អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម នៅព្រឹកថ្ងៃច័ន្ទ ទី១ ខែសីហា បន្តស្ដាប់សក្ខីកម្មរបស់អ្នកជំនាញមួយរូប ស្ដីពីប្រព័ន្ធពន្ធនាគាររបស់ខ្មែរក្រហមនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។
អ្នកជំនាញជនជាតិបារាំង គឺលោក ហង់រី ឡូកា (Henri Locard) ជាអ្នកប្រវត្តិសាស្ត្រ និងជាអ្នកនិពន្ធសៀវភៅទាក់ទងនឹងពាក្យស្លោករបស់ខ្មែរក្រហម និងអំពីប្រព័ន្ធពន្ធនាគារនៅក្នុងរបបនោះ។ ប្រវត្តិវិទូ ហង់រី ឡូកា ជម្រាបអង្គជំនុំជម្រះសាលាដំបូងនៅថ្ងៃទី១ សីហា ថា ពន្ធនាគារខ្មែរក្រហមជាច្រើនត្រូវបានគេដាក់នៅតាមស្រុក ដែលជារដ្ឋបាលសំខាន់របស់របបកម្ពុជាប្រជាធិបតេយ្យ ហើយគណៈឃុំជាអ្នកគ្រប់គ្រង និងស្រាវជ្រាវរកខ្មាំង។
លោកបញ្ជាក់បន្ថែមថា ការបញ្ជាឲ្យសម្លាប់ខ្មាំង គឺមានពីគណៈមជ្ឈិមនៃបក្សកុម្មុយនិស្តកម្ពុជា រហូតដល់ថ្នាក់ស្រុក៖ «ដូចដែលយើងបានឃើញហើយករណីនៅស្រុកត្រាំកក់ ខ្ញុំគិតថា សិទ្ធិក្នុងការកម្ទេចខ្មាំង គឺត្រូវបានផ្ទេរអំណាចនេះ ប្រគល់សិទ្ធិនេះពីមជ្ឈិម។ ដូចខ្ញុំបានពន្យល់វែងឆ្ងាយមកហើយថា ដំបូងពីបញ្ជាចុះទៅពីមជ្ឈិមទៅភូមិភាគ។ មិនដឹងភូមិភាគដើរតួនាទីសំខាន់យ៉ាងណា ហើយទៅតំបន់។ បន្ទាប់មកបានចុះពីតំបន់ទៅស្រុក ហើយនៅថ្នាក់ស្រុកនេះសោតទៀត សេចក្ដីសម្រេចក្នុងការសម្លាប់ ឬក៏ដោះលែង ឬមួយក៏បញ្ជូនទៅមន្ទីរអប់រំកែប្រែ គឺគេធ្វើឡើងនៅថ្នាក់ស្រុកនេះ។ យើងដូចបានឃើញហើយ គឺមានសេចក្ដីសម្រេចនានា នៅសល់នៅឯគុកក្រាំងតាចាន់»។
លោកឲ្យដឹងថា ការសិក្សាស្រាវជ្រាវរបស់លោកលើគោលនយោបាយរបស់របបកម្ពុជាប្រជាធិបតេយ្យ គឺធ្វើតាមរយៈរបាយការណ៍ ការផ្សាយសំឡេងវិទ្យុខ្មែរក្រហម និងការសម្ភាសប្រជាពលរដ្ឋកម្ពុជា។ ក្រៅពីនេះ លោកក៏សិក្សាយោងតាមការស្រាវជ្រាវរបស់អ្នកជំនាញផ្សេងៗទៀតដែរ ដែលបង្ហាញពីការពាក់ព័ន្ធរបស់មេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម ក្នុងការដឹកនាំរបបកម្ពុជាប្រជាធិបតេយ្យ ជាពិសេសអតីតប្រធានរដ្ឋ គឺជនជាប់ចោទ ខៀវ សំផន។
នៅពេលនេះ អង្គជំនុំជម្រះសាលាដំបូង កំពុងធ្វើសវនាការលើអង្គហេតុបោសសម្អាតផ្ទៃក្នុងរបស់បក្សកុម្មុយនិស្តកម្ពុជា ដែលជាបទចោទប្រកាន់ជនជាប់ចោទ នួន ជា និង ខៀវ សំផន ក្នុងសំណុំរឿង០០២ វគ្គ២។ ប្រព័ន្ធពន្ធនាគារ ឬមន្ទីរសន្តិសុខ គឺជាផ្នែកសំខាន់នៃការបោសសម្អាតខ្មាំង ដូចជាមន្ទីរ ស-២១ ឬគុកទួលស្លែង ដែលនៅជាភស្តុតាងមាននៅសព្វថ្ងៃនេះ។
អង្គជំនុំជម្រះសាលាដំបូង នឹងបន្តស្ដាប់សក្ខីកម្មរបស់ប្រវត្តិវិទូ ហង់រី ឡូកា បញ្ចប់នៅថ្ងៃអង្គារ ទី២ សីហា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
