អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម បន្តធ្វើសវនាការស្ដាប់សក្ខីកម្មរបស់អតីតប្រធានមន្ទីរសន្តិសុខ ស-២១ ឬគុកទួលស្លែង ចូលដល់ថ្ងៃទី៣ ហើយ នៅថ្ងៃទី៩ ខែមិថុនា។ សាក្សីដែលជាអតីតប្រធានគុកទួលស្លែង គឺ កាំង ហ្កេកអ៊ាវ ហៅ ឌុច មិនទទួលស្គាល់ឧបករណ៍ធ្វើទារុណកម្មខ្លះដែលមានតាំងនៅសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង សព្វថ្ងៃនេះទេ។
សាក្សី ឌុច ប្រាប់អង្គជំនុំជម្រះនៃសាលាដំបូងនៅថ្ងៃទី៩ ខែមិថុនា ថា ឧបករណ៍ធ្វើទារុណកម្មអ្នកទោសនៅមន្ទីរ ស-២១ ឬគុកទួលស្លែងខ្លះ លោកមិនធ្លាប់ឃើញមានទេ ពេលដែលលោកធ្វើជាប្រធានគុកនោះ។
ការថ្លែងរបស់សាក្សី ឌុច បែបនេះ គឺនៅពេលលោករៀបរាប់ពីវិធីធ្វើទារុណកម្ម និងទទួលស្គាល់ឧបករណ៍ខ្លះ ដែលលោកនៅចាំ។ លោកចាត់ទុកឧបករណ៍ធ្វើទារុណកម្មនៅគុកទួលស្លែងខ្លះថា ជាការបង្កើតឡើងឡើងក្រោយរបបខ្មែរក្រហមដួលរលំ៖ « អាពូថៅមុខពីរហ្នឹង ខ្ញុំបានអាហ្នឹងជាងគេ ដូចគេដាក់តាំងបង្ហាញអាហ្នឹង។ ឯចំណែក ឧបករណ៍ប្រឌិត ក្រោយទៀត មានដូចជា ធុងជ្រលក់ទឹកក្បាលទៅក្នុងអាងទឹកហ្នឹង ជាឧបករណ៍ប្រឌិតក្រោយថ្ងៃ ៧ មករា ( ឆ្នាំ១៩៧៩ ) ហើយអាព្យួរជើងឡើងលើហ្នឹង អាប៉ូតូសម្រាប់ឡើងគួកអីនោះ ក៏ជាឧបករណ៍ប្រឌិត ជា សេចក្ដីរាយការណ៍ ប្រឌិតរបស់ វ៉ាន់ ណាត » ។
លោកថា ឧបករណ៍ធ្វើទារុណកម្មទាំងនោះ គឺអ្នកសួរចម្លើយរកដោយខ្លួនឯង ហើយឧបករណ៍ខ្លះត្រូវបានប្រើប្រាស់ឯឧបករណ៍ខ្លះទៀតគ្រាន់តែយកមកសម្លុតអ្នកទោសប៉ុណ្ណោះ។
លោកថ្លែងបញ្ជាក់ថា អ្នកទោសនៅមន្ទីរ ស-២១ ឬគុកទួលស្លែង ដែលឆ្លងកាត់ការសួរចម្លើយ ច្រើនតែចៀសមិនរួចនឹងការរងទារុណកម្មទេ។ ការធ្វើទារុណកម្មអ្នកទោសនៅគុកទួលស្លែងនោះ សុទ្ធតែមានការអនុញ្ញាតពីមេដឹកនាំថ្នាក់លើ ដូចជាពីថ្នាក់អគ្គសេនាធិការកងទ័ព លោក សុន សេន និងថ្នាក់គណៈមជ្ឈិម គឺជនជាប់ចោទ នួន ជា។
លោក ឌុច ប្រាប់អង្គជំនុំជម្រះថា លោកជាអ្នកបង្រៀនពីវិធីសួរចម្លើយដល់កម្មាភិបាលសួរចម្លើយនៅគុកទួលស្លែង។ វិធីធ្វើទារុណកម្មនោះ គឺប្រើតាំងពីពេលលោកនៅគុក ម-១៣ អមលាំង ខេត្តកំពង់ស្ពឺ តាមការណែនាំរបស់មេលោកឈ្មោះ វន វ៉េត៖ « វិធីសួរចម្លើយ ស្លូត កាច អង្កៀម។ ទីមួយខ្ញុំធ្លាប់តែវាយទេ។ ដល់ក្រោយមកជួបបង វនៗ គាត់ប្រាប់ថា មិត្ត ឌុច ខ្ញុំគ្មានពេលជួយមិត្តទេ។ ប៉ុន្តែយួន វាវិទ្យាសាស្ត្របន្តិចដែរ។ អ្នកទោសវាស្ទាបជីពចរត្រង់នេះ ( ក ) អ្នកភ័យ អ្នកណាមិនភ័យ ហើយទីបី ទារុណកម្មវាមិនធ្វើទេ វាគ្រប ស្បោងប្លាស្ទិក ។ ឯវិធីឆក់ខ្សែភ្លើងនេះ ណាត ចូលចិត្តណាស់។ គាត់យកទូរស័ព្ទ ជ្រុងៗរបស់ អាមេរិក រវៃដៃហ្នឹង ។ ឯវិធីសាស្ត្រគ្របក្រមាជ្រមុជទឹក នេះជាវិធីប៉ូលិសរបស់ លន់ នល់ ធ្វើទារុណកម្មខ្មែរក្រហម ប៉ុន្តែគោលការណ៍មួយ អ្នកសួរចម្លើយរូបណាដែលហ៊ានតែធ្វើទារុណកម្មអ្នកទោសសំខាន់ឲ្យស្លាប់ដាច់ចម្លើយ អ្នកឯងទទួល ខុសត្រូវ ខ្លួនឯង គឺសុំច្បាប់ចាប់ភ្លាមឥឡូវហ្នឹង » ។
កម្មាភិបាលឈ្មោះ វន វ៉េត ទីបំផុត ក៏ត្រូវស្លាប់ដោយប្រព័ន្ធសន្តិសុខ ឬហៅថា សន្តិបាលដែលលោកណែនាំឱ្យធ្វើទារុណអ្នកទោសនោះដែរ។
អតីតប្រធានគុកទួលស្លែង កាំង ហ្កេកអ៊ាវ ហៅ ឌុច ឱ្យដឹងថា អ្នកទោសដែលគេចាប់ចូលទៅគុកទួលស្លែងច្រើន គឺនៅពេលចាប់ផ្ដើមការបោសសម្អាតផ្ទៃក្នុង បន្ទាប់ពីមានចម្លើយសារភាពរបស់ប្រធានភូមិភាគឧត្ដរឈ្មោះ កុយ ធួន។ លោកថា អ្នកទោសក្នុងបញ្ជីប្រតិបត្តិការនៅ ស-២១ មានចំនួន ១២.៧០០នាក់។ លោកថា មានអ្នកទោសខ្លះត្រូវបានឃុំធ្វើទារុណកម្មសួរចម្លើយយូរ អ្នកខ្លះសួរតិចមុនយកទៅសម្លាប់។ ប៉ុន្តែមានអ្នកទោសជាច្រើននាក់ទៀត ដែលគេមិនបានសួរចម្លើយច្រើន ហើយយកទៅសម្លាប់តែម្ដង។
លោក ឌុច អះអាងជាថ្មីថា ជនជាប់ចោទ នួន ជា ជាអ្នកបញ្ជាឱ្យសម្លាប់ជនបរទេស ៤នាក់ ដោយដុតនឹងកៅស៊ូកង់ឡានឱ្យសុស ដើម្បីកុំឱ្យសល់ភស្តុតាង។ សាក្សី ឌុច នឹងបន្តសក្ខីកម្មទៀត នៅថ្ងៃចន្ទ ទី១៣ មិថុនា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
