អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម នៅថ្ងៃពុធ ទី២៦ សីហា ធ្វើសវនាការស្ដាប់ភាគីដាក់ឯកសារគន្លឹះ ទាក់ទងនឹងអង្គហេតុស្ដីពីការដ្ឋានការងារដោយបង្ខំចំនួន ៣កន្លែង ដែលបានធ្វើសវនាការចាប់តាំងពីចុងខែកក្កដា រហូតមកដល់ពេលនេះ។ សវនាការត្រូវបានផ្អាក បន្ទាប់ពីមេធាវីការពារក្ដីជនជាប់ចោទធ្វើពហិការ។
សវនាការដែលប្រព្រឹត្តទៅបានរយៈពេល ១ម៉ោងកន្លះ ត្រូវបានអង្គជំនុំជម្រះសាលាដំបូងសម្រេចផ្អាកវិញភ្លាមៗ បន្ទាប់ពីក្រុមមេធាវីការពារក្ដីជនជាប់ចោទទាំងពីរក្រុម ប្រកាសដកខ្លួនពីសវនាការនេះ។
ប្រធានអង្គជំនុំជម្រះសាលាដំបូង លោកចៅក្រម និល ណុល ពន្យល់ថា ការសម្រេចផ្អាកនេះ ក៏ព្រោះតែជនជាប់ចោទមិនមានអ្នកការពារក្ដី បន្ទាប់ពីក្រុមមេធាវីទាំងជាតិ និងអន្តរជាតិ ធ្វើពហិការដើរចេញពីអង្គជំនុំជម្រះ៖ «ជានីតិវិធី ការប្រព្រឹត្តទៅនៅតុលាការ នៅចំពោះមុខអង្គជំនុំជម្រះនេះ ត្រូវតែមានវត្តមានការពារក្ដីយ៉ាងហោចណាស់ក៏មានមួយភាគី គឺភាគីជាតិមានវត្តមានដែរ។ ដោយសារតែមេធាវីជាតិ និងអន្តរជាតិ បានធ្វើពហិការដើរចេញទៅ ដូច្នេះនីតិវិធីប្រព្រឹត្តទៅមិនបានទេ។ អង្គជំនុំជម្រះសម្រេចផ្អាកសវនាការនេះត្រឹមនេះ ហើយសវនាការលើកទៅបន្តធ្វើនៅថ្ងៃស្អែក»។
មូលហេតុនៃការដើរចេញរបស់មេធាវីការពារក្ដីជនជាប់ចោទ គឺចាប់ផ្ដើមដោយមេធាវីអន្តរជាតិការពារជនជាប់ចោទ នួន ជា គឺលោក វិកទ័រ កូប៉េ (Victor Koppe) ដែលប្រឆាំងនឹងការសម្រេចរបស់ប្រធានអង្គជំនុំជម្រះ ដែលអនុញ្ញាតឲ្យភាគីសហព្រះរាជអាជ្ញា ដាក់ឯកសារជាកំណត់ហេតុ បានមកពីការស្ដាប់សាក្សីដែលស្លាប់ទៅហើយ។ មេធាវីការពារក្ដីជនជាប់ចោទ មិនចង់ឲ្យសហព្រះរាជអាជ្ញាដាក់កំណត់ហេតុទាំងអស់នោះធ្វើជាឯកសារគន្លឹះទេ។ មេធាវីអន្តរជាតិការពារក្ដីឲ្យជនជាប់ចោទ ខៀវ សំផន លោក អាទើរ វែរកិន (Arthur Vercken) ចាត់ទុកថា ការអនុញ្ញាតឲ្យដាក់ឯកសារបែបនេះ ដូចជាសវនាការធ្វើសេចក្ដីសន្និដ្ឋានបញ្ចប់ទៅហើយ។
បន្ទាប់ពីការដើរចេញរបស់មេធាវីអន្តរជាតិ មេធាវីជាតិការពារក្ដីឲ្យជនជាប់ចោទ ខៀវ សំផន លោក គង់ សំអុន ក៏សម្រេចដើរចេញពីអង្គសវនាការដែរ៖ «ដោយយើងធ្វើការជាក្រុម ដូច្នេះយើងត្រូវមានការយល់ដូចគ្នានៅលើចំណុចនេះ។ ដូច្នេះខាងខ្ញុំក៏សុំដកខ្លួនចេញពីការដាក់បង្ហាញឯកសារនេះដែរ»។
មេធាវីអន្តរជាតិការពារជនជាប់ចោទ នួន ជា គឺលោក វិកទ័រ កូប៉េ ស្នើសុំថា ឯកសារគន្លឹះគួរតែជាឯកសារទស្សនាវដ្ដី ព្រឹត្តិបត្រសារព័ត៌មាន ឬសៀវភៅសំខាន់ៗ។
សហចៅក្រមអន្តរជាតិ លោក ហ្សង់ ម៉ាកឡាវែញ (Jean-Marc Lavergne) ថ្លែងថា អង្គជំនុំជម្រះបានស្ថិតនៅក្នុងស្ថានភាពមួយលំបាកអស្ចារ្យ។ លោកបន្តថា អង្គជំនុំជម្រះនឹងពិចារណារកវិធីដោះស្រាយបញ្ហាកំពុងកើតមាននេះ។
សវនាការរបស់អង្គជំនុំជម្រះសាលាដំបូងពេលនេះ គឺធ្វើឡើងដើម្បីឲ្យភាគីមានឱកាសដាក់ឯកសារសំខាន់ ដែលពាក់ព័ន្ធនឹងការជំនុំជម្រះនៅក្នុងវគ្គនីមួយៗនៃសំណុំរឿង០០២ វគ្គទី២។ អង្គជំនុំជម្រះសម្រេចថា ឯកសារគន្លឹះ គឺទាក់ទងនឹងអង្គហេតុការដ្ឋានការងារទាំង៣ គឺការដ្ឋានទំនប់ ១មករា ខេត្តកំពង់ធំ ការដ្ឋានវាលយន្តហោះកំពង់ឆ្នាំង និងការដ្ឋានការងារទំនប់អាងត្រពាំងថ្ម។
អង្គជំនុំជម្រះ គ្រោងធ្វើសវនាការនេះចំនួន ៣ថ្ងៃ គឺថ្ងៃទី២៦ ទី២៧ និងថ្ងៃទី៣១ ខែសីហា នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
