គ្រូ​បង្រៀន​១០០​នាក់​ចូល​រួម​បណ្ដុះ​បណ្ដាល​វិធីសាស្ត្រ​បង្រៀន​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម

គ្រូ​បង្រៀន​ចំនួន ១០០​នាក់ បាន​ទទួល​វគ្គ​បណ្ដុះ​បណ្ដាល​ស្ដី​ពី​វិធីសាស្ត្រ​ក្នុង​ការ​បង្រៀន​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ ដើម្បី​ជា​ទុន​យក​ទៅ​បង្រៀន​សិស្សានុសិស្ស។ លោកគ្រូ​អ្នកគ្រូ​បាន​សម្ដែង​ក្ដី​រីករាយ​ចំពោះ​វគ្គ​បណ្ដុះ​បណ្ដាល​នេះ ថា​នាំ​ឲ្យ​ពួក​គាត់​មាន​មូលដ្ឋាន​ក្នុង​ការ​បង្ហាត់​បង្រៀន​សិស្ស ដែល​មុខ​វិជ្ជា​មួយ​នេះ​ត្រូវ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ដាក់​បញ្ចូល​ក្នុង​កម្មវិធី​សិក្សា​រួច​ហើយ​នោះ។

0:00 / 0:00

មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​បើក​វគ្គ​បណ្ដុះ​បណ្ដាល​វិធីសាស្ត្រ​ក្នុង​ការ​បង្រៀន​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ ដល់​គ្រូ​បង្រៀន​ថ្នាក់​ទី​៩ និង​ថ្នាក់​ទី​១២ ឲ្យ​មាន​មូលដ្ឋាន​បន្ថែម​ក្នុង​ការ​បង្រៀន​សិស្ស​ពី​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​កម្ពុជា គឺ​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​ខ្មែរ​ក្រហម។

អ្នក​និពន្ធ​សៀវភៅ​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា លោក ឌី ខាំបូលី មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២២ ខែ​សីហា ថា វគ្គ​បណ្ដុះ​បណ្ដាល​រយៈពេល ៦​ថ្ងៃ អំពី​ប្រវត្តិសាស្ត្រ និង​វិធីសាស្ត្រ​នៃ​ការ​បង្រៀន​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ នៅ​សាលា​គរុកោសល្យ​វិក្រិតការ ខេត្ត​តាកែវ ដោយ​មាន​លោកគ្រូ​អ្នកគ្រូ​ចំនួន ១០០​នាក់ ពី​ខេត្ត​តាកែវ និង​ខេត្ត​កំពត។

លោក​ថា មជ្ឈមណ្ឌល​ដែល​បាន​ផ្ដល់​វគ្គ​បណ្ដុះ​បណ្ដាល​នេះ ក្នុង​បំណង​ជា​ការ​រួម​ចំណែក​ទប់ស្កាត់​កុំ​ឲ្យ​កើត​ឡើង​វិញ​នូវ​អំពើ​ប្រល័យ​ពូជសាសន៍​ក្នុង​ប្រទេស​កម្ពុជា ក៏​ដូច​ជា​នៅ​ក្នុង​ប្រទេស​ផ្សេងៗ​ទៀត​លើ​ពិភពលោក តាម​រយៈ​ការ​បង្រៀន​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ។ ក្រៅ​ពី​នេះ មជ្ឈមណ្ឌល​ក៏​ចង់​ចូលរួម​ចំណែក​ក្នុង​ការ​កសាង​សន្តិភាព និង​ផ្សះផ្សា​ជាតិ​នៅ​ក្នុង​សង្គម​ខ្មែរ។

លោក ឌី ខាំបូលី៖ «ដូច្នេះ ការ​រៀន​សូត្រ​នេះ គឺ​ឆ្លុះ​បញ្ចាំង​ទៅ​វិញ​នូវ​ប្រវត្តិសាស្ត្រ​យើង ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា យើង​ត្រូវ​តែ​ទទួល​ស្គាល់​នូវ​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ប្រទេស​យើង។ ហើយ​អំពើ​ប្រល័យ​ពូជ​សាសន៍ ជា​អំពើ​មួយ​ដែល​មាន​ភាព​ឃោរឃៅ​ក្ដី វា​ជា​ប្រវត្តិសាស្ត្រ​របស់​យើង ទាមទារ​ឲ្យ​យើង​សិក្សា​ស្វែង​យល់​ឲ្យ​បាន​ច្បាស់ ដើម្បី​ឲ្យ​យើង​ដឹង​ថា យើង​មាន​អតីតកាល​អី​ខ្លះ ហើយ​យើង​ធ្វើ​អ្វី​ខ្លះ​សម្រាប់​ពេល​បច្ចុប្បន្ន និង​ពេល​អនាគតកាល»

មន្ត្រី​ដដែល​បាន​ថ្លែង​ថា កាល​ពី​ឆ្នាំ​២០០០ បរិមាណ​នៃ​ការ​បង្រៀន​ពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ​មាន​ទំហំ​តិច។ ហើយ​ការ​បង្រៀន​របស់​លោកគ្រូ​អ្នកគ្រូ​មិន​ទាន់​បាន​ឆ្លង​កាត់​វគ្គ​បណ្ដុះ​បណ្ដាល​ផ្នែក​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ ក៏​ដូច​វិធីសាស្ត្រ​បង្រៀន ប៉ុន្តែ បាន​កែប្រែ​វិញ​បន្តិច​នៅ​ឆ្នាំ​២០១១ បន្ទាប់​ពី​ឆ្លង​កាត់​វគ្គ​បណ្ដុះ​បណ្ដាល​ជា​បន្តបន្ទាប់។

គ្រូ​បង្រៀន​មុខ​វិជ្ជា​ប្រវត្តិវិទ្យា ថ្នាក់​ទី​១២ នៃ​វិទ្យាល័យ​ព្រៃស្វាយ ស្រុក​ព្រៃកប្បាស ខេត្ត​តាកែវ លោកគ្រូ ថន ទ្រី បាន​ថ្លែង​ថា តាម​រយៈ​វគ្គ​បណ្ដុះ​បណ្ដាល​នេះ អាច​ជួយ​ឲ្យ​លោកគ្រូ​មាន​មូលដ្ឋាន​កាន់​តែ​រឹងមាំ​ក្នុង​ការ​បង្ហាត់​បង្រៀន​សិស្ស៖ «ក្រោយ​បញ្ចប់​វគ្គ​បណ្ដុះ​បណ្ដាល ខ្ញុំ​យល់​ថា ខ្ញុំ​ទទួល​បទ​ពិសោធន៍​ជា​ច្រើន​ក្នុង​ការ​យក​ទៅ​បង្រៀន​សិស្ស ក៏​ដូច​ជា​ខ្ញុំ​ទទួល​បាន​នូវ​វិធីសាស្ត្រ​ប្លែកៗ​នូវ​ការ​បង្រៀន ដែល​ធ្វើ​ឲ្យ​សិស្ស​ងាយ​យល់​ងាយ​ចាប់​បាន ហើយ​មាន​ចំណង់​ចំណូល​ចិត្ត​ក្នុង​ការ​រៀន ក៏​ដូច​ជា​ធ្វើ​ឲ្យ​សិស្ស​ហ្នឹង​ចង់​ដឹង​ចង់​យល់​អំពី​បរិបថ​ប្រវត្តិសាស្ត្រ ដែល​ប្រទេស​កម្ពុជា ធ្លាប់​ជួប​ប្រទះ​កាល​ពី​ពេល​កន្លង​មក»

ក្រសួង​អប់រំ យុវជន និង​កីឡា បាន​សហការ​ជាមួយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា កាល​ពី​ឆ្នាំ​២០០៨ ហើយ​ដៃគូ​ទាំង​ពីរ​នេះ គ្រោង​នឹង​សហការ​គ្នា ៤​ឆ្នាំ​បន្ត​ទៀត ដើម្បី​អនុវត្ត​នូវ​គម្រោង​បណ្ដុះ​បណ្ដាល​គ្រូ​នៅ​ទូទាំង​ប្រទេស អំពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម និង​វិធីសាស្ត្រ​បង្រៀន​នេះ។ កន្លង​មក ក្រសួង​អប់រំ បាន​កែប្រែ​សៀវភៅ​សិក្សា​សង្គម ថ្នាក់​ទី​៩ និង​ថ្នាក់​ទី​១២ ដើម្បី​ដាក់​បញ្ចូល​នូវ​ខ្លឹមសារ​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ។ ចំណែក​សៀវភៅ​មុខ​វិជ្ជា​សីលធម៌​ពលរដ្ឋ និង​សៀវភៅ​ភាសា​ខ្មែរ ក៏​មាន​បញ្ចូល​ខ្លឹមសារ​នេះ​ខ្លះ​ដែរ។ គ្រូ​បង្រៀន​មុខ​វិជ្ជា​ប្រវត្តិវិទ្យា​ទូទាំង​ប្រទេស​កម្ពុជា មាន​ប្រមាណ ១​ម៉ឺន​នាក់ ប៉ុន្តែ​មាន​គ្រូ​ជាង ២​ពាន់​នាក់​ប៉ុណ្ណោះ ដែល​ទទួល​វគ្គ​បណ្ដុះ​បណ្ដាល​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។