សាលាក្ដីខ្មែរក្រហម ប្រកាសថា អង្គជំនុំជម្រះសាលាដំបូង នឹងបន្តធ្វើសវនាការលើសំណុំរឿង ០០២ វគ្គ២ បន្តទៀតនៅថ្ងៃច័ន្ទ ទី១០ តុលា។ សវនាការបន្តនេះ គឺស្របពេលដែលជំនន់ទឹកភ្លៀងនៅលិចនៅបរិវេណសាលាក្ដីនេះនៅឡើយ។
មន្ត្រីសាលាក្ដីខ្មែរក្រហម ឲ្យដឹងនៅថ្ងៃទី៩ តុលា ថា ជំនន់ទឹកភ្លៀងដែលនៅលិចបរិវេណសាលាក្ដីខ្មែរក្រហម លែងជាបញ្ហារារាំងដល់ដំណើរការសវនាការសាលាដំបូងទៀតហើយ។
មន្ត្រីនាំពាក្យសាលាក្ដីខ្មែរក្រហម លោក នេត្រ ភក្ដ្រា មានប្រសាសន៍ថា សវនាការដែលអាចបន្តទៅបាននៅនៅថ្ងៃច័ន្ទ ទី១០ តុលា នេះ គឺដោយសារតែសាលាក្ដីសង់ស្ពានបណ្ដោះអាសន្នសម្រាប់ឲ្យបុគ្គលិក និងចៅក្រមដើរឆ្លងទៅសាលសវនាការបាន៖ « រហូតមកដល់ពេលនេះ គឺស្ថានភាពនៅជុំវិញបរិវេណសាលាក្ដីខ្មែរក្រហម គឺនៅខ្ពស់ដដែល ប៉ុន្តែមានការស្រកចុះបន្តិច ហើយការសាងសង់ស្ពានឈើ និងដាក់បាវ ខ្សាច់ដើម្បី សម្រួលដល់មន្ត្រីបុគ្គលិក ដែលបំពេញការងារនៅសាលាក្ដីខ្មែរក្រហម គឺការសាងសង់រួចរាល់ ។ អ៊ីចឹងដំណើរការសវនាការរបស់តុលាការ ទាំងមូល នឹងចាប់ផ្ដើមជាធម្មតាឡើងវិញនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ »។
បញ្ហាជំនន់ទឹកភ្លៀងនៅបរិវេណសាលាក្ដីខ្មែរក្រហម បណ្ដាលឲ្យអង្គជំនុំជម្រះសាលាដំបូងផ្អាកសវនាការចាប់តាំងពីថ្ងៃទី៤ តុលា មក ដោយសារតែបុគ្គលិក និងក្រុមចៅក្រមមិនអាចចេញចូលទៅកន្លែងធ្វើការ និងសាលសវនាការបាន។ បរិវេណខ្លះនៃសាលាក្ដីនេះ មានទឹកជន់លិចប្រមាណកន្លះម៉ែត្រ។
លោក នេត្រ ភក្ដ្រា បញ្ជាក់ជាថ្មីថា សវនាការនៅថ្ងៃទី១០ តុលា អង្គជំនុំជម្រះសាលាដំបូងនឹងស្ដាប់ការសួរដេញដោលភស្តុតាងក្នុងអង្គហេតុរៀបការដោយបង្ខំនៅក្នុងរបបខ្មែរក្រហម៖ «អង្គ ជំនុំជម្រះសាលាដំបូង នឹងបន្តដំណើរការសវនាការលើ សំណុំរឿង ០០២ វគ្គ២ របស់ខ្លួនបន្តទៀត ដោយ ផ្ដោតលើ ការស្ដាប់ អង្គហេតុ ដែលផ្ដល់ដោយអ្នកជំនាញមួយរូប ដែលពាក់ព័ន្ធនឹងអង្គហេតុការរៀបអាពាហ៍ពិពាហ៍ដោយបង្ខំ និងការរំលោភ សេពសន្ថវៈនៅ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ » ។
អង្គហេតុនេះ ជាបទចោទប្រកាន់សំណុំរឿង ០០២ វគ្គ២ ប្រឆាំងជនជាប់ចោទ នួន ជា និង ខៀវ សំផន ដែលអតីតជាមេដឹកនាំជាន់ខ្ពស់នៃនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។
ទោះបីជាសវនាការអាចបន្តជាធម្មតាឡើងវិញនៅថ្ងៃទី១០ តុលា ក្ដី ក៏សាលាក្ដីខ្មែរក្រហមមិនអាចអនុញ្ញាតឲ្យសាធារណជនចូលរួមតាមដានសវនាការដោយផ្ទាល់ដូចមុនបានទេ ព្រោះជំនន់ទឹកភ្លៀងលិចនៅមានកម្រិតខ្ពស់ ហើយសាលាក្ដីមិនមានផ្លូវសុវត្ថិភាពសម្រាប់ទទួលសាធារណជន និងឲ្យចូលទៅសាលសវនាការបានឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
