អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម នៅថ្ងៃទី២៥ មិថុនា បានស្ដាប់សក្ខីកម្មរបស់សាក្សីឈ្មោះ កង អ៊ុត ជាអតីតនារីកងចល័តមួយរូបទៀត ទាក់ទងនឹងការងារដោយបង្ខំនៅការដ្ឋានធ្វើទំនប់ ១មករា ក្នុងខេត្តកំពង់ធំ។ អង្គជំនុំជម្រះសាលាដំបូង បានបញ្ចប់កិច្ចដំណើរការនីតិវិធីសវនាការរបស់ខ្លួនសម្រាប់ខែមិថុនា។
សាក្សីឈ្មោះ កង អ៊ុត គឺជាសាក្សីចុងក្រោយសម្រាប់សវនាការខែមិថុនា ទាក់ទងនឹងអង្គហេតុការដ្ឋានធ្វើទំនប់ ១មករា នៅខេត្តកំពង់ធំ។
អតីតនារីកងចល័ត គឺសាក្សី កង អ៊ុត ត្រូវបានអង្គជំនុំជម្រះសួរដេញដោល ជុំវិញការធ្វើការងារ ស្ថានភាពរស់នៅ ការរៀបការ និងការសម្លាប់មនុស្សនៅតំបន់នោះ។ សាក្សីរូបនេះជាសាក្សីចុងក្រោយ មុននឹងអង្គជំនុំជម្រះផ្អាកសវនាការរហូតដល់ចុងខែកក្កដា។
សាក្សី កង អ៊ុត ក្រៅពីការរៀបរាប់អំពីស្ថានភាពរស់នៅ និងធ្វើការលំបាក លោកស្រីក៏បញ្ជាក់ថា ធ្លាប់បានឃើញគេដឹកមនុស្សយកទៅមន្ទីរសន្តិសុខឈ្មោះ វត្តបារាយជាន់ដែក៖ «ខ្ញុំមិនដឹងថាប៉ុន្មានទេ។ មិនអាចសន្និដ្ឋានទេ តែដឹកឡានក៏មាន ដឹករទេះគោក៏មាន។ មិនដឹងជាប៉ុន្មាន ព្រោះអីខ្ញុំមិនហ៊ានចេញទៅមើលទេ យប់ព្រលប់ៗហើយ។ យូរៗមកម្ដង មិនមករាល់ថ្ងៃទេ។ ភាគច្រើនច្រើនតែអ្នកមកពីចម្ងាយ»។
វត្តបារាយជាន់ដែក ជាមន្ទីរសន្តិសុខមួយកន្លែងស្ថិតនៅក្នុងភូមិត្រស់ ឃុំបល្ល័ង្ក ស្រុកបល្ល័ង្ក ខេត្តកំពង់ធំ។ របាយការណ៍ស្រាវជ្រាវរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា បង្ហាញតួលេខថា មានមនុស្សប្រមាណ ១ម៉ឺន ៥ពាន់នាក់ ត្រូវបានពួកខ្មែរក្រហមសម្លាប់នៅមន្ទីរសន្តិសុខវត្តបារាយជាន់ដែក នោះ។ របាយការណ៍ដដែលបង្ហាញថា នៅទីនោះគេបានរកឃើញមានរណ្ដៅកប់សពរួមចំនួន ២០០រណ្ដៅ។ ភស្តុតាងជាឆ្អឹងសាកសព ត្រូវបានពលរដ្ឋក្នុងតំបន់គាស់តម្កល់ទុកនៅទីនោះរហូតមកដល់សព្វថ្ងៃ។
បន្ទាប់ពីសាក្សី កង អ៊ុត នេះទៅ អង្គជំនុំជម្រះសាលាដំបូងនឹងផ្អាកធ្វើសវនាការរយៈពេលមួយខែ។
ប្រធានអង្គជំនុំជម្រះសាលាដំបូង លោកចៅក្រម យ៉ា សុខន ប្រកាសថា អង្គជំនុំជម្រះនឹងចាប់ផ្ដើមធ្វើសវនាការឡើងវិញ នៅថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ខាងមុខ៖ «សវនាការដែលនឹងចាប់ផ្ដើមឡើងវិញ នៅថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០១៥ អង្គជំនុំជម្រះនឹងធ្វើសវនាការស្ដាប់សក្ខីកម្មសាក្សី ដើមបណ្ដឹងរដ្ឋប្បវេណីពាក់ព័ន្ធនឹងអង្គហេតុទំនប់ត្រពាំងថ្ម។ ចំពោះលំដាប់លំដោយសាក្សី ដើមបណ្ដឹងរដ្ឋប្បវេណីពាក់ព័ន្ធនឹងអង្គហេតុទំនប់ត្រពាំងថ្ម អង្គជំនុំជម្រះបានជម្រាបជូនតាមអ៊ីមែលរួចហើយ»។
ការដ្ឋានលើកទំនប់អាងត្រពាំងថ្ម ត្រូវបានសាលាដំបូងចាត់ចូលជាអង្គហេតុការដ្ឋានធ្វើការងារដោយបង្ខំមួយ ក្នុងចំណោមការដ្ឋានធ្វើការងារដោយបង្ខំចំនួន៣ នៅក្នុងសំណុំរឿងលេខ០០២ វគ្គ២។ ការដ្ឋានការងារដោយបង្ខំទាំង៣ នេះ គឺមានទីមួយ ការដ្ឋានទំនប់ ១មករា នៅខេត្តកំពង់ធំ ការដ្ឋានសង់វាលយន្តហោះនៅខេត្តកំពង់ឆ្នាំង និងការដ្ឋានលើកទំនប់អាងត្រពាំងថ្ម នៅខេត្តបន្ទាយមានជ័យ។ រហូតមកដល់ថ្ងៃទី២៥ មិថុនា អង្គជំនុំជម្រះសាលាដំបូង បានបញ្ចប់សវនាការលើអង្គហេតុការដ្ឋានការងារពីរហើយ គឺការដ្ឋានសង់វាលយន្តហោះ នៅខេត្តកំពង់ឆ្នាំង និងការដ្ឋានទំនប់ ១មករា នៅខេត្តកំពង់ធំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
