ក្នុងអនុស្សរណៈផ្ញើជូនប្រធានតុលាការកំពូលនៃសាលាក្ដីខ្មែរក្រហម លោក គង់ ស៊្រីម នៅថ្ងៃទី២០ វិច្ឆិកា ប្រធានរដ្ឋបាលស្ដីទី លោក ក្រាញ់ តូនី និងអនុប្រធាន គឺលោក ឃ្នុត រ៉ូសិនហក (Knut Rosandhaug) បានសរសេរថា ផ្នែករដ្ឋបាលសាលាក្ដីបញ្ជាក់ជំហរថា បន្ទាប់ពីបានពិនិត្យលើទំនាក់ទំនងផ្នែករដ្ឋបាល និងថវិកា ស្ដីពីការបង្កើតក្រុមប្រឹក្សាជំនុំជម្រះទី២ រួចមក ផ្នែករដ្ឋបាល ត្រៀមខ្លួនរួចស្រេចហើយដើម្បីគាំទ្រសេចក្ដីសម្រេចរបស់តុលាការកំពូល ឬសាលាដំបូង ដើម្បីបញ្ចប់នីតិវិធីក្នុងសំណុំរឿងលេខ០០២។
ការប្រកាសរបស់ផ្នែករដ្ឋបាលនេះ គឺយោងតាមការសម្រេចរបស់តុលាការកំពូល កាលពីថ្ងៃទី២៣ កក្កដា ដែលបង្គាប់ឱ្យផ្នែករដ្ឋបាលរកលទ្ធភាពបង្កើតក្រុមប្រឹក្សាជំនុំជម្រះទី២ នៅក្នុងសាលាដំបូង ដើម្បីជំនុំជម្រះសំណុំរឿងលេខ០០២ វគ្គទី២ ដោយមិនចាំបាច់រង់ចាំរហូតបញ្ចប់សាលដីកាវគ្គទី១។ ទោះជាដូច្នេះក្ដី គោលបំណងចាប់ផ្ដើមវគ្គទី២ ឱ្យបានឆាប់នៅពេលដែលវគ្គទី១ មិនទាន់បានបញ្ចប់ គឺនៅតែជាមន្ទិលមួយនៅឡើយសម្រាប់ផ្នែករដ្ឋបាល។
នៅក្នុងសំណុំរឿងលេខ០០២ វគ្គទី១ ដែលមានជនជាប់ចោទ នួន ជា និង ខៀវ សំផន សាលាដំបូងបានជំនុំជម្រះលើបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ទាក់ទងនឹងការជម្លៀសពលរដ្ឋដោយបង្ខំ និងការសម្លាប់អតីតមន្ត្រី និងទាហាន លន់ នល់។
អង្គជំនុំជម្រះសាលាដំបូង គ្រោងនឹងបើកកិច្ចប្រជុំមួយ នៅថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែធ្នូ ដើម្បីពិភាក្សាគ្នាអំពីនីតិវិធីសម្រាប់ជំនុំជម្រះសំណុំរឿងលេខ០០២ វគ្គទី២៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
