អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម នៅថ្ងៃទី៣ មីនា បន្តសវនាការសួរដេញដោលសាក្សីមួយរូបទៀត ទាក់ទងនឹងការសម្លាប់មនុស្សនៅមន្ទីរសន្តិសុខអូរកន្សែង ខេត្តរតនគិរី ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។
សាក្សីថ្មីឈ្មោះ មឿង ចាន់ឌី មកពីស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល គឺជាសាក្សីទី២ ដែលបានឡើងមកផ្ដល់សក្ខីកម្មដល់អង្គជំនុំជម្រះសាលាដំបូង ទាក់ទងនឹងការកាប់សម្លាប់នៅមន្ទីរសន្តិសុខអូរកន្សែង។
លោកស្រី មឿង ចាន់ឌី ជម្រាបអង្គជំនុំជម្រះសាលាដំបូងថា លោកស្រីក៏ជាអតីតអ្នកទោសមួយរូបទៀតនៅមន្ទីរសន្តិសុខអូរកន្សែង ក្នុងខេត្តរតនគិរី ដែរ។ លោកស្រីជម្រាបអង្គជំនុំជម្រះថា លោកស្រីបានឃើញកងសន្តិសុខសម្លាប់ស្ត្រីម្នាក់ដោយផ្ទាល់ភ្នែក៖ « គេឲ្យខ្ញុំទៅបេះបន្លែ ។ បន្លែធម្មជាតិ បន្លែជនជាតិ ដុះតាមព្រៃហ្នឹង ហើយក៏ជួបឃើញតា អូយ ហ្នឹង គេកំពុងតែធ្វើបាបស្ត្រីម្នាក់ហ្នឹង។ ហើយពួក ខ្ញុំក៏ពួនមើល អត់ហ៊ានមាត់ហ៊ានអីទេ។ លួចមើលគេទាំងភ័យ។ ចង់មើលឲ្យអស់ចិត្តថា គេ ធ្វើយ៉ាង ម៉េចទៀត។ ដល់ហើយគេដាក់មួយត្បូងចប ហើយស្ត្រីហ្នឹងមក ឱ បជើង។ ឱ បជើងហើយ គេ ក៏ដាក់ បន្ថែម ហើយក៏ជីកដីកប់ទៅ »។
លោកស្រី មឿង ចាន់ឌី ជាអតីតភរិយារបស់សាក្សី ផន ថុល ហើយជាប់ឃុំឃាំងនៅមន្ទីរសន្តិសុខអូរកន្សែង ដែរ។ លោក ផន ថុល ផ្ដល់សក្ខីកម្មនៅមុន លោកស្រី មឿង ចាន់ឌី ថា លោកបានឃើញកងសន្តិសុខសម្លាប់មនុស្សនៅទីនោះដូចគ្នា។ លោកបានឃើញគេយកចារ៉ាយក្មេងចាស់ទាំងឡានៗ ទៅដាក់នៅខាងមុខផ្ទះគុក ដែលគេដាក់ច្រវាក់ជើងលោក។ ទាំង លោក ផន ថុល និងលោកស្រី មឿង ចាន់ឌី អះអាងដូចគ្នាថា ជនជាតិចារ៉ាយទាំងនោះត្រូវបានគេចងខ្សែ។ ពីរបីអាទិត្យបន្ទាប់មក គេយកជនជាតិចារ៉ាយ ទៅកន្លែងផ្សេងបាត់អស់។ សាក្សីទាំងពីរសន្និដ្ឋានថា ជនជាតិចារ៉ាយទាំងនោះ អាចត្រូវគេសម្លាប់ដាក់ក្នុងរណ្ដៅគ្រាប់បែក បេ៥២ (B-52) មួយ នៅតំបន់នោះ៖ « ពេលដែលខ្ញុំទៅឃើញរណ្ដៅហ្នឹងអត់ទាន់លុបដី ហើយដល់ពេលស្អែកឡើង ពេលដែលគេយកជនជាតិហ្នឹងចេញទៅ ស្អែកឡើងខ្ញុំទៅរកបន្លែទៀត ឃើញរណ្ដៅហ្នឹងលុប។ មិនដឹងសាកសពពីណាពីណីខ្លះ។ រណ្ដៅហ្នឹងវាពោរដីបិទដី ហើយវារាងប្រេះ។ ពេលយើងឃើញរណ្ដៅជ្រៅ ឃើញម្ដងទៀតបិទ ហើយគ្របដីឡើងប្រេះ ហើយធំក្លិនអសោចិ៍ »។
សវនាការស្ដាប់សាក្សី មឿង ចាន់ឌី នៅមិនទាន់ចប់ទេ ហើយនឹងត្រូវមកបន្តនៅព្រឹកថ្ងៃច័ន្ទ ទី៧ មីនា ទៀត។ ប្រធានអង្គជំនុំជម្រះសាលាដំបូង លោក និល ណុន ប្រកាសថា បន្ទាប់ពីសាក្សី មឿង ចាន់ឌី អង្គជំនុំជម្រះនៅមិនទាន់មានសាក្សីបន្ទាប់នៅឡើយទេ ព្រោះសាក្សីដែលនឹងត្រូវមកផ្ដល់សក្ខីកម្មបន្ត មានបញ្ហាសុខភាពមិនអាចមកបាន។
មន្ទីរសន្តិសុខអូរកន្សែង នៅខេត្តរតនគិរី គឺជាទីតាំងឧក្រិដ្ឋកម្មមួយ ដែលសាលាក្ដីខ្មែរក្រហមចោទប្រកាន់ជនជាប់ចោទ នួន ជា និងជនជាប់ចោទ ខៀវ សំផន នៅក្នុងសំណុំរឿង០០២ វគ្គ២។ សាលាក្ដីខ្មែរក្រហម ចោទប្រកាន់ថា ជនជាប់ចោទ នួន ជា និង ខៀវ សំផន បានបំផ្លាញរចនាសម្ព័ន្ធច្បាប់ និងតុលាការកម្ពុជា ហើយដាក់ជំនួសវិញមន្ទីរសន្តិសុខប្រហែល ២០០កន្លែង និងទីតាំងសម្លាប់មនុស្សរាប់មិនអស់នៅទូទាំងប្រទេសកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
