុំ​ជម្រះ​ទេ

0:00 / 0:00

មរណភាព​នៃ​ជន​ជាប់​ចោទ អៀង ធីរិទ្ធ នៅ​ព្រឹក​ថ្ងៃ​ទី​២២ សីហា បាន​ធ្វើ​ឲ្យ​អ្នក​តាម​ដាន​ដំណើរ​ការ​សាលា​ក្ដី​ខ្មែរ​ក្រហម យល់​ឃើញ​ថា ជា​សញ្ញា​មួយ​ដែល​សាលា​ក្ដី​នេះ​គួរ​ពន្លឿន​នីតិវិធី​ជំនុំ​ជម្រះ​របស់​ខ្លួន ជាពិសេស​ការ​ជំនុំ​ជម្រះ​លើ​សំណុំ​រឿង ០០២ សព្វថ្ងៃ​នេះ។ ប៉ុន្តែ​មន្ត្រី​សាលា​ក្ដី​បញ្ជាក់​ថា ការ​ជំនុំ​ជម្រះ​សំណុំ​រឿង​នេះ នឹង​មិន​រាំង​ស្ទះ​ទេ។

មន្ត្រី​នាំ​ពាក្យ​សាលា​ក្ដី​ខ្មែរ​ក្រហម លោក នេត្រ ភក្ដ្រា ថ្លែង​នៅ​ថ្ងៃ​ទី​២៣ សីហា ថា មរណភាព​របស់​ជន​ជាប់​ចោទ អៀង ធីរិទ្ធ នឹង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ជំនុំ​ជម្រះ​លើ​សំណុំ​រឿង ០០២ វគ្គ​២ ដែល​កំពុង​ដំណើរ​ការ​សព្វថ្ងៃ​នេះ​ទេ៖ «ការ​ស្លាប់​របស់ លោកស្រី អៀង ធីរិទ្ធ នេះ គឺ​មិន​ពាក់ព័ន្ធ​ករណី​សំណុំ​រឿង​នេះ​ទេ ដោយសារ លោកស្រី អៀង ធីរិទ្ធ បន្ទាប់​ពី​ត្រូវ​បាន​រក​ឃើញ​ថា គាត់​មិន​មាន​សម្បទា​គ្រប់គ្រាន់​ដើម្បី​ចូលរួម​សវនាការ លោកស្រី អៀង ធីរិទ្ធ ត្រូវ​បាន​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង បំបែក​ចេញ​ពី​សំណុំ​រឿង ០០២ ដោយ​បំបែក​ចេញ​ពី​ជន​ជាប់​ចោទ​ផ្សេង​ទៀត។ អ៊ីចឹង​ការ​ស្លាប់​របស់ លោកស្រី អៀង ធីរិទ្ធ នេះ គឺ​មិន​ធ្វើ​ឲ្យ​ដំណើរ​ការ​ជំនុំ​ជម្រះ​ជន​ជាប់​ចោទ ២​រូប​ទៀត លោក នួន ជា លោក ខៀវ សំផន នោះ​រអាក់រអួល ឬ​ដំណើរ​ការ​មិន​ល្អ​ទេ គឺ​មិន​ពាក់ព័ន្ធ​ទេ»

លោក​បញ្ជាក់​បន្ថែម​ថា កាលវិភាគ​សម្រាប់​សវនាការ​របស់​សាលា​ដំបូង​លើ​សំណុំ​រឿង​លេខ​០០២ វគ្គ​២ នៅ​ថ្ងៃ​ច័ន្ទ ទី​២៤ សីហា នឹង​ទៅ​ជា​ធម្មតា។ សំណុំ​រឿង​នេះ​មាន​តែ​ជន​ជាប់​ចោទ ២​រូប​ទេ គឺ នួន ជា និង ខៀវ សំផន។

លោក នេត្រ ភក្ដ្រា មាន​ប្រសាសន៍​ទៀត​ថា រហូត​មក​ដល់​ថ្ងៃ​ទី​២៣ សីហា សហ​ព្រះរាជអាជ្ញា​សាលា​ក្ដី​ខ្មែរ​ក្រហម នៅ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ពេញលេញ​នៅ​ឡើយ​ទេ ទាក់ទង​នឹង​មូលហេតុ​នៃ​មរណភាព​របស់​ជន​ជាប់​ចោទ អៀង ធីរិទ្ធ។ លោក​ថ្លែង​ថា សហ​ព្រះរាជអាជ្ញា​កំពុង​រង់ចាំ​ទទួល​ព័ត៌មាន​ពី​មន្ត្រី​ជំនាញ​នៅ​ខេត្ត​ប៉ៃលិន៖ «ក្រុម​ការងារ​របស់​សហ​ព្រះរាជអាជ្ញា​លោក​មិន​បាន​អញ្ជើញ​ទៅ​ធ្វើ​កោសល្យវិច័យ​នៅ​ផ្ទះ​របស់ លោកស្រី អៀង ធីរិទ្ធ ដែល​ស្លាប់​នោះ​ទេ ដោយសារ​តែ​យោង​តាម​នីតិវិធី គឺ​យើង​មិន​ចាំបាច់​ធ្វើ​កោសល្យវិច័យ​ទេ ដោយសារ​តែ​ជន​ជាប់​ចោទ អៀង ធីរិទ្ធ នេះ គាត់​មិន​ស្លាប់​ក្នុង​ការ​ឃុំឃាំង ឬ​មួយ​ក្នុង​មន្ទីរ​ឃុំឃាំង​របស់​តុលាការ។ ក៏ប៉ុន្តែ​តាម​យើង​ទទួល​បាន​ព័ត៌មាន គឺ​ខាង​មន្ត្រី​ជំនាញ ក៏​ដូចជា​ព្រះរាជអាជ្ញា​នៅ​ខេត្ត​ប៉ៃលិន គឺ​គាត់​បាន​ប្រមូល​ឯកសារ​ព័ត៌មាន​មួយ​ចំនួន ចងក្រង​ជា​ឯកសារ ដើម្បី​ជម្រាប​មក​កាន់​ព្រះរាជអាជ្ញា​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម»

ព័ត៌មាន​បឋម និង​ក្រៅ​ផ្លូវ​ការ​ឲ្យ​ដឹង​ថា ជន​ជាប់​ចោទ អៀង ធីរិទ្ធ ទទួល​មរណភាព​ដោយសារ​បញ្ហា​គាំង​បេះដូង​បន្ទាប់​ពី​សន្លប់​បាត់​ស្មារតី។

ស្រប​ពេល​ដែល​សហ​ព្រះរាជអាជ្ញា​រង់ចាំ​អនុវត្ត​តាម​នីតិវិធី និង​សេចក្ដី​សម្រេច​របស់​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង លោក នេត្រ ភក្ដ្រា មាន​ប្រសាសន៍​ថា ករណី​របស់​ជន​ជាប់​ចោទ អៀង ធីរិទ្ធ អាច​នឹង​បិទ​ដូច​ករណី​របស់ លោក អៀង សារី ដែរ៖ «យើង​ឃើញ​ហើយ ដូច​កាល​ពី​ពេល​កន្លង​ទៅ​ជាមួយ លោក អៀង សារី ដែល​ស្លាប់​បាត់បង់​ជីវិត​ស្ថិត​នៅ​ក្នុង​ការ​ឃុំឃាំង​ហ្នឹង គឺ​បន្ទាប់​ពី​ទទួល​បាន​របាយការណ៍​ពី​សហ​ព្រះរាជអាជ្ញា​មក គឺ​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង លោក​បាន​ចេញ​សេចក្ដី​សម្រេច​រំលត់​បណ្ដឹង​អាជ្ញា​ប្រឆាំង​គាត់ ក៏​ដូច​រំលត់​បណ្ដឹង​រដ្ឋប្បវេណី​ប្រឆាំង​គាត់​ដែរ»

រហូត​មក​ដល់​ពេល​នេះ ជន​ជាប់​ចោទ​នៅ​ក្នុង​សំណុំ​រឿង ០០២ នៅ​សល់​តែ ២​រូប​ទេ បន្ទាប់​ពី​មរណភាព​របស់​ជន​ជាប់​ចោទ អៀង សារី និង អៀង ធីរិទ្ធ។ ជន​ជាប់​ចោទ​ដែល​នៅ​រស់ ២​រូប​ទៀត គឺ​ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន កំពុង​ប្រឈម​នឹង​ការ​ជំនុំ​ជម្រះ​របស់​សាលា​ដំបូង ហើយ​ក៏​មាន​វ័យ​ចាស់​ជរា​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។