មេធាវី​ការពារ​ក្តី នួន ជា និង​ខៀវ សំផន បន្ត​ធ្វើ​ពហិការ​មិន​ចូលរួម​សវនាការ

0:00 / 0:00

អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ឬ​ហៅ​កាត់​ថា សាលា​ក្តី​ខ្មែរ​ក្រហម​កំពុង​មាន​បញ្ហា ដោយសារ​មេធាវី​ការពារ​ជន​ជាប់​ចោទ​បន្ត​ធ្វើ​ពហិការ​មិន​ចូល​ការពារ។ មក​ទល់​ពេល​នេះ ដំណោះស្រាយ​ចំពោះ​បញ្ហា​ជាប់​គាំង​នេះ ក៏​មិន​ទាន់​មាន​ដែរ។

អ្នក​នាំ​ពាក្យ​សាលា​ក្តី​ខ្មែរ​ក្រហម អះអាង​ឡើង​វិញ​នៅ​ថ្ងៃ​ទី​២២ តុលា ថា ដំណើរ​ការ​សវនាការ​សំណុំ​រឿង​០០២ វគ្គ​២ មក​ទល់​ពេល​នេះ មិន​ទាន់​កំណត់​ពេលវេលា​ច្បាស់​លាស់​ថា អាច​ធ្វើ​នៅ​ពេល​ណា​បាន​ទេ ដោយសារ​គ្មាន​មេធាវី​ការពារ​ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន។

សាលា​ក្តី​ខ្មែរ​ក្រហម មាន​គម្រោង​បើក​សវនាការ​លើ​ភស្តុតាង​សំណុំ​រឿង​០០២ វគ្គ​២ នៅ​ថ្ងៃ​ទី​២៧ តុលា ខាង​មុខ ប៉ុន្តែ​បើ​សិន​ជា​មេធាវី​ការពារ​ជន​ជាប់​ចោទ​ទាំង​ពីរ​ក្រុម​មិន​ចូលរួម​ទេ សវនាការ​នោះ​ក៏​មិន​អាច​ធ្វើ​ទៅ​បាន​ដែរ។ កាល​ពី​ថ្ងៃ​ទី​២១ តុលា សាលា​ក្តី​ខ្មែរ​ក្រហម បរាជ័យ​ម្តង​ហើយ​ក្នុង​ពេល​ប្រជុំ​ស្ដីពី​បញ្ហា​គ្រប់គ្រង​តុលាការ ដោយសារ​មេធាវី​ការពារ​ជន​ជាប់​ចោទ​ទាំង​ពីរ​ក្រុម​មិន​ចូលរួម។

អ្នក​នាំ​ពាក្យ​សាលា​ក្តី​ខ្មែរ​ក្រហម លោក នេត្រ ភក្ដ្រា មាន​ប្រសាសន៍​ថា តាម​នីតិវិធី​សាលា​ក្តី​ខ្មែរ​ក្រហម បើ​គ្មាន​មេធាវី​ការពារ​ជន​ជាប់​ចោទ​ទេ គឺ​មិន​អាច​បើក​សវនាការ​បាន​ទេ ហើយ​ចំពោះ​ការ​រៀបចំ​ក្រុម​មេធាវី​ជំនួស ឬ​បម្រុង​នោះ ក៏​មិន​ទាន់​អាច​ធ្វើ​ទៅ​បាន​ដែរ។

កាល​ពី​ថ្ងៃ​ទី​១៧ តុលា មេធាវី​ការពារ​ជន​ជាប់​ចោទ​ទាំង​ពីរ​ក្រុម ដឹក​នាំ​ដោយ លោក​មេធាវី គង់ សំអុន និង​លោក​មេធាវី សុន អារុណ បាន​នាំ​គ្នា​ចាក​ចេញ​ពី​បន្ទប់​សវនាការ​នៃ​សាលា​ក្តី​ខ្មែរ​ក្រហម ដោយ​បាន​ប្រកាស​ធ្វើ​ពហិការ។ ក្រុម​លោក​មេធាវី គង់ សំអុន ត្រូវ​ការ​ពេលវេលា ៣​ខែ ដើម្បី​រៀបចំ​សារណា​បណ្ដឹង​សារទុក្ខ​ការពារ​កូន​ក្តី។ លោក​មេធាវី​តវ៉ា​ថា ពួក​លោក​មិន​អាច​ចូលរួម​ធ្វើ​ការ​ការពារ​កូន​ក្តី​ក្នុង​សំណុំ​រឿង​០០២ វគ្គ​២ ផង និង​ធ្វើ​សារណា​ប្ដឹង​សារទុក្ខ​ការពារ​កូន​ក្តី​ផង​ក្នុង​ពេល​តែ​មួយ​បាន​ទេ។ ចំណែក​ក្រុម​មេធាវី​ការពារ លោក នួន ជា វិញ បាន​ធ្វើ​ពហិការ ដោយសារ​ជន​ជាប់​ចោទ នួន ជា តវ៉ា​ធ្វើ​បណ្ដឹង​ដិត​ចិត្ត​ចំពោះ​ចៅក្រម​ដែល​កាត់​ទោស​រូប​លោក។

ទាក់ទង​ការ​ធ្វើ​ពហិការ​មិន​ចូលរួម​ដំណើរ​ការ​សវនាការ​សំណុំ​រឿង​០០២ វគ្គ​២ នេះ លោក​មេធាវី គង់ សំអុន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២២ តុលា ថា ជំហរ​ក្រុម​លោក​នៅ​ដដែល គឺ​ពហិការ​ដើម្បី​យក​ពេលវេលា​ទៅ​ធ្វើ​សារណា​បណ្ដឹង​សារទុក្ខ​ការពារ​កូន​ក្តី៖ «រឿង​នេះ​មិន​មែន​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​ក្រុម​មេធាវី​យើង​ទេ ព្រោះ​ដំណើរ​ការ​កាត់​ក្តី​នេះ​វា​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​អង្គ​ជំនុំ​ជម្រះ។ បើ​សិន​ជា​អង្គ​ជំនុំ​ជម្រះ​ពិនិត្យ​ទៅ​លើ​ការ​ការពារ​ជន​ជាប់​ចោទ​នៅ​ក្នុង​នីតិវិធី ដែល​ឋិត​នៅ​ក្រោម​យុត្តាធិការ​របស់​ខ្លួន អា​ហ្នឹង​លោក​មិន​គួរ​បន្ត​សវនាការ​ទេ ពីព្រោះ​ថា លោក ខៀវ សំផន ក្តី លោក នួន ជា ក្តី គាត់​គ្មាន​មេធាវី​ការពារ​ក្តី​ចំពោះ​មុខ​ចៅក្រម​ទាំងអស់​នោះ​ទេ។ អ៊ីចឹង​បើ​អស់​លោក​យល់ លោក​មិន​អាច​បន្ត​ជំនុំ​ជម្រះ​ដោយ​គ្មាន​មេធាវី​បាន​ទេ»

ចំពោះ​លទ្ធភាព​ឲ្យ​សាលា​ក្តី​រៀបចំ​ក្រុម​មេធាវី​ជំនួស​ពួក​លោក​នោះ លោក​មេធាវី គង់ សំអុន បញ្ជាក់​ថា រឿង​នេះ​អាស្រ័យ​លើ​ការ​យល់​ព្រម​របស់​ជន​ជាប់​ចោទ​ផង​ដែរ។ លោក​មេធាវី​ឲ្យ​ដឹង​ថា ក្រុម​លោក​គ្មាន​បំណង​ធ្វើ​ឲ្យ​សាលា​ក្តី​រាំង​ស្ទះ​ទេ៖ «និយាយ​ទៅ​ជិត​មួយ​ឆ្នាំ​មុន ដែល​យើង​បាន​ស្នើសុំ​ឲ្យ​រដ្ឋបាល​តុលាការ​បន្ថែម​ធនធាន ឲ្យ​ក្រុម​មេធាវី​របស់​យើង ដើម្បី​អាច​ធ្វើ​ការ​បាន​ទាំង​ពីរ ទាំង​បណ្ដឹង​សារទុក្ខ ទាំង​ចូលរួម​សវនាការ។ តុលាការ​បាន​សម្រេច​ថា ឲ្យ​សវនាការ​នៅ​ស្រប​គ្នា។ ក៏ប៉ុន្តែ​ខាង​រដ្ឋបាល​មិន​បដិសេធ​ក៏ដូចជា​បដិសេធ​ដែរ ព្រោះ​យើង​ដាក់​មួយ​ឆ្នាំ​មក​ហើយ តែ​មិន​ឆ្លើយ​តប​សំណើ​យើង»

សំណុំ​រឿង​០០២ វគ្គ​២ គឺ​ជា​ការ​ជំនុំ​ជម្រះ​ក្តី​ទី​២ ប្រឆាំង នួន ជា និង ខៀវ សំផន។ បទ​ចោទ​នៅ​ក្នុង​សំណុំ​រឿង​០០២ វគ្គ​២ រួម​មាន បទ​ប្រល័យ​ពូជសាសន៍​ចំពោះ​ជនជាតិ​ចាម និង​វៀតណាម ការ​រៀប​ការ​ដោយ​បង្ខំ និង​រំលោភ​សេពសន្ថវៈ ការ​បោស​សម្អាត​ផ្ទៃ​ក្នុង ការ​ប្រព្រឹត្ត​ចំពោះ​ពុទ្ធសាសនិកជន និង​ការ​ប្រព្រឹត្ត​ជាក់​លាក់​លើ​អ្នក​រដ្ឋការ​នៃ​របប​សាធារណរដ្ឋ​ខ្មែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។