អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម នៅថ្ងៃទី១ មេសា បន្តស្ដាប់សក្ខីកម្មដើមបណ្ដឹងរដ្ឋប្បវេណីចំនួន ២រូប ដែលរងការឈឺចាប់ដោយសាររបបខ្មែរក្រហម។
ដើមបណ្ដឹងរដ្ឋប្បវេណីចំនួន ២រូបនេះ គឺមកពីខេត្តតាកែវ ដូចគ្នា ម្នាក់ឈ្មោះ តាក់ សាន់ បានជម្រាបអង្គជំនុំជម្រះសាលាដំបូងថា អ្នកស្រីបាត់បង់ប្ដីរហូតមកដល់សព្វថ្ងៃ បន្ទាប់ពីខ្មែរក្រហមបញ្ជាឲ្យទៅដឹកស្រូវ។
ដោយឡែកដើមបណ្ដឹងរដ្ឋប្បវេណី ១រូបទៀត ឈ្មោះ អៀម យ៉េន ថ្លែងថា អ្នកស្រីរងការឈឺចាប់ខ្លាំងនៅក្នុងរបបនោះ ដោយសារតែពួកខ្មែរក្រហមចាប់ចងអ្នកស្រី ហើយកប់ដី ពេលអ្នកស្រីលួចរត់ទៅជួបឪពុកម្ដាយ៖ «ខ្ញុំលួចរត់មកអ៊ីចឹង គេតាមមកចាប់ខ្ញុំយកទៅ គេវាយខ្ញុំ ហើយគេជីកដីកប់។ គេកប់ខ្ញុំរយៈពេលប្រហែលជាពីរ ឬបីម៉ោងអ៊ីចឹង ហើយគេព្រមានខ្ញុំថា នាងឯងឈប់ធ្វើអ៊ីចឹងទៀត ធ្វើអ៊ីចឹងទៀត ថ្ងៃក្រោយគេសម្លាប់ហើយ។ នាងខ្ញុំស្រេកទឹក បាយក៏ឃ្លាន រាងកាយខ្ញុំដែលគេកប់ខ្ញុំដកដង្ហើមមិនចង់រួច ខ្ញុំសឹងតែស្លាប់។ ខ្ញុំស្រែកហៅម៉ែៗក៏មិនឃើញមកជួយ ឪៗក៏មិនឃើញមកជួយ។ ដល់អ៊ីចឹងខ្ញុំថា ខ្ញុំគ្មានសេចក្ដីសុខទេ គឺមានតែសេចក្ដីទុក្ខប៉ុណ្ណឹង»។
សក្ខីកម្មដើមបណ្ដឹងរដ្ឋប្បវេណី អៀម យ៉េន នៅមិនទាន់បញ្ចប់ទេ ហើយអង្គជំនុំជម្រះនឹងបន្តស្ដាប់ដើមបណ្ដឹងរូបនេះទៀតនៅព្រឹកថ្ងៃទី២ មេសា។ បន្ទាប់ពី អ្នកស្រី អៀម យ៉េន អង្គជំនុំជម្រះក៏នឹងស្ដាប់សក្ខីកម្មដើមបណ្ដឹងចំនួន ៣រូបទៀតដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
