អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម បន្តធ្វើសវនាការស្ដាប់សក្ខីកម្មរបស់អតីតប្រធានមន្ទីរសន្តិសុខ ស-២១ ឬគុកទួលស្លែង ឈ្មោះ កាំង ហ្កេកអ៊ាវ ហៅ ឌុច នៅថ្ងៃទី៨ ខែមិថុនា។ សាក្សី ឌុច អះអាងថា ជនជាប់ចោទ នួន ជា បានបញ្ជាឱ្យសម្លាប់អ្នកទោសនៅមន្ទីរ ស-២១ ឬគុកទួលស្លែង។
ការផ្ដល់សក្ខីកម្មចូលដល់ថ្ងៃទី២ សាក្សី ឌុច ថ្លែងប្រាប់អង្គជំនុំជម្រះសាលាដំបូងថា អតីតអនុលេខាបក្សកុម្មុយនិស្តកម្ពុជា គឺជនជាប់ចោទ នួន ជា ជាអ្នកបញ្ជាលោកផ្ទាល់ឱ្យសម្លាប់អ្នកទោសនៅគុកទួលស្លែង៖ «ក្នុងចន្លោះពីថ្ងៃ១ ដល់ថ្ងៃ ៣ មករា ពូ នួន (នួន ជា) ហៅខ្ញុំទៅប្រាប់ឱ្យដកទាំងអស់។ មានន័យថា ទាំងក្មេងទាំងចាស់។ ការសម្រិតសម្រាំងក្នុងកិច្ចដំណើរការហ្នឹង ខ្ញុំបញ្ជាតាមការណែនាំរបស់ពូ នួន ឱ្យកម្ទេចចោលឱ្យអស់មុនពេលដែលយួនចូល ហើយពេលហ្នុងខ្ញុំសុំតែ ៤នាក់ទេទុក។ ក៏ប៉ុន្តែ ពេលសវនាការនេះ ស្រាប់តែលេចចេញ នង ចាន់ផល មួយមកធ្វើសក្ខីកម្មថា ខ្លួនជាក្មេងកំព្រា។ ដូច្នេះ ការវិភាគ និងការសន្និដ្ឋានរបស់ខ្ញុំ ខ្ញុំបញ្ជាច្បាស់ទៅឱ្យមិត្ត ហ៊ ធ្វើ។ ដូច្នេះស្រាប់លេងចេញក្មេងបីនាក់នៅសល់។ វាមានការឆកល្វែងអ៊ីចឹងក្នុងការអនុវត្ត។ គ្នាអ្នកខាងក្រោមក៏ពិបាកនឹងអនុវត្តន៍ដែរ ហើយខ្ញុំសួរថា អស់ហើយ ឬនៅ? គាត់ថាអស់ហើយ»។
លោក ឌុច ក៏បញ្ជាក់ដែរថា ជនជាប់ចោទ នួន ជា ជាអ្នកបញ្ជាឱ្យចាប់ប្រពន្ធកម្មាភិបាលជាន់ខ្ពស់នៃបក្សកុម្មុយនិស្តកម្ពុជា ដែលត្រូវបានចោទប្រកាន់ថា ក្បត់ ដូចជា ប្រពន្ធ វន វ៉េត និង ចេង អន ជាដើម។ លោកថា គោលការណ៍ណែនាំឱ្យអនុវត្តរបស់បក្សកុម្មុយនិស្តកម្ពុជា កាលណានរណាម្នាក់ត្រូវគេចោទថា ជាជនក្បត់បក្ស សមាជិកគ្រួសាររបស់អ្នកនោះទាំងអស់ ក៏ត្រូវគេសម្លាប់ដែរ ព្រោះតែខ្លាចមានការសងសឹកទៅថ្ងៃក្រោយ។ ការសម្លាប់បែបនេះ គឺចាប់ផ្ដើមអនុវត្តតាំងពីជំនាន់កម្មាភិបាលឈ្មោះ វន វ៉េត និងលោកនៅកាន់គុកឃុំអមលាំង ខេត្តកំពង់ស្ពឺ ហើយរហូតពេញមួយរបបកម្ពុជាប្រជាធិបតេយ្យ។
ឌុច៖ «កូន និងប្រពន្ធអ្នកមានទោស គេចាត់ទុកដូចជាអ្នកមានទោសអ៊ីចឹង គឺត្រូវតែកម្ទេច។ បើមិនមានសារសំខាន់អីចាំបាច់ត្រូវសួរចម្លើយទេ គេកម្ទេចហើយ។ កុំថាតែកូន ថាច់ ជា ដែលគាតជាធ្វើរដ្ឋមន្ត្រីរបស់ លន់ នល់ សូម្បីតែកូនបង វន។ តួនាទីរបស់ វន វ៉េត មិនស្ទើរទេ ជាអចិន្ត្រៃយ៍មជ្ឈិមបក្ស ហើយជាឧបនាយករដ្ឋមន្ត្រី នៅពេលដែលគេចាប់បង វន បង វិន ក៏គេចាប់។ ដូច្នេះ គោលការណ៍ឱ្យតែម៉ែឪក្បត់ កូនក៏គេយកទៅ។ និយាយឱ្យចំ ឱ្យតែមេគ្រួសារជាមនុស្សប្រុសក្បត់ហើយ គេចាប់ហើយ ប្រពន្ធក៏គេយកទៅ កូនក៏យកទៅ»។
សាក្សី ឌុច បញ្ជាក់បន្ថែមលើកសាក្សីមុនៗ ថា នរណាក៏ដោយ ឱ្យតែត្រូវគេចាប់ចូលទៅក្នុងមន្ទីរស-២១ គេត្រូវសម្លាប់ទាំងអស់មិនដែលដោះលែងវិញទេ លើកលែងតែអ្នកទោសខ្លះគេទុកប្រើបណ្ដោះអាសន្នសិន។
លោកឱ្យដឹងថា ទីតាំងសម្លាប់អ្នកទោស កាលពីក្នុងរបបខ្មែរក្រហមនោះ មាននៅជើងឯក មន្ទីរពេទ្យតាខ្មៅ និងជុំវិញសាលាពញាយ៉ាត ដែលគេយកធ្វើជាមន្ទីរស-២១។ មនុស្សចាស់ត្រូវគេសម្លាប់នៅជុំវិញសាលាពញាយ៉ាត ឬគុកទួលស្លែង ពេលបន្ទាន់មានអ្នកទោសថ្មីចូល។ រីឯកុមារ គេសម្លាប់នៅជើងឯក។ សាក្សី ឌុច នឹងត្រូវផ្ដល់សក្ខីកម្មបន្តទៀត នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែមិថុនា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
