អតីត​ឆ្មាំ​គុក​របប​ខ្មែរ​ក្រហម​បដិសេធ​ថា​មិន​បាន​រំលោភ​និង​សម្លាប់​អ្នក​ទោស​ស្ត្រី

អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ទី​២៥ មីនា ស្ដាប់​ការ​សួរ​ដេញ​ដោល​សាក្សី សយ សែន បញ្ជាក់​ឡើង​វិញ ដែល​បាន​ផ្ដល់​សក្ខីកម្ម​ចោទ​ឆ្មាំ​គុក​ក្រាំង​តា​ចាន់ ២​នាក់ គឺ​ឈ្មោះ ឌុច និង សាំង ថា​បាន​រំលោភ និង​សម្លាប់​អ្នក​ទោស​ស្ត្រី ២​រូប។

មក​ដល់​ពេល​នេះ មិន​មាន​អតីត​ឆ្មាំ​គុក​ណា​មួយ​ទទួល​យក​សក្ខីកម្ម​ចោទ​ប្រកាន់​របស់​សាក្សី សយ សែន ទេ។ នៅ​ថ្ងៃ​ដដែល អតីត​ឆ្មាំ​គុក​ក្រាំង​តា​ចាន់ សូត្រ សាំង បាន​ច្រាន​ចោល​រាល់​ការ​ចោទ​ប្រកាន់​នោះ៖ «ជា​ថ្មី​ម្ដង​ទៀត តើ​ជា​ការ​ត្រឹមត្រូវ​ទេ​ក្នុង​ការ​និយាយ​ថា លោក ហើយ​និង ឌុច តូច នេះ បាន​ប្រព្រឹត្ត​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ​ទៅ​លើ​ស្ត្រី ដោយ​ញាត់​ក្បាល​គ្រាប់​កាំភ្លើង សែវិនធីណៃ (M-79) ចូល​ក្នុង​ប្រដាប់​ភេទ​របស់​គាត់? ឆ្លើយ៖ បាទ! គឺ​ចម្លើយ​នេះ​មិន​ពិត​ទេ​បាទ! ឥឡូវ​ខ្ញុំ​ចូល​ទៅ​សំណួរ​តែ​ម្ដង​លោក​ដើម​បណ្ដឹង​រដ្ឋប្បវេណី តើ​លោក​យល់ស្រប​ជាមួយ​អ្នក​យាម​ទាំងអស់​ហ្នឹង​ទេ គឺ​សៀង ស៊ីម ឌុច តូច វ៉ាន់ សឿន ដែល​គាត់​និយាយ​ថា គាត់​មិន​មាន​តួនាទី​អ្វី​ទេ ក្នុង​ពេល​សួរ​ចម្លើយ​ក្នុង​ពេល​សម្លាប់​មនុស្ស​នោះ ពីព្រោះ​ថា ពួក​គាត់​ទាំងអស់​នោះ​យាម​តែ​នៅ​ខាង​ក្រៅ​ទេ។ តើ​លោក​មាន​ចម្លើយ​តប​យ៉ាង​ណា​ទៅ​នឹង​ចម្លើយ​ពួក​គាត់​ទាំងអស់​នេះ? ឆ្លើយ៖ ចម្លើយ​គឺ​មិន​ពិត​ប្រាកដ​ទេ ពួក​គាត់​និយាយ។ គឺ​គាត់​ហ្នឹង​ហើយ​ជា​អ្នក​ចាប់​អ្នក​ចង​អ្នក​សម្លាប់។ ចៀសវាង វ៉ាន់ សឿន មួយ​ខ្ញុំ​អត់​ស្គាល់​ទេ។ ពី​មុន​អត់​មាន​ឈ្មោះ វ៉ាន់ សឿន ទេ។ នៅ​កន្លែង​នោះ​អត់​មាន​ទេ»

ការ​ចោទ​ប្រកាន់ និង​ការ​បដិសេធ បាន​ធ្វើ​ឲ្យ​អង្គ​ជំនុំ​ជម្រះ​ជួប​បរិយាកាស​លំបាក​ខ្លះ​ក្នុង​សវនាការ រហូត​ធ្វើ​ឲ្យ​ភាគី​ខ្លះ​ទាមទារ​អ្នក​ទាំង​ពីរ​មក​ផ្ដល់​សក្ខីកម្ម​ត​ទល់​មុខ​គ្នា​ទៀត​ផង។ ប៉ុន្តែ​អង្គ​ជំនុំ​ជម្រះ​មិន​ទាន់​ថា​យ៉ាង​ណា​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។