អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម នឹងបន្តសវនាការរបស់ខ្លួនឡើងវិញនៅព្រឹកថ្ងៃអង្គារ ទី២៦ ខែកក្កដា បន្ទាប់ពីបានឈប់សម្រាករយៈពេល ៣សប្ដាហ៍។
មន្ត្រីនាំពាក្យសាលាក្ដីខ្មែរក្រហម លោក នេត្រ ភក្ដ្រា បញ្ជាក់ថា សវនាការបន្តនេះ សាលាដំបូងនឹងចាប់ផ្ដើមដោយអង្គហេតុបោសសម្អាតខ្មាំងផ្ទៃក្នុងរបស់បក្សកុម្មុយនិស្តកម្ពុជា នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ៖ «សវនាការនៅថ្ងៃទី២៦ ខែកក្កដា នេះ គឺនឹងផ្ដោតទៅលើអង្គហេតុពាក់ព័ន្ធការបោសសម្អាតផ្ទៃក្នុង ហើយសាក្សីថ្មីមួយរូបទៀត នឹងត្រូវ កោះហៅ មកផ្ដល់សក្ខីកម្មពាក់ព័ន្ធ នឹងអង្គហេតុ នេះ។ សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ គឺសវនាការលើ សំណុំរឿង ០០២ វគ្គ២ ហ្នឹង គឺបាន ដំណើរការរយៈពេល ២០៣ថ្ងៃហើយ ហើយបានការផ្ដល់សក្ខីកម ្ម សាក្សី ៤៦រូប ដើម បណ្ដឹងរដ្ឋប្បវេណី ៤០រូប និងអ្នកជំនាញ ៣រូប » ។
កម្មាភិបាល និងប្រជាពលរដ្ឋស៊ីវិលរាប់ម៉ឺននាក់ ត្រូវបានបក្សកុម្មុយនិស្តកម្ពុជា ចោទថាខ្មាំង និងចាប់ខ្លួន ពេលបោសសម្អាតផ្ទៃក្នុងនោះ។ អ្នកទាំងនោះ ត្រូវបានគេយកទៅឃុំឃាំង ធ្វើទារុណកម្មសួរចម្លើយ រួចហើយសម្លាប់ចោល។ អង្គហេតុនេះ គឺជាឧក្រិដ្ឋកម្មដែលជនជាប់ចោទ នួន ជា និង ខៀវ សំផន កំពុងជាប់ចោទនៅក្នុងសំណុំរឿង ០០២ វគ្គ២៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
