សាលា​ក្ដី​ខ្មែរ​ក្រហម​ប្រឈម​នឹង​បញ្ហា​រៀបចំ​កាលវិភាគ​សវនាការ​បន្តបន្ទាប់

0:00 / 0:00

អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម ផ្អាក​សវនាការ​ជា​បណ្ដោះអាសន្ន​នៅ​ពេល​រសៀល​ថ្ងៃ​ទី​១៩ មីនា ដោយសារ​តែ​សាក្សី​មាន​បញ្ហា​សុខភាព។ ការ​ផ្អាក​នេះ គឺ​បន្ទាប់​ពី​បាន​បញ្ចប់​ការ​ស្ដាប់​សក្ខីកម្ម​របស់​សាក្សី​ឈ្មោះ រៀល សន អតីត​អនុប្រធាន​មន្ទីរពេទ្យ​របប​ខ្មែរ​ក្រហម នៅ​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ហើយ​គ្មាន​សាក្សី​ផ្សេង​ទៀត​នៅ​ឡើយ។

អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម បង្ហាញ​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ មីនា ថា ខ្លួន​កំពុង​ប្រឈម​នឹង​បញ្ហា​ក្នុង​ការ​រៀបចំ​កាលវិភាគ​សវនាការ​បន្តបន្ទាប់​ទៅ​មុខ​ទៀត ទើប​សម្រេច​ផ្អាក​សវនាការ។

ប្រធាន​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង លោក​ចៅក្រម និល ណុន ជម្រាប​ភាគី​ពាក់ព័ន្ធ​ថា ការ​សម្រេច​ផ្អាក​សវនាការ​នៅ​ពេល​រសៀល គឺ​ដើម្បី​ប្រជុំ​ដោះស្រាយ​បញ្ហា​កំពុង​ប្រឈម ដែល​មាន​ជាអាទិ៍ ការ​ដាក់​បន្ថែម​ឯកសារ​ថ្មីៗ​រាប់​ពាន់​ទំព័រ និង​សាក្សី​វ័យ​ចាស់​មាន​បញ្ហា​សុខភាព៖ «ដោយ​មាន​បញ្ហា​ផ្លាស់​ប្ដូរ​កាលបរិច្ឆេទ​សវនាការ មូលហេតុ​ដោយសារ​សាក្សី​បម្រុង​ដែល​យើង​បាន​កោះ​អញ្ជើញ​មក​ថ្ងៃ​នេះ គាត់​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ មិន​អាច​ធ្វើ​សវនាការ​បាន។ ដូច្នេះ នៅ​ក្នុង​សប្ដាហ៍​ក្រោយ​នេះ អង្គ​ជម្រះ​នឹង​ពិនិត្យ​លទ្ធភាព​ដើម្បី​កោះ​ហៅ​បុគ្គល​ដទៃ​ផ្សេង​ទៀត​មក​ផ្ដល់​សក្ខីកម្ម នៅ​ថ្ងៃ​ច័ន្ទ សប្ដាហ៍​ក្រោយ​នេះ»

ថ្មីៗ​នេះ សហ​ព្រះរាជ​អាជ្ញា​ដាក់​ឯកសារ​ស្ដាប់​ចម្លើយ​បន្ថែម​ទៀត​ចំនួន ២.៣០០​ទំព័រ​ជា​ភាសា​ខ្មែរ និង ២.៥០០​ទំព័រ​ជា​ភាសា​អង់គ្លេស សម្រាប់​ឲ្យ​ភាគី​នៅ​ក្នុង​រឿង​ក្ដី​ពិនិត្យ។ ខាង​មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ​បញ្ជាក់​ថា ភាគី​ខ្លួន​មិន​អាច​ពិនិត្យ​ឯកសារ​ដ៏​ច្រើន​នេះ​ឲ្យ​ទាន់​សម្រាប់​សវនាការ​ថ្ងៃ​ច័ន្ទ សប្ដាហ៍​ក្រោយ​បាន​ទេ។

ទន្ទឹម​គ្នា​នឹង​ការ​ដាក់​ឯកសារ​ថ្មី ហើយ​មិន​ទាន់​មាន​សាក្សី​ថ្មី អង្គ​ជំនុំ​ជម្រះ​កត់​សម្គាល់​បន្ថែម​ទៀត​ថា អង្គ​ជំនុំ​ជម្រះ​ក៏​មាន​បំណង​កែប្រែ​លំដាប់​លំដោយ​អង្គ​ហេតុ​ស្ដីពី​ការដ្ឋាន​ការងារ​ដែរ។ អង្គ​ជំនុំ​ជម្រះ នឹង​ពន្យារ​ពេល​ធ្វើ​សវនាការ​ទៅ​លើ​អង្គ​ហេតុ​ការដ្ឋាន​ទំនប់​ត្រពាំង​ថ្ម ដោយសារ​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​កំណត់​ស្ដាប់​ចម្លើយ​ថ្មីៗ​មួយ​ចំនួន។ ការ​ពន្យារ​ពេល​នេះ គឺ​រហូត​ដល់​ការ​ស្ដាប់​សក្ខីកម្ម​ពាក់ព័ន្ធ​នឹង​អង្គ​ហេតុ​ស្ដីពី​ព្រលាន​យន្តហោះ​កំពង់ឆ្នាំង ចប់៖ «ដោយ​ផ្អែក​ទៅ​លើ​ការ​ពិចារណា​ទាំង​នេះ អង្គ​ជម្រះ​សម្រេច​ផ្អាក​សវនាការ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​៦ រហូត​ដល់​ថ្ងៃ​ទី​៩ ខែ​មេសា ហើយ​នឹង​ចាប់​ផ្ដើម​ធ្វើ​សវនាការ​ឡើង​វិញ​បន្ទាប់​ពី​ការ​ឈប់​សម្រាក​ចូល​ឆ្នាំ​ខ្មែរ គឺ​នៅ​ថ្ងៃ​ទី​២១ ខែ​មេសា ដើម្បី​ស្ដាប់​សក្ខីកម្ម​របស់​សាក្សី​បន្ទាប់​ទៀត។ អង្គ​ជម្រះ​យល់​ឃើញ​ថា ការ​ផ្អាក​សវនាការ​នេះ នឹង​ផ្ដល់​ឱកាស​ឲ្យ​មេធាវី​ការពារ​ក្ដី និង​មេធាវី​តំណាង​ដើម​បណ្ដឹង​រដ្ឋប្បវេណី មាន​ពេល​វេលា​គ្រប់គ្រាន់ ដើម្បី​ពិនិត្យ​មើល​ឯកសារ ដែល​បាន​ដាក់​បង្ហាញ​ទាំង​នេះ»

បន្ទាប់​ពី​កិច្ច​ប្រជុំ​ផ្ទៃ​ក្នុង​រួច អង្គ​ជំនុំ​ជម្រះ​នឹង​ផ្ដល់​ដំណឹង​ដល់​ភាគី​នានា​ក្នុង​រឿង​ក្ដី នៅ​ថ្ងៃ​ទី​២០ មីនា ស្ដី​អំពី​សាក្សី ឬ​បុគ្គល​ដែល​អង្គ​ជម្រះ​សម្រេច​កោះ​ហៅ​មក​ផ្ដល់​សក្ខីកម្ម​នៅ​ថ្ងៃ​ច័ន្ទ ទី​២៣ មីនា សប្ដាហ៍​ក្រោយ។

ទោះ​ជា​មិន​ទាន់​បញ្ជាក់​ឲ្យ​ប្រាកដ​ថា នឹង​ស្ដាប់​សាក្សី​ណា​មួយ​ក្ដី ក៏​អង្គ​ជំនុំ​ជម្រះ​កំណត់​ថា នឹង​ធ្វើ​សវនាការ​បន្ត​ទៀត​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២៣ មីនា នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។