សាលា​ក្ដី​ខ្មែរ​ក្រហម​នឹង​បើក​សវនាការ​បណ្ដឹង​សាទុក្ខ​សំណុំ​រឿង​០០២​វគ្គ​១​នៅ​ថ្ងៃ​ទី​២​កក្កដា

0:00 / 0:00

អង្គភាព​ផ្នែក​កិច្ចការ​សាធារណៈ​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម ប្រកាស​ថា តុលាការ​កំពូល​នឹង​ធ្វើ​សវនាការ​លើ​បណ្ដឹង​សាទុក្ខ​ក្នុង​សំណុំ​រឿង​លេខ​០០២ វគ្គ​១ តាម​កាល​កំណត់​នៅ​ថ្ងៃ​ទី​២ កក្កដា។ បណ្ដឹង​សាទុក្ខ​នេះ ធ្វើ​ឡើង​ដោយ​ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន។

បណ្ដឹង​សាទុក្ខ​ដែល​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម នឹង​ចាប់​ផ្ដើម​ធ្វើ​សវនាការ​នៅ​ថ្ងៃ​ទី​២ កក្កដា គឺ​ជា​ការ​មិន​សុខ​ចិត្ត​របស់​ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន ដែល​ជំទាស់​នឹង​សាលក្រម​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង កាល​ពី​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០១៤។

កាល​ពី​ខែ​សីហា ឆ្នាំ​២០១៤ អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង សម្រេច​ដាក់​គុក​ជន​ជាប់​ចោទ​ទាំង​ពីរ​អស់​មួយ​ជីវិត ដោយសារ​តែ​អង្គ​ជំនុំ​ជម្រះ​រក​ឃើញ​ថា ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន មាន​កំហុស​ចំពោះ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ពាក់ព័ន្ធ​នឹង​ការ​ជម្លៀស​ប្រជាជន​ដោយ​បង្ខំ ទាំង​ដំណាក់​កាល​ទី​មួយ និង​ទី​ពីរ និង​ការ​សម្លាប់​អតីត​មន្ត្រី​រដ្ឋការ​នៃ​របប​សាធារណរដ្ឋ​ខ្មែរ នៅ​ទួលពោធិ៍ជ្រៃ ក្នុង​ស្រុក​កណ្ដៀង ខេត្ត​ពោធិ៍សាត់។

មន្ត្រី​នាំ​ពាក្យ​សាលា​ក្ដី​ខ្មែរ​ក្រហម លោក នេត្រ ភក្ដ្រា បញ្ជាក់​នៅ​ថ្ងៃ​ទី​១ កក្កដា ថា សវនាការ​នៅ​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៦ កក្កដា អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល នឹង​មិន​ទាន់​ដេញដោល​លើ​ខ្លឹមសារ​សារណា​បណ្ដឹង​សាទុក្ខ​របស់​ភាគី​ជន​ជាប់​ចោទ​ទេ៖ «សវនាការ​លើ​បណ្ដឹង​សាទុក្ខ​លើក​ទី​មួយ​នេះ គឺ​អង្គ​ជំនុំ​ជម្រះ​របស់​តុលាការ​កំពូល នឹង​ស្ដាប់​ការ​ផ្ដល់​សក្ខីកម្ម​សាក្សី​ចំនួន ៣​រូប ដែល​សាក្សី​ទាំង ៣​រូប​នេះ​មាន​ការ​ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​អង្គ​ហេតុ​នៅ​ក្នុង​បណ្ដឹង​សាទុក្ខ ពាក់ព័ន្ធ​នឹង​ទីតាំង​ឧក្រិដ្ឋកម្ម​ទួលពោធិ៍ជ្រៃ ហើយ​សុំ​បញ្ជាក់​ថា លោក នួន ជា និង​លោក ខៀវ សំផន បាន​ប្ដឹង​សាទុក្ខ​ជំទាស់​ទៅ​នឹង​សាលក្រម​ហ្នឹង ដោយ​បាន​លើក​ឡើង​នូវ​ទឡ្ហីករណ៍​ចំនួន​ប្រមាណ ៣៧០​ទឡ្ហីករណ៍​នៅ​ក្នុង​បណ្ដឹង​សាទុក្ខ​របស់​ខ្លួន ទៅ​កាន់​អង្គ​ជំនុំ​ជម្រះ​របស់​តុលាការ​កំពូល»

ទឡ្ហីករណ៍​ចំនួន​ជាង ៣៧០ ដែល​ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន បាន​ប្ដឹង​សាទុក្ខ​នោះ គឺ​ជំទាស់​ទាំង​អង្គ​ហេតុ និង​អង្គ​ច្បាប់​នៅ​ក្នុង​សាលក្រម។ រីឯ​ភាគី​សហ​ព្រះរាជអាជ្ញា មិន​បាន​ប្ដឹង​សាទុក្ខ​លើ​អង្គ​ហេតុ​នោះ​ទេ គឺ​ស្នើសុំ​ឲ្យ​តែ​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល ដោះស្រាយ​លើ​ភាព​អាច​អនុវត្ត​បាន​នូវ​ទម្រង់​ពង្រីក​បន្ថែម នៃ​សហ​ឧក្រិដ្ឋកម្ម​រួម ដែល​គេ​ហៅ​ថា សហ​ឧក្រិដ្ឋកម្ម​រួម​ទម្រង់​ទី​៣។

លោក នេត្រ ភក្ដ្រា មាន​ប្រសាសន៍​ទៀត​ថា ដោយសារ​ភាព​ស្មុគស្មាញ​នៃ​បណ្ដឹង​សាទុក្ខ និង​នីតិវិធី​ជា​តម្រូវ​ការ​ខាង​ភាសា​របស់​តុលាការ ដែល​ត្រូវ​បកប្រែ​ជា​បី​ភាសា គឺ​ភាសា​ខ្មែរ បារាំង និង​អង់គ្លេស។ តុលាការ​កំពូល មិន​ទាន់​អាច​កំណត់​ពេលវេលា​ជាក់លាក់​សម្រាប់​ចេញ​សេចក្ដី​សម្រេច​របស់​ខ្លួន​ទេ៖ «គឺ​វា​ពិត​ជា​មាន​ការ​ពិបាក​នៅ​ក្នុង​ការ​កំណត់​ពេលវេលា​ឲ្យ​ច្បាស់លាស់​ថា តើ​នៅ​ពេល​ណា​ទើប​សេចក្ដី​សម្រេច​លើ​បណ្ដឹង​សាទុក្ខ​ហ្នឹង ត្រូវ​ប្រកាស​ឡើង។ ក៏ប៉ុន្តែ អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល បាន និង​កំពុង​តែ​ធ្វើ​ការ ដោយ​បាន​កំណត់​គោលដៅ​នៃ​ការ​ប្រកាស​សាល​ដីកា​បណ្ដឹង​សាទុក្ខ នៅ​ក្នុង​អំឡុង​ត្រីមាស​ទី​មួយ​នៅ​ក្នុង​ឆ្នាំ​២០១៦ ខាង​មុខ»

សវនាការ​នៃ​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល លើ​បណ្ដឹង​សាទុក្ខ​នៅ​ថ្ងៃ​ទី​២ ទី​៣ និង​ថ្ងៃ​ទី​៦ កក្កដា គឺ​ជា​សវនាការ​លើ​បណ្ដឹង​សាទុក្ខ​លើក​ទី​មួយ​ក្នុង​សំណុំ​រឿង​០០២ វគ្គ​ទី​១។ អង្គ​ជំនុំ​ជម្រះ នឹង​ធ្វើ​សវនាការ​បន្ត​នៅ​ថ្ងៃ​អង្គារ ទី​៧ កក្កដា ទៀត ប្រសិន​បើ​អង្គ​ជំនុំ​ជម្រះ​ត្រូវ​ការ​ពេលវេលា​បន្ថែម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។