សាក្សី​ថា​ធ្លាប់​ទទួល​បញ្ជា​ចាប់​កម្មករ​ក្នុង​កង​ចល័ត​ការដ្ឋាន​អាង​ត្រពាំង​ថ្ម

0:00 / 0:00

អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម នៅ​ថ្ងៃ​អង្គារ ទី​១១ សីហា បាន​ស្ដាប់​សក្ខីកម្ម​សាក្សី​ទី​៤ ទាក់ទង​នឹង​អង្គ​ហេតុ​ការដ្ឋាន​ធ្វើ​ទំនប់​អាង​ត្រពាំង​ថ្ម នៅ​ខេត្ត​បន្ទាយមានជ័យ ដដែល។ សាក្សី​ទី​៤ ឈ្មោះ ឡត សួយ អតីត​ជា​យោធា​ដាច់​ខាត​មួយ​រូប​នៃ​កងពល​លេខ​៥១៣ ក្នុង​តំបន់​៥ ភូមិ​ភាគ​ពាយ័ព្យ។

សាក្សី ឡត សួយ ក៏​ជា​កង​ឈ្លប​មួយ​រូប​ដែល​យាម​នៅ​ទំនប់​អាង​ត្រពាំង​ថ្ម នោះ ជម្រាប​អង្គ​ជំនុំ​ជម្រះ​ថា លោក​ធ្លាប់​ទទួល​បញ្ជា​ពី​ថ្នាក់​លើ​ឲ្យ​ចាប់​កម្មករ​ក្នុង​កង​ចល័ត​ដែល​រត់​គេច​ពី​ការដ្ឋាន៖ «ខ្ញុំ​ដើរ​ធ្វើ​ការ​ទៅ​មាន​គេ​ទាក់ទង​ឲ្យ​ចាប់ ឬ​បង​ប្អូន​ដែល​រត់​ទៅ​ចំ​ពួក​ខ្ញុំ ខ្ញុំ​ក៏​ចាប់​ទៅ។ ចាប់​បាន ក៏​បញ្ជូន​ទៅ​តាម​កង​តាម​ក្រុម​របស់​គេ​វិញ (ដើម្បី) ឲ្យ​មេ​កង​មេ​ក្រុម​គេ​ដោះស្រាយ​ពី​រឿង​កូន​ចៅ​របស់​គេ។ បទបញ្ជា​នេះ គឺ​មក​ពី​តា ណាក គាត់​បញ្ជា​ប្រាប់​ថា​កង​ចល័ត​រត់ បាន​ពួក​ខ្ញុំ​ដើរ​ធ្វើ​ការ​តាម​ទំនប់​ចាប់​បាន បាន​បញ្ជូន​ទៅ​ឲ្យ​ថ្នាក់​លើ​គេ​ដោះស្រាយ​វិញ។ ប្រគល់​ទៅ​ឲ្យ​កង​វរៈ​កង​ចល័ត​របស់​គេ។ អា​រឿង​កាប់​សម្លាប់​នៅ​អាង​ត្រពាំង​ថ្ម​នេះ គឺ​ខ្ញុំ​យល់​អត់​ដល់ ពីព្រោះ​អត់​មែន​ភារកិច្ច​របស់​ពួក​ខ្ញុំ»

សាក្សី​ថ្លែង​ថា តា ណាក ជា​មេ​បញ្ជាការ​រង​កង​ពល​ធំ​របស់​លោក​នៅ​ការដ្ឋាន​ការងារ​ទំនប់​អាង​ត្រពាំង​ថ្ម ដែល​នៅ​ក្រោម​ការ​គ្រប់គ្រង​រួម​របស់ តា វ៉ាល់។ សាក្សី​រូប​នេះ ពិពណ៌នា​អំពី តា វ៉ាល់ ថា ជា​មនុស្ស​ម៉ឺងម៉ាត់ ដែល​បញ្ជា​អ្វី​ត្រូវ​តែ​ធ្វើ​ឲ្យ​កើត​ដូច​បញ្ជា។ លោក​បញ្ជាក់​ថា ទាំង​លោក និង​កម្មករ​ក្នុង​កង​ចល័ត ខ្លាច​មិន​ដែល​ហ៊ាន​មើល​មុខ តា វ៉ាល់ ទេ។

លោក ឡត សួយ ឲ្យ​ដឹង​ថា កម្មករ​កង​ចល័ត​នៅ​ការដ្ឋាន​ទំនប់​អាង​ត្រពាំង​ថ្ម ធ្វើ​ការ​ធ្ងន់ ហើយ​មិន​មាន​អាហារ​គ្រប់គ្រាន់​ទេ។ អ្នក​ខ្លះ​បាក់​កម្លាំង​ឈឺ​ស្លាប់៖ «ដែល​ហូប​មិន​ដិត​ដល់ អ្នក​ខ្លះ​ក៏​ហូប​ផ្សិត​ពុល ហូប​ស្មៅ​ហូប​អី ច្រឡំ​ថា​ដើម​ហូប​កើត ស្ល​ទៅ​ក៏​ពុល។ សម្បូរ​ជំងឺ​ច្រើន សម្បូរ​ហើម។ ការ​ដែល​គ្នា​ស្គម​ខ្លាំង​នោះ​ដោយសារ​អ្នក​ខ្លះ​ដែល​គេ​នៅ​កង​ពិសេស ខំ​រែក​ទៅ ដូចជា​ហ្វូង​នារី ដែល​ប្រឹង​រែក​យក​គុណ​សម្បត្តិ​ធំ ប្រឹង​ទៅ​ដាច់​សរសៃ​ចំឡក​ងាប់​ក៏​មាន។ អ្នក​ខ្លះ​កង​ថ្មើរ​ជើង​នោះ​គ្នា​ហូប​មិន​បាន​ដិតដល់ ក៏​ហើម​ស្គម។ អ្នក​ខ្លះ​ដើរ​អត់​រួច។ ក្បាល​ជង្គង់​ធំ​ជាង​ក្បាល​ទៀត។ សុំ​ថ្នាំ​គេ​លេប គេ​ឲ្យ​ថ្នាំ​អាចម៍​ទន្សាយ ម្ដេច​នឹង​បាត់?»។

បន្ទាប់​ពី​ការ​ចាប់​ខ្លួន​កម្មករ​កង​ចល័ត លោក ឡត សួយ ថ្លែង​ថា កម្មាភិបាល​ថ្នាក់​លើ​របស់​គាត់ ក៏​ត្រូវ​ចាប់ ឬ​បាត់​ខ្លួន​ដែរ នៅ​ពេល​ដែល​ពួក​កម្មាភិបាល​និរតី​ចូល​ទៅ​គ្រប់គ្រង​នៅ​តំបន់​នោះ។ លោក​បន្ត​ថា ពួក​និរតី​ចោទ​កម្មាភិបាល​ភូមិ​ភាគ​ពាយ័ព្យ​ថា ជា​អ្នក​ក្បត់​អង្គការ ហើយ​ហៅ​ទៅ​រៀន​សូត្រ និង​បាត់​ខ្លួន​រហូត។ សហ​ព្រះរាជអាជ្ញា​បង្ហាញ​ឯកសារ​ដែល​បន្សល់​ទុក​នៅ​គុក​ទួល​ស្លែង ថា ឈ្មោះ ហុន ហៅ វ៉ាល់ និង​កម្មាភិបាល​មួយ​ចំនួន​ទៀត ត្រូវ​បាន​គេ​ចាប់​ចូល​មក​មន្ទីរ​សន្តិសុខ ស-២១ ឬ​គុក​ទួល​ស្លែង នៅ​ចុង​ខែ​មិថុនា ឆ្នាំ​១៩៧៧។ សាក្សី ឡត សួយ មាន​ប្រសាសន៍​ថា លោក​ក៏​ត្រូវ​ចាប់​ខ្លួន​ដែរ៖ «ពេល​គេ​ចាប់​ជួរ​កម្មាភិបាល​អស់ ពួក​ខ្ញុំ​ក៏​បែក​គ្នា។ ខ្ញុំ​រត់​ទៅ​លេង​ផ្ទះ បាន​ពួក​និរតី​គេ​ចាប់​ខ្ញុំ ខ្ញុំ​ក៏​វាយ​គេ​បាន​ចេញ​រត់​រួច»

អាង​ត្រពាំង​ថ្ម ស្ថិត​នៅ​ក្នុង​ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយមានជ័យ។ ការដ្ឋាន​នេះ ជា​អង្គ​ហេតុ​ធ្វើ​ការងារ​ដោយ​បង្ខំ​ចុង​ក្រោយ ដែល​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង សម្រេច​លើក​យក​មក​ធ្វើ​សវនាការ​ក្នុង​សំណុំ​រឿង​លេខ​០០២ វគ្គ​២ ប្រឆាំង​នឹង​ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន។

អង្គ​ជំនុំ​ជម្រះ នឹង​បន្ត​សវនាការ​ស្ដាប់​សក្ខីកម្ម​របស់​សាក្សី ឡត សួយ បញ្ចប់​នៅ​ថ្ងៃ​ពុធ ទី​១២ សីហា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។