សាក្សី​ទី​៧​បញ្ជាក់​ពី​ការ​សម្លាប់​មនុស្ស​នៅ​ការដ្ឋាន​ធ្វើ​ទំនប់​អាង​ត្រពាំង​ថ្ម

0:00 / 0:00

អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ពុធ ទី​១៩ សីហា បាន​បញ្ចប់​ការ​ស្ដាប់​សក្ខីកម្ម​របស់​សាក្សី​ឈ្មោះ ឈុំ សេង ហើយ​ចាប់​ផ្ដើម​ស្ដាប់​សក្ខីកម្ម​សាក្សី​ទី​៧ ទាក់ទង​នឹង​អង្គ​ហេតុ​ការដ្ឋាន​ធ្វើ​ទំនប់​អាង​ត្រពាំង​ថ្ម ខេត្ត​បន្ទាយមានជ័យ ដដែល។ សាក្សី​ទី​៧ ឈ្មោះ តក់ ប៊ុយ អតីត​ជា​ប្រធាន​កង​តូច​នៃ​ពលករ​កង​ចល័ត​នៅ​ការដ្ឋាន​នោះ។

សាក្សី តក់ ប៊ុយ អះអាង​ចំពោះ​មុខ​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​ថា លោក​បាន​ឃើញ​សាកសព​របស់​ពលករ​កង​ចល័ត​ជាច្រើន នៅ​ពេល​ដែល​លោក​លើក​ដី​នៅ​ការដ្ឋាន​ធ្វើ​ទំនប់​អាង​ត្រពាំង​ថ្ម៖ «រឿង​សាកសព​ចល័ត​នោះ​មាន ដូច្នេះ​នៅ​ខ្នង​ទំនប់​អាង​ក៏​មាន​សាកសព នៅ​ខាង​ក្រោម​អាង​ក៏​មាន នៅ​ក្នុង​អាង​លើ​អាង​នោះ​ក៏​មាន​សាកសព គេ​កាប់​សម្លាប់ ដោយ​ជីក​មួយ​ចប​ទៅ​គេ​កប់​ចោល​នៅ​ពេល​យប់ ដោយ​យើង​អត់​ដឹង​ថា គេ​មាន​ទោស​កំហុស​អី​ទេ ស្រាប់​តែ​បាត់​ខ្លួន។ គេ​សម្លាប់​ចោល ដល់​ពេល​យើង​រែក​ដី​ទៅ​លើ​ទំនប់​ទៅ ឃើញ​ល្អេកល្អោកៗ គឺ​សន្និដ្ឋាន​ថា គេ​វាយ​ចោល​យប់​មិញ​ហើយ។ បើ​និយាយ​ទៅ​ថា​រាប់​មិន​អស់​ទេ។ ច្រើន​ទាំង​ក្រោម​អាង​កណ្ដាល​វាល ហើយ​និង​ក្នុង​អាង​ក៏​មាន។ តា វ៉ាល់ កាច​សាហាវ ហើយ​ការ​កាប់​សម្លាប់​នៅ​ការដ្ឋាន​អាង​ត្រពាំង​ថ្ម គឺ​មាន​តែ តា វ៉ាល់ ជា​មេ​ឃាតក»

ទោះ​ជា​បែប​នេះ​ក្ដី លោក​មាន​ប្រសាសន៍​នៅ​ក្នុង​សវនាការ​ថា លោក​មិន​ដែល​ឃើញ​ពួក​ខ្មែរ​ក្រហម​សម្លាប់​មនុស្ស​ដោយ​ផ្ទាល់​ទេ។ លោក​បញ្ជាក់​ថា មិន​មាន​ពលករ​កង​ចល័ត​ណា​ម្នាក់​បាត់​ខ្លួន​ទេ នៅ​ក្នុង​កង​របស់​លោក។ ប៉ុន្តែ​លោក​ឲ្យ​ដឹង​ថា មនុស្ស​ខ្លះ​ក្រៅ​កង​របស់​លោក បាន​បាត់​ខ្លួន​រហូត បន្ទាប់​ពី​គេ​ដក​ពី​អង្គភាព​មួយ​ទៅ​អង្គភាព​មួយ ឬ​ពី​កន្លែង​ធ្វើ​ការ​មួយ ទៅ​កន្លែង​មួយ​ទៀត។

ករណី​ផ្លាស់​មនុស្ស​បែប​នេះ ត្រូវ​បាន​សាក្សី តក់ ប៊ុយ ថ្លែង​ថា បាន​កើត​ឡើង​នៅ​ឯ​សហករណ៍​របស់​លោក គឺ​នៅ​ពេល​ដែល​គេ​ប្រមូល​ជនជាតិ​ចិន និង​វៀតណាម៖ «គេ​ចាប់​ជនជាតិ​ចិន និង​វៀតណាម ទាំង​ប្រពន្ធ និង​កូន។ ប្ដី​គេ​ចាប់​ទៅ​មុន ប៉ុន្តែ​ក្រោយ​មក​បាន​គេ​ប្រមូល​ប្រពន្ធ និង​កូន។ គេ​ថា ផ្លាស់​ទីលំនៅ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ។ មិន​ដឹង​គេ​យក​ទៅ​កន្លែង​ណា ស្រាប់​តែ​បាត់​ខ្លួន​តែ​ម្ដង។ ដូច​នេះ បាន​ជា​សន្និដ្ឋាន​ថា ប្រហែល​ជា​យក​ទៅ​សម្លាប់​ចោល។ គេ​ដឹក​ជញ្ជូន​ទៅ​ដោយ​ឡាន​អាមេរិកាំង»

លោក តក់ ប៊ុយ ថ្លែង​ថា ការ​កាប់​សម្លាប់​ពលករ​កង​ចល័ត​នោះ គឺ​កើត​ឡើង​នៅ​ក្នុង​អំឡុង​ពេល​នៃ​ការ​គ្រប់គ្រង​របស់​កម្មាភិបាល​ភូមិ​ភាគ​ពាយ័ព្យ ឈ្មោះ តា វ៉ាល់។ តា វ៉ាល់ ត្រូវ​បាន​សាក្សី​ជា​អតីត​ប្រធាន​កង​ធំ​មួយ​រូប ឈ្មោះ ឈុំ សេង អះអាង​ថា ជា​អ្នក​បញ្ជា​ឲ្យ​សម្លាប់​ពលករ​កង​ចល័ត ១១​នាក់ ដែល​មិន​ទៅ​រែក​ដី​ធ្វើ​ទំនប់។

លោក តក់ ប៊ុយ ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី​មួយ​រូប​នៅ​ក្នុង​សំណុំ​រឿង​០០៤ ដែល​ទាក់ទង​នឹង​ការ​កាប់​សម្លាប់​នៅ​តំបន់ ៥ ក្នុង​ខេត្ត​បន្ទាយមានជ័យ ក្រោម​ការ​គ្រប់គ្រង​របស់​កម្មាភិបាល​ភូមិ​ភាគ​និរតី។ ប៉ុន្តែ​តាម​ការ​ស្នើសុំ​របស់​មេធាវី​ដើម​បណ្ដឹង​រដ្ឋប្បវេណី លោក តក់ ប៊ុយ ត្រូវ​បាន​សាលា​ដំបូង​កោះ​ហៅ​មក​ជា​សាក្សី​នៅ​ក្នុង​សំណុំ​រឿង​០០២ វគ្គ​២ នេះ។

សាក្សី តក់ ប៊ុយ នឹង​មក​ផ្ដល់​សក្ខីកម្ម​បន្ត​ទៀត នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២០ សីហា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។