សវនាការលើបណ្ដឹងសាទុក្ខនៃអង្គជំនុំជម្រះតុលាការនៃសាលាក្ដីខ្មែរក្រហម ចូលដល់ថ្ងៃទីពីរហើយនៅថ្ងៃទី១៧ កុម្ភៈ។ សវនាការថ្ងៃទីពីរនេះ គឺផ្ដោតលើការផ្ដល់ហេតុផលរបស់ភាគី ស្ដីពីបទឧក្រិដ្ឋដែលបានផ្ដន្ទាទោសជនចាប់ចោទនៅក្នុងសំណុំរឿង០០២ វគ្គ១។
ភាគីការពារក្ដីជនជាប់ចោទ និងភាគីសហព្រះរាជអាជ្ញា នៅតែបន្តផ្ដល់ការអះអាងតទល់គ្នារៀងៗខ្លួន ជុំវិញការផ្ដន្ទាទោសជនជាប់ចោទ នួន ជា និង ខៀវ សំផន ពាក់ព័ន្ធឧក្រិដ្ឋកម្មនៃការសម្លាប់រង្គាល និងជម្លៀសដោយបង្ខំ។
ភាគីជនជាប់ចោទទាំងពីរលើកហេតុផលថា សាលាដំបូងមានកំហុសទាក់ទងទៅនឹងធាតុផ្សំបរិបទ នៃឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
មេធាវីការពារក្ដី អ្នកស្រី អង់តា ហ្គីហ្សេ (Anta Guisse) ថ្លែងថា សាលាដំបូងក្រៅពីការបំភ្លៃអង្គហេតុ ក៏បំភ្លៃអង្គច្បាប់ដែរ ហើយក៏ប្រមាថមើលងាយនីត្យានុកូលភាពនៃធាតុផ្សំ និងសិទ្ធិរបស់ជនជាប់ចោទ ក្នុងការទទួលបាននូវការជំនុំជម្រះក្ដីដោយយុត្តិធម៌៖ «អង្គជំនុំជម្រះមិនដែលបង្ហាញភស្តុតាងទាល់តែសោះថា លោក ខៀវ សំផន បានសហការជាមួយរបបកម្ពុជាប្រជាធិបតេយ្យ ក្នុងគោលបំណងដើម្បីប្រព្រឹត្តឧក្រិដ្ឋកម្ម ... មិនដែលទាល់សោះ។ អង្គជំនុំជម្រះមិនដែលបង្ហាញភស្តុតាងទេ។ មានគោលនយោបាយមែន ប៉ុន្តែអង្គជំនុំជម្រះមិនដែលបង្ហាញថា តើផ្នែកណានៃគោលនយោបាយដែលមានលក្ខណៈឧក្រិដ្ឋ មានចេតនាឧក្រិដ្ឋនោះ ហើយអង្គជំនុំជម្រះ ក៏មិនបង្ហាញឲ្យឃើញពីការចូលរួមយ៉ាងសកម្មរបស់ លោក ខៀវ សំផន នៅក្នុងសហឧក្រិដ្ឋកម្មរួមនោះដែរ » ។
សាលក្រមដែលផ្ដន្ទាទោសជនជាប់ចោទ នួន ជា និង ខៀវ សំផន អស់មួយជីវិតដោយអង្គជំនុំជម្រះសាលាដំបូង បានយល់ឃើញថា ជនជាប់ចោទទាំងពីរ បានប្រព្រឹត្តឧក្រិដ្ឋកម្មមួយចំនួននៅក្នុងពេលផ្លាស់ប្ដូរប្រជាជនក្នុងដំណាក់កាលទីមួយ និងទីពីរ និងការសម្លាប់ទាហាន និងមន្ត្រីរដ្ឋការរបប លន់ នល់ នៅទួលពោធិ៍ជ្រៃ ជាពិសេស នួន ជា និង ខៀវ សំផន ត្រូវបានផ្ដន្ទាទោសអំពីអំពើមនុស្សឃាត ការសម្លាប់រង្គាល ការធ្វើទុក្ខបុកម្នេញផ្អែកលើមូលដ្ឋាននយោបាយ និងអំពើអមនុស្សធម៌ដទៃទៀត រួមមានការជម្លៀសដោយបង្ខំ ការវាយប្រហារលើកិត្តិយសរបស់មនុស្ស និងការបាត់ខ្លួនដោយបង្ខំ។
សហព្រះរាជអាជ្ញា លោក ដេល ឡៃសាក់ (Dale Lysak) ជម្រាបអង្គជំនុំជម្រះវិញថា ជនជាប់ចោទ ខៀវ សំផន មិនមែនត្រូវបានផ្ដន្ទាទោសដោយសារភាពលម្អៀងរបស់សាលាដំបូងទេ គឺគាត់ត្រូវបានផ្ដន្ទាទោសដោយផ្អែកលើភស្តុតាងជាក់ច្បាស់ និងគ្រប់គ្រាន់។ លោកបានលើកសក្ខីកម្មរបស់សាក្សីនានាដែលនិយាយថា ជនជាប់ចោទ នួន ជា និង ខៀវ សំផន ចូលរួមកិច្ចប្រជុំស្ដីពីផែនការជម្លៀសប្រជាជនពីរសប្ដាហ៍មុនពេលរំដោះក្រុងភ្នំពេញ៖ « ផែនការដែល ខៀវ សំផន ឯកភាព គឺជា ផែនការដែល មានលក្ខណៈឧក្រិដ្ឋកម្ម ព្រោះថា ការជម្លៀសប្រជាជនរាប់លាននាក់ចេញពីផ្ទះរបស់គេ ដោយមិនមានការផ្ដល់គ្រប់គ្រាន់នូវចំណីអាហារ ថ្នាំសង្កូវ និងផ្ទះសម្បែងនោះ។ ដូចដែល ខៀវ សំផន និយាយខ្លួនឯងផ្ទាល់ ប្រសិនបើមានការបោះឆ្នោតប្រឆាំងតែមួយសំឡេង ប្រឆាំងការជម្លៀស ប្រហែលជាមិនមានការជម្លៀសដែរ។ ដូច្នេះ វាជាការសម្រេចជារួម និងជាគោលការណ៍ »។
សហព្រះរាជអាជ្ញាបន្តថា ភស្តុតាងអំពីការចូលរួមរបស់ ខៀវ សំផន មិនមែនមានត្រឹមតែការចូលរួមរបស់គាត់នៅក្នុងកិច្ចប្រជុំប៉ុណ្ណោះទេ គឺសាក្សីឈ្មោះ ភី ភួន ដែលជានីរសាររបស់ ប៉ុល ពត ក៏បានផ្ដល់សក្ខីកម្មដែរថា ជនជាប់ចោទ ខៀវ សំផន គឺជាកម្មាភិបាលមួយរូបជាមួយ ប៉ុល ពត និង នួន ជា ធ្វើបទបង្ហាញពន្យល់ដល់កម្មាភិបាលអំពីមូលហេតុថា ហេតុអ្វីបានជាចាំបាច់ត្រូវជម្លៀសប្រជាជន ហើយពឹងផ្អែកទៅលើបទពិសោធន៍ដែលពួកគេធ្វើនៅបណ្ដាទីក្រុងដែលបានរំដោះ ដូចជានៅស្រុកឧត្ដុង្គ។ លោក ភី ភួន ក៏បានផ្ដល់សក្ខីកម្មដែរថា នៅពេលដែលគាត់នៅមន្ទីរ ប-៥ គាត់ធ្លាប់បញ្ជូនសារពីជនជាប់ចោទ ខៀវ សំផន ទៅសមរភូមិ។
ដោយឡែកភាគីជនជាប់ចោទ នួន ជា មិនទាន់បង្ហាញបំណងឆ្លើយតបអ្វីទេ រហូតមកដល់ថ្ងៃទីបីនេះ។
សវនាការរបស់អង្គជំនុំជម្រះតុលាការកំពូល លើបណ្ដឹងសាទុក្ខ នឹងបន្តទៅថ្ងៃទី១៨ កុម្ភៈ ទៀត។ អង្គជំនុំជម្រះ គ្រោងបន្តទៅថ្ងៃទី១៩ មួយថ្ងៃទៀតដែរ ប្រសិនបើមិនអាចបញ្ចប់បាននៅថ្ងៃទី១៨ កុម្ភៈ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
