អង្គជំនុំជម្រះសាលាដំបូងនៅថ្ងៃទី១ ខែមីនា បន្តស្ដាប់ការថ្លែងទុក្ខសោករបស់ដើមបណ្ដឹងរដ្ឋប្បវេណី ដែលរងផលប៉ះពាល់ដោយរបបកម្ពុជាប្រជាធិបតេយ្យ ក្នុងពេលប្រព្រឹត្តលើក្រុមមនុស្សដែលគេកំណត់ជាគោលដៅជាក់លាក់ គឺជនជាតិចាម វៀតណាម និងអ្នករដ្ឋការនៃរបបសាធារណរដ្ឋខ្មែរ។
ដើមបណ្ដឹងរដ្ឋប្បវេណីដែលឡើងមកថ្លែងទុក្ខសោកនៅចំពោះមុខអង្គជំនុំជម្រះសាលាដំបូង នៅថ្ងៃទី១ មីនា សុទ្ធតែបានអះអាងថា សមាជិកគ្រួសារពួកគាត់ជាច្រើននាក់ ត្រូវបានពួកខ្មែរក្រហមយកទៅសម្លាប់ ព្រោះតែជាប់សែស្រឡាយជនជាតិវៀតណាម។
ដើមបណ្ដឹងរដ្ឋប្បវេណីទី៤ មកពីស្រុកព្រៃនប់ ខេត្តព្រះសីហនុ មួយរូប គឺលោកស្រី ខូង មួយ ថ្លែងថា ម្ដាយលោកស្រីជាជនជាតិវៀតណាម និងឪពុកជាជនជាតិចិន ត្រូវបានពួកខ្មែរក្រហមយកទៅសម្លាប់៖ « ទៅលេងផ្ទះ ទៅដល់អត់ឃើញ ឪពុកម្ដាយ បងប្អូន ខ្ញុំ ឃើញតែផ្ទះទទេ។ ខ្ញុំនៅយំចាំដល់ល្ងាចម៉ោងប្រហែល ៣ ឃើញតែផ្ទះទទេ។ ដល់រួចឃើញអ៊ំមួយនៅផ្ទះជិតហ្នឹង គាត់ប្រាប់ថា ម៉ាក់ឯងគេយកទៅវាយចោលហើយ ! ម៉ាក់ឯងខំស្រែកពេញផ្លូវប្រាប់ថា ផ្ដាំកូនខ្ញុំមួយ ផងថា គាត់ ទៅហើយ !»។
លោកស្រីបញ្ជាក់ថា ក្រៅពីឪពុកម្ដាយ ក៏មានសាច់ញាតិជាបងប្អូន និងក្មួយចំនួន ១១នាក់ផ្សេងទៀត ក៏ត្រូវកម្មាភិបាលខ្មែរក្រហមប្រមូលយកទៅសម្លាប់ទាំងអស់។ លោកស្រីបន្ថែមថា លោកស្រីនៅតែឈឺចាប់នៅពេលរំឭករឿងនេះឡើងវិញ។
រីឯដើមបណ្ដឹងរដ្ឋប្បវេណីមកពីខេត្តក្រចេះ គឺលោក អ៊ុច ស៊ុនឡាយ ក៏អះអាងនៅចំពោះមុខអង្គជំនុំជម្រះថា ពួកខ្មែរក្រហមបានយកសមាជិកគ្រួសាររបស់លោកចំនួន ១៣នាក់ទៅសម្លាប់នៅកោះទ្រង់ ក្នុងខេត្តក្រចេះ នោះដែរ។ លោក អ៊ុច ស៊ុនឡាយ បន្តថា គណៈសហករណ៍បានបញ្ឆោតលោកឲ្យទៅកាប់ឫស្សីបង្អោងត្នោតនៅឆ្ងាយ ហើយចាប់ប្រពន្ធ និងកូនរបស់លោក ៣នាក់ដែលជាប់សាច់ឈាមជាជនជាតិវៀតណាម យកទៅសម្លាប់៖ « ពេលនោះឈ្មោះ មឿន ជាគណៈសហករណ៍ បានក្រោក ឈរឡើង ហើយនិយាយថា សមមិត្តមានគុណសម្បត្តិខ្ពស់ណាស់ជាមួយនឹងបក្សវណ្ណៈកម្មករយើង ។ សមមិត្តបានខិតខំបំពេញការងារកម្ចាត់ធាតុដើម លះបង់ខ្ពស់ជូនបក្សវណ្ណៈ កម្មករកសិករ តែប្រពន្ធកូនសមមិត្ត យើងខ្ញុំបានប្រមូលទៅទុកមួយដុំហើយ។ សូមសមមិត្តកាត់សាច់ ស្អុយនេះ ចេញចុះ ! ខ្ញុំបាទធ្លាប់តែឮថាបោស ធ្លាប់តែឮថាកម្ទេច ម្ដងនេះគេថាឲ្យកាត់សាច់ស្អុយហ្នឹងចេញ កុំឲ្យនៅអាឡោះអាល័យ ! សមមិត្តត្រូវតែលះបង់ខ្ពស់ ហើយនិយាយតាមបក្សរបស់ខ្ញុំ ក្រោក ឈរឡើង ... ។ ទោះបី ៣០ឆ្នាំ ៤០ឆ្នាំនេះកន្លងទៅពិតមែន ទឹកភ្នែកបានហូររាប់ខែរាប់ឆ្នាំទៅហើយ តែពេលនេះក៏តែនឹកឃើញ មិនអាចបំភ្លេចបានសោះឡើយ »។
លោកថ្លែងទៀតថា ឪពុករបស់លោកដែលមិនមែនជាជនជាតិវៀតណាម ក៏ត្រូវគេយកទៅសម្លាប់ដែរ ដោយសារតែគាត់មិនព្រមបោះបង់ការគោរពព្រះពុទ្ធសាសនា៖ « ឪពុកខ្ញុំបាទជាអាចារ្យវត្តឈ្មោះ អ៊ុច ស៊ុនលី ហៅ តាំង ឆាយ ក៏ត្រូវ បាត់បង់ដោយ គ្រាន់តែគាត់រកដើមព្រិចងាប់ៗ យក មកដុត ដើម្បីធ្វើ ធូបគាត់ នមស្សការព្រះរតនត្រ័យ ហើយកងឈ្លបវាបានមើលឃើញ វាថាស្អី ព្រះរតនត្រ័យស្អី ? ទៅព្រះពុទ្ធជាទីពឹងជារឭកស្អី គឺចាប់ចងអូសយកទៅ។ ក្នុងនោះការដែល ចាប់ចង អូស មានសមមិត្ត យៀន ជាអ្នកមកប្រាប់ថា ឪគ្រូ ឡាយ ឯងជឿងប់ហើយលើពុទ្ធសាសនា អាហ្នឹងឲ្យវាទៅកន្លែងព្រះពុទ្ធជាទីពឹងជាទីរឭកចុះ !» ។
លោក អ៊ុច ស៊ុនឡាយ គឺជាដើមបណ្ដឹងរដ្ឋប្បវេណីទី៥ ដែលឡើងមកថ្លែងទុក្ខសោកនៅក្នុងសវនាការសាលាដំបូង ទាក់ទងនឹងការប្រព្រឹត្តរបស់ពួកខ្មែរក្រហមទៅលើក្រុមមនុស្ស ដែលគេកំណត់ជាគោលដៅជាក់លាក់ ក្នុងនោះគឺការប្រព្រឹត្តចំពោះអតីតអ្នករដ្ឋការនៃរបបសាធារណរដ្ឋខ្មែរចំពោះជនជាតិចាម និងជនជាតិវៀតណាម ក៏ប៉ុន្តែអង្គហេតុនេះ មិនរាប់បញ្ចូលនូវឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលប្រព្រឹត្តឡើងដោយកងទ័ពបដិវត្តន៍កម្ពុជា នៅលើដែនដីវៀតណាម នោះទេ។
ការថ្លែងពីទុក្ខវេទនារបស់ លោក អ៊ុច ស៊ុនឡាយ នឹងត្រូវបន្តនៅព្រឹកថ្ងៃទី២ ខែមីនា ទៀត។
បន្ទាប់ពីការថ្លែងទុក្ខសោករបស់ លោក អ៊ុច ស៊ុនឡាយ អង្គជំនុំជម្រះសាលាដំបូង នឹងចាប់ផ្ដើមធ្វើសវនាការពិនិត្យភស្តុតាងក្នុងប្រធានបទទី៤ នៃសំណុំរឿង០០២ វគ្គ២ ទាក់ទងនឹងការបោសសម្អាតផ្ទៃក្នុងនៃបក្សកុម្មុយនិស្តកម្ពុជា និងមន្ទីរសន្តិសុខ ៣កន្លែង គឺមន្ទីរសន្តិសុខអូរកន្សែង នៅខេត្តរតនគិរី មន្ទីរសន្តិសុខភ្នំក្រោល ខេត្តមណ្ឌលគិរី និងមន្ទីរសន្តិសុខ "ស-២១"នៅភ្នំពេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
