អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម សម្រេចផ្អាកសវនាការនៅរសៀលថ្ងៃទី២៣ ឧសភា រហូតដល់ថ្ងៃព្រហស្បតិ៍ ទី២ មិថុនា។ ប្រធានអង្គជំនុំជម្រះសាលាដំបូង លោកចៅក្រម និល ណុន ប្រកាសថា ការផ្អាកសវនាការរយៈពេល ១០ថ្ងៃ គឺទុកពេលត្រៀមសម្រាប់សួរសាក្សីសំខាន់ក្នុងរឿងមន្ទីរ «ស-២១»។
ការប្រកាសសេចក្ដីសម្រេចផ្អាកសវនាការដោយលោកចៅក្រម និល ណុន គឺធ្វើឡើងបន្ទាប់ពីអង្គជំនុំជម្រះសាលាដំបូង ពិចារណាលើសំណើសុំរបស់ភាគីការពារក្ដីជនជាប់ចោទ ដែលសុំពេលវេលាបន្ថែម ៣សប្ដាហ៍សម្រាប់ត្រៀមខ្លួនសួរដេញដោលសាក្សីសំខាន់មួយរូប ទាក់ទងនឹងអង្គហេតុឧក្រិដ្ឋកម្មនៅមន្ទីរ «ស-២១»។
លោកចៅក្រម និល ណុន ថ្លែងថា « សហមេធាវីការពារក្ដី នួន ជា សុំផ្អាកសវនាការដើម្បីខ្លួនមានសមត្ថភាព និងលទ្ធភាពពេញលេញក្នុងការពិនិត្យភស្តុតាងថ្មីៗ និងមានចំនួនច្រើន ដើម្បីជាមូលដ្ឋានពិភាក្សាដេញដោល ប្រើប្រាស់នៅក្នុងការសួរដេញដោលសាក្សី ដែលមាន លក្ខណៈសំខាន់ នៅក្នុង សំណុំរឿង ០០២ ស្លាស់ ០២ (002/02) នៅក្នុង អង្គហេតុ មន្ទីរសន្តិសុខ ស - ២១ និងអង្គហេតុ ផ្សេងៗទៀត ដែលមានការពាក់ព័ន្ធ និងសេសសល់នៅក្នុង សំណុំរឿង ០០២ ហើយ បន្ទាប់ពី អង្គជម្រះបានទទួលសំណើសុំរបស់ ភាគីសុំឲ្យអង្គជម្រះរៀបចំកាលវិភាគសវនាការឡើងវិញ ដើម្បីបន្ថែមពេលវេលាសម្រាប់ការរៀបចំរបស់ខ្លួន អង្គជម្រះសម្រេចផ្អាកសវនាការថ្ងៃនេះត្រឹមនេះ រហូតដល់ថ្ងៃ ទី២ ខែមិថុនា ឆ្នាំ ២០១៦ »។
លោកចៅក្រម និល ណុន បញ្ជាក់ដែរថា ការផ្អាកនេះក៏ធ្វើឡើងបន្ទាប់ពីអង្គជំនុំជម្រះបានទទួលសំណើសុំរបស់ភាគីក្នុងសំណុំរឿង ដែលសុំឲ្យអង្គជម្រះរៀបចំកាលវិភាគសវនាការឡើងវិញ ដើម្បីបន្ថែមពេលវេលាសម្រាប់ការរៀបចំរបស់ខ្លួនធ្វើសវនាការបន្តបន្ទាប់។
សវនាការបន្តដែលនឹងត្រូវធ្វើនៅថ្ងៃព្រហស្បតិ៍ ទី២ មិថុនា លោកចៅក្រម និល ណុន ឲ្យដឹងថា អង្គជំនុំជម្រះនឹងស្ដាប់សាក្សីមួយរូប ដែលគ្រប់ភាគីចាត់ទុកថាជាសាក្សីសំខាន់ ទាក់ទងនឹងអង្គហេតុមន្ទីរសន្តិសុខ «ស-២១»ឬគុកទួលស្លែង។ អង្គជំនុំជម្រះមិនទាន់បង្ហាញអត្តសញ្ញាណសាក្សីរូបនេះនៅឡើយទេ គឺមានតែឈ្មោះជាលេខកូដថា 2-TCW-816។
លោកចៅក្រម និល ណុន ថ្លែងថា «ហើយរយៈពេលនៃការស្ដាប់សាក្សីរូបនេះ គឺពន្យារពេលពី រ ថ្ងៃទៅ ដល់បីថ្ងៃ ហើយអង្គជម្រះក៏មានគម្រោងប្រើប្រាស់ពីរវគ្គនៃថ្ងៃសវនាការ ដើម្បីតាំង សំណួរដេញដោល ចំពោះសាក្សីរូបនេះផងដែរ។ ហេតុដូច្នេះ អង្គជម្រះ ច្រានចោល នូវសំណើដែលភាគី មានជម្រើស នានារបស់ ភាគីពាក់ព័ន្ធនឹងបញ្ហានេះ ហើយបញ្ហាផ្សេង ទៀតដែល មិនទាន់បានសម្រេច រួមមានសំណើសុំទទួលយកឯកសារថ្មីៗ ជាឯកសារភស្តុតាង អង្គជម្រះនឹងត្រូវសម្រេចលើបញ្ហា នេះក្នុង ពេល ឆាប់ៗសម ស្របខាងមុខនេះ»។
បន្ទាប់ពីសាក្សី 2-TCW-816 អង្គជំនុំជម្រះសាលាដំបូង គ្រោងធ្វើសវនាការសួរដេញដោលលោក កាំង ហ្កេកអ៊ាវ ហៅ ឌុច ដែលជាអតីតប្រធានមន្ទីរសន្តិសុខ «ស-២១»ឬគុកទួលស្លែង។ លោក ឌុច នឹងត្រូវឡើងមកធ្វើជាសាក្សីនៅក្នុងសំណុំរឿង ០០២ វគ្គ ២ ប្រឆាំងជនជាប់ចោទ នួន ជា និង ខៀវ សំផន ដែលអតីតជាមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមនៃរបបកម្ពុជាប្រជាធិបតេយ្យ។
លោក ឌុច កំពុងជាប់ពន្ធនាគារអស់មួយជីវិតនៅក្នុងសំណុំរឿង ០០១ បន្ទាប់ពីសាលាក្ដីខ្មែរក្រហម រកឃើញថា ជាអ្នកទទួលខុសត្រូវខ្ពស់ចំពោះការសម្លាប់អ្នកទោសជាង ១ម៉ឺន ២ពាន់នាក់ (១២.២៧២នាក់) នៅមន្ទីរសន្តិសុខ «ស-២១»ក្នុងរបបខ្មែរក្រហមចន្លោះពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។
សាក្សី 2-TCW-816 និងសាក្សី ឌុច គឺជាសាក្សី ២នាក់ចុងក្រោយពាក់ព័ន្ធនឹងមន្ទីរសន្តិសុខ «ស-២១» នៅក្នុងសំណុំរឿង ០០២ វគ្គ ២។ អង្គជំនុំជម្រះសាលាដំបូង ក៏មានឯកសារថ្មីទៀតទាក់ទងនឹងបញ្ជីឈ្មោះអ្នកទោសនៅមន្ទីរសន្តិសុខនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
