អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម នៅថ្ងៃទី៣ កុម្ភៈ បញ្ចប់សវនាការសួរដេញដោលសាក្សី មាស វឿន ទាក់ទងនឹងការសម្លាប់ជនជាតិវៀតណាម នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ សាក្សីរូបនេះ បដិសេធការពាក់ព័ន្ធក្នុងការសម្លាប់ជនជាតិវៀតណាម។
សាក្សី មាស វឿន អតីតជាអនុមេបញ្ជាការកងពលលេខ១ នៃកងទ័ពកម្ពុជាប្រជាធិបតេយ្យ រក្សាការអះអាងរបស់ខ្លួននៅថ្ងៃទី៣ កុម្ភៈ ថា លោកមិនដែលបានទទួលបញ្ជាពីថ្នាក់លើឲ្យសម្លាប់ជនស៊ីវិលជនជាតិវៀតណាម ទេនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។
លោកបញ្ជាក់ថា ពេលដែលកងពលរបស់លោកចាប់បានជនជាតិវៀតណាម ភៀសខ្លួនទៅប្រទេសថៃ កាត់តាមដែនសមុទ្រខ្មែរខេត្តកោះកុង នោះ លោកមិនដែលសម្លាប់ទេ ថ្វីបើគោលនយោបាយរបបកម្ពុជាប្រជាធិបតេយ្យ មិនឲ្យជនជាតិវៀតណាម រស់នៅលើទឹកដីខ្មែរក៏ដោយ៖ «សំខាន់ គឺយួន ដែលថាមិនឲ្យលើទឹកដីខ្មែរនោះ មិនមានផែនការកម្ទេចទេ ព្រោះថាឲ្យប្រមូលបញ្ជូនមកឲ្យថ្នាក់លើ ។ អាហ្នឹងពី ឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៧៩ ហើយនោះ។ អាហ្នឹងដែលខ្ញុំនៅព្រំដែន។ នៅខាងក្រោយ ខ្ញុំមិនបានទទួលទេ ព្រោះអីខ្ញុំបានធ្វើ ដូចថា យួន ដែលខ្ញុំចាប់បានអ៊ីចឹង ខ្ញុំបញ្ជូនមកខាងលើ។ តែផែនការឲ្យកម្ទេច ខ្ញុំអត់បានកម្ទេចទេ ខ្ញុំបញ្ជូនមកថ្នាក់ដឹកនាំខាងលើរបស់ខ្ញុំ » ។
សាក្សី មាស វឿន ឲ្យដឹងដែរថា ជនភៀសខ្លួនវៀតណាម ដែលចាប់បាននៅពេលនោះ គឺធ្វើដំណើរតាមទូកតូចៗដែលមានចំនួនត្រឹម ១០នាក់។ ការបញ្ជូនពួកគេទៅថ្នាក់លើនៅក្រុងកំពង់សោម គឺជាបញ្ជារបស់មេបញ្ជាការកងពលរបស់លោក ឈ្មោះ សឿង៖ « គាត់អត់បានឲ្យសម្លាប់ទេ ។ គាត់ថាបើចាប់ជនជាតិវៀតណាម ឬក៏ជនជាតិណាក៏ដោយ ត្រូវរាយការណ៍ឲ្យគាត់ដឹង គាត់នឹងមានវិធានការបញ្ជូនទៅតាមថ្នាក់។ គាត់ប្រាប់អ៊ីចឹងរួចស្រេចហ្នឹង បានខ្ញុំចាប់បានហើយបញ្ជូនតាមគាត់ប្រាប់ ។ ខ្ញុំបញ្ជូនទៅកន្លែងកងអគ្គសេនាធិការគេនៅកំពង់សោម។ ខ្ញុំបញ្ជូនហើយ គេដោះស្រាយ យ៉ាង ណា អាហ្នឹងខ្ញុំអត់បានដឹងទេ។ នោះជារឿងផ្សេងរបស់គេខាងនោះ » ។
សក្ខីកម្មរបស់សាក្សី មាស វឿន នេះ គឺផ្ទុយគ្នានឹងសក្ខីកម្មរបស់សាក្សីអតីតកងទ័ពជើងទឹកនៃកងពលលេខ១៦៤ មួយរូប ដែលបានជម្រាបអង្គជំនុំជម្រះថា ថ្នាក់លើបានបញ្ជាឲ្យសម្លាប់ជនជាតិវៀតណាម នៅតាមកោះ ឬលើទូក ប្រសិនបើការចាប់បាននោះមានចំនួនតិចជាង ២០នាក់។
សវនាការស្ដាប់ភស្តុតាងក្នុងសំណុំរឿង០០២ វគ្គ២ រហូតមកដល់ពេលនេះ អង្គជំនុំជម្រះសាលាដំបូង នៅតែបន្តផ្ដោតលើភស្តុតាងស្ដីពីការប្រព្រឹត្តរបស់អាជ្ញាធររបបកម្ពុជាប្រជាធិបតេយ្យ លើក្រុមគោលដៅជាក់លាក់ គឺជនជាតិវៀតណាម និងអតីតទាហាននៃរបបសាធារណរដ្ឋខ្មែរ។
សាក្សី មាស វឿន ថ្លែងថា លោកបានឮអំពីមន្ទីរសន្តិសុខនៅព្រៃនប់ ខេត្តព្រះសីហនុ និងការដ្ឋានសង់វាលយន្តហោះនៅខេត្តកំពង់ឆ្នាំង ប៉ុន្តែលោកមិនបានស្គាល់ទីតាំងទាំងនោះទេ។
សវនាការនៅថ្ងៃទី៣ កុម្ភៈ គឺជាសវនាការចុងក្រោយសម្រាប់សប្ដាហ៍នេះ ហើយអង្គជំនុំជម្រះសាលាដំបូង លើកទៅធ្វើបន្តទៀតនៅព្រឹកថ្ងៃច័ន្ទ ទី៨ កុម្ភៈ សប្ដាហ៍ក្រោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
