អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម នៅថ្ងៃទី២១ មេសា ចាប់ផ្ដើមស្ដាប់សក្ខីកម្មរបស់សាក្សីថ្មីមួយរូប បន្ទាប់ពីបានបញ្ចប់ការស្ដាប់សក្ខីកម្មអតីតអ្នកថតរូបនៅមន្ទីរសន្តិសុខ ស-២១ ឬគុកទួលស្លែង។ សាក្សីថ្មីជាឆ្មាំយាមអ្នកទោសនៅគុកទួលស្លែង និងជាអ្នកជីករណ្ដៅកប់អ្នកទោសនៅវាលពិឃាដជើងឯក កាលពីក្នុងរបបខ្មែរក្រហម។
សាក្សីថ្មីដែលអង្គជំនុំជម្រះសាលាក្ដីខ្មែរក្រហមបង្ហាញតែឈ្មោះថា តយ តេង នៅចុងម៉ោងនៃសវនាការនៅថ្ងៃទី២១ មេសា ទទួលស្គាល់ថា លោកបានសម្លាប់អ្នកទោសមួយចំនួននៅវាលពិឃាដជើងឯក ប៉ុន្តែមិនមែនអ្នកទោសទាំងអស់ទេ៖ «ខ្ញុំ គឺថាលក្ខណៈចូលរួមទាំងអស់អត់មានទេ គ្រាន់ តែថា តិចតួច ដោយសារបង ហ៊ុយ ហ្នឹង គេនាំទាំងបង្ខំ។ អ៊ីចឹងហើយ គឺថាកុំឲ្យយើងដាច់ខាតជាមួយគេមិនកើត ក៏អត់កើតដែរ។ អ៊ីចឹងនាំមានបញ្ហា ហើយតាមចិត្តលក្ខណៈបង្ខំអ៊ីចឹងទៅ ហើយ ចម្លើយដែល ខ្ញុំបានលើកឡើងពិតជាត្រឹមត្រូវ »។
ការទទួលស្គាល់របស់លោក តយ តេង គឺបន្ទាប់ពីអង្គជំនុំជម្រះសហព្រះរាជអាជ្ញា លើកយកចម្លើយអតីតមេក្រុមរបស់លោក គឺលោក ហ៊ឹម ហ៊ុយ ដែលបញ្ជាក់ពីការពាក់ព័ន្ធរបស់លោកក្នុងការសម្លាប់នេះ។ មុននេះបន្តិច លោក តយ តេង ថ្លែងថា លោកមិនបាននៅក្នុងក្រុមអ្នកសម្លាប់អ្នកទោស ដែលមានគ្នាប្រាំមួយ ឬប្រាំពីរនាក់ប្រចាំនៅជើងឯកទេ។ លោកជាអ្នកជីករណ្ដៅកប់សាកសព៖ « នៅក្នុងចំណោមទាំងអស់ហ្នឹង ខ្ញុំមិនមានបានចូលរួមអីទេ គ្រាន់តែថា តួនាទីខ្ញុំដូចបាននិយាយពីខាងដើមថា ជីករណ្ដៅកប់ និងការយាមកាមការពារប៉ុណ្ណឹង។ ត្រង់ថា គេធ្វើអ្នកសម្លាប់អ្នកអី គេមកពីនោះហើយៗ ។ ខ្ញុំអត់ទេ »។
សាក្សី តយ តេង ជាអតីតយុទ្ធជននៅក្នុងកងពលលេខ១២ នៃកងទ័ពខ្មែរក្រហម ហើយក្រោយមក ត្រូវគេបញ្ជូនមកធ្វើការជាអ្នកការពារអ្នកទោសនៅគុកទួលស្លែង និងនៅវាលពិឃាដជើងឯក ពេលដែលគេនាំអ្នកទោសយកទៅសម្លាប់។
ព័ត៌មាននៅមជ្ឈមណ្ឌលពិឃាដមនុស្សជើងឯក រហូតមកដល់ពេលនេះបង្ហាញថា គេបានរកឃើញរណ្ដៅសាកសពរួមចំនួន ១២៩រណ្ដៅនៅទីនោះ។ ក្នុងចំណោមរណ្ដៅនេះ មានរណ្ដៅចំនួន ៨៦ ត្រូវបានគាស់កកាយនៅឆ្នាំ១៩៨០ ហើយរកឃើញសាកសពចំនួន ៨.៩៨៥នាក់។ រណ្ដៅធំមួយមានឆ្អឹងសាកសពចំនួន ៤៥០នាក់។ គេក៏រកឃើញមានរណ្ដៅសម្រាប់ដាក់សាកសពស្ត្រី និងកុមារចំនួន ១០០នាក់។
អតីតអ្នកសម្លាប់នៅទីនោះ គឺលោក តយ តេង ថ្លែងថា លោកមិនអាចដឹងចំនួនអ្នកទោសពិតប្រាកដដែលគេសម្លាប់នៅជើងឯកនោះទេ។ លោកប៉ាន់ស្មានថា អាចមានចំនួនជិត ១ពាន់នាក់។ ការសួរដេញដោលសាក្សី តយ តេង នឹងត្រូវធ្វើបន្តនៅថ្ងៃច័ន្ទ ទី២៥ មេសា ទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
