អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម បានបញ្ចប់ការស្ដាប់សាក្សី សៀន ស៊ង់ ទាក់ទងនឹងការប្រព្រឹត្តរបស់ពួកខ្មែរក្រហម ចំពោះក្រុមគោលដៅជាក់លាក់ គឺជនជាតិវៀតណាម។ នៅមុនពេលបញ្ចប់សក្ខីកម្ម នៅថ្ងៃទី២៨ តុលា សាក្សីរូបនេះអះអាងថា ពួកខ្មែរក្រហមសម្លាប់ជនជាតិវៀតណាម វះយកប្រមាត់។
សាក្សី សៀន ស៊ង់ ជម្រាបអង្គជំនុំជម្រះថា លោកបានឃើញផ្ទាល់ភ្នែក នៅពេលដែលពួកខ្មែរក្រហម វះស្ត្រីជនជាតិវៀតណាម ម្នាក់យកប្រមាត់ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ៖ «ពេលគេបណ្ដើរចេញមក គេហៅឈ្មោះ ចន្ថា។ ខ្ញុំក៏តាមមើលទៅដល់រណ្ដៅសម្លាប់។ គេក៏អត់ទាន់សម្លាប់។ គេយកចេញពីរណ្ដៅនោះប្រហែលជា ១០ម៉ែត្រ ក៏គេធ្វើទារុណកម្មលើកជើងសងខាងពាក់លើក្បាល ដើម្បីវះយកប្រមាត់ទៅដាក់ក្នុងឪទឹនស្រាចែកគ្នាផឹក។ ក្រោយមក គេទុកនាងចោលនៅទីកន្លែងនោះ គេសម្លាប់អ្នកដែលនាំមកពីក្នុងវត្តសិន»។
លោកបញ្ជាក់នៅថ្ងៃទី២៨ តុលា ថា ជនជាតិវៀតណាម ដែលគេយកទៅសម្លាប់នៅវត្តខ្សាច់ គឺមានចំនួនប្រមាណពី ៣០០ ទៅ ៤០០នាក់ ហើយត្រូវបានគេដឹកតាមរទេះគោមកពីតាមតំបន់នានា ក្នុងស្រុកជីក្រែង និងឃុំសង្វើយ ស្រុកសូទ្រនិគម។ លោកបន្តថា រណ្ដៅមួយសម្រាប់ដាក់សាកសពជនជាតិវៀតណាម មានទំហំ ៥ម៉ែត្រគុណនឹង ៥ម៉ែត្រ ជម្រៅ ៣ម៉ែត្រ។
បន្ទាប់ពីការស្ដាប់សាក្សី សៀន ស៊ង់ អង្គជំនុំជម្រះសាលាដំបូង នឹងមិនធ្វើសវនាការទេ រហូតដល់ចុងខែវិច្ឆិកា គឺបន្ទាប់ពីសវនាការលើបណ្ដឹងសាទុក្ខនៅតុលាការកំពូលចប់។ តុលាការកំពូល កំណត់ធ្វើសវនាការលើបណ្ដឹងសាទុក្ខរបស់ភាគីជនជាប់ចោទរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា។
ប្រធានអង្គជំនុំជម្រះសាលាដំបូង លោកចៅក្រម និល ណុន ប្រកាសថា សវនាការបន្ត នឹងផ្ដោតលើការប្រព្រឹត្តចំពោះជនជាតិវៀតណាម ដដែល ប៉ុន្តែមិនទាន់អាចបញ្ជាក់ពីសាក្សីបាននៅឡើយទេ៖ «សវនាការនៅថ្ងៃច័ន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ ខាងមុខនេះ គឺបន្តស្ដាប់សាក្សីដើមបណ្ដឹងរដ្ឋប្បវេណី លើអង្គហេតុចោទប្រកាន់ការប្រព្រឹត្តទៅលើក្រុមមនុស្សជាគោលដៅជាក់លាក់ ចំពោះជនជាតិវៀតណាម ហើយអង្គជម្រះ នឹងជម្រាបជូនដំណឹងដល់ភាគីពាក់ព័ន្ធពីបញ្ជីឈ្មោះ និងលំដាប់លំដោយនៃការស្ដាប់សក្ខីកម្មសាក្សី ដើមបណ្ដឹងរដ្ឋប្បវេណី នាពេលសមស្របឆាប់ៗខាងមុខនេះ បន្ទាប់ពីអង្គជម្រះបានទទួលព័ត៌មានជាក់លាក់ពីអង្គភាពគាំពារសាក្សី និងអ្នកជំនាញ ពីលទ្ធភាពនៃការអាចមកផ្ដល់សក្ខីកម្មបានរបស់សាក្សី និងដើមបណ្ដឹងរដ្ឋប្បវេណី ដែលពាក់ព័ន្ធ»។
ការប្រព្រឹត្តចំពោះជនជាតិវៀតណាម នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ គឺឋិតក្នុងបទចោទអំពីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ នៃសំណុំរឿងលេខ០០២ វគ្គ២ ប្រឆាំងនឹងជនជាប់ចោទ នួន ជា និង ខៀវ សំផន។ ការចោទប្រកាន់នេះ គឺបន្ថែមទៅលើបទចោទក្នុងសំណុំរឿងលេខ០០២ វគ្គ១ ទាក់ទងនឹងការជម្លៀសពលរដ្ឋដោយបង្ខំ ការសម្លាប់ទាហាន និងមន្ត្រីរដ្ឋការរបប លន់ នល់ ដែលជនជាប់ចោទទាំងពីរ ត្រូវសាលាដំបូងផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។ ជនជាប់ចោទទាំងពីរ កំពុងប្ដឹងសាទុក្ខ ព្រោះមិនសុខចិត្តនឹងសាលក្រមនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
