អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម នៅថ្ងៃទី២៨ មករា សួរដេញដោលសាក្សីថ្មីមួយរូបអំពីការដឹកជនជាតិវៀតណាម នៅក្នុងស្រុកត្រាំកក់ ខេត្តតាកែវ កាលពីក្នុងឆ្នាំ១៩៧៥។ សាក្សីរូបនោះគឺជាប្អូនថ្លៃតា ម៉ុក ប្រធានភូមិភាគនិរតី នៃរបបកម្ពុជាប្រជាធិបតេយ្យ។
សាក្សីថ្មីវ័យ ៧៣ឆ្នាំ ឈ្មោះ សាន ឡន ហៅ ម៉ូញ ជម្រាបអង្គជំនុំជម្រះថា លោកពិតជាអ្នកដឹកគ្រួសារជនជាតិវៀតណាម នៅក្នុងត្រាំកក់ ខេត្តតាកែវ ពេលដែលអាជ្ញាធរខ្មែរក្រហមប្រមូលបានពីតាមឃុំនានា៖ «ឆ្នាំ១៩៧៥ ឱ្យខ្ញុំដឹកប្រជាជនវៀតណាម នោះ បានខ្ញុំដឹង។ កាលដឹកប្រជាជននេះ អត់មានចងដាក់ខ្នោះដាក់អីទេ គឺឱ្យគាត់ឡើងឡានតែម្ដង ឱ្យជិះឡាន។ អត់បានទទួលបញ្ជីទេ ព្រោះមានខាងមន្ទីរស្រុកគាត់ជាអ្នកទទួលខុសត្រូវ។ ឯខ្ញុំគ្រាន់តែដឹកប៉ុណ្ណោះ។ ឃើញតែប្រធានឃុំហៅគាត់ឱ្យឡើងឡានតែម្ដងថាបញ្ជូនទៅស្រុកវៀតណាមវិញ។ ខ្ញុំឮតែអ៊ីចឹង»។
សាក្សី សាន ឡន ជាអតីតនីរសារលេខាស្រុកបញ្ជាក់ថា ការដឹកជញ្ជូនគ្រួសារជនជាតិវៀតណាម ទាំងនោះ គឺលោកទទួលបញ្ជាពីកម្មាភិបាលថ្នាក់ស្រុកតាមរយៈកម្មាភិបាលម្នាក់ទៀតឈ្មោះ ភី។ ប៉ុន្តែលោកមិនបានដឹងថាមានចំនួនប៉ុន្មាន ហើយវាសនាទិសដៅចុងក្រោយគេយកទៅណាទេ។
ទាក់ទងនឹងបញ្ហាចំនួននេះ មេធាវីការពារក្ដីជនជាប់ចោទ ខៀវ សំផន អ្នកស្រី អង់តា ហ្គីហ្សេ (Anta Guisse) បានលើកយកចម្លើយរបស់សាក្សីមួយរូបផ្សេងទៀតឈ្មោះ ឯក ហឿន មកសួរបញ្ជាក់លោក សាន ឡន។
សាក្សី ឯក ហឿន កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥ ជម្រាបអង្គជំនុំជម្រះសាលាដំបូងថា លោកមិនដែលឃើញបញ្ជីទេ ប៉ុន្តែលោក សាន ឡន ហៅ ម៉ូញ ធ្លាប់ប្រាប់លោកថា ជនជាតិវៀតណាម ដែលអាជ្ញាធរប្រមូលតាមឃុំមួយចំនួន នៅក្នុងស្រុកត្រាំកក់ទាំងមូល មានចំនួន ៩ពាន់នាក់៖ «ដល់ពេលគេយកទៅសម្លាប់ បានឃើញគេដឹកឡាន ហើយឈ្មោះ ឡន ម៉ូញ ហ្នឹងវានៅក្នុងមន្ទីរស្រុកដែរ។ ឡន ម៉ូញ ជាប្អូនថ្លៃរបស់តា ម៉ុក គេយកអាឡានវែងទៅដឹក។ ស្រុកសម្រេចឱ្យឃុំប្រមូលទៅដាក់មួយកន្លែង។ កំណត់មួយអាទិត្យគេយកឡានទៅដឹកឱ្យទៅស្រុក។ គេថាអ៊ីចឹង។ ដល់ពេល ឡន ដឹកហើយ ខ្ញុំទៅជួប ឡន ខ្ញុំសួរថា ឡន ប៉ុន្តែខ្ញុំអត់ហៅ ឡន ទេ ខ្ញុំហៅតែអា ម៉ូញ។ ឡន ហ្នឹងគេហៅតែ ម៉ូញៗ ទេ។ ខ្ញុំសួរថា អាម៉ូញ ឯងដឹកគេបានប៉ុន្មាននាក់? វាថា ៩ពាន់!»។
ទោះជាមានការបញ្ជាក់ពីសាក្សី ឯក ហឿន ដូច្នេះក្ដី ក៏លោក សាន ឡន ថ្លែងថា លោកមិនស្គាល់សាក្សីឈ្មោះ ឯក ហឿន នោះទេ។ ក៏ប៉ុន្តែ ទាំងលោក សាន ឡន និងលោក ឯក ហឿន អះអាងដូចគ្នាថា គ្រួសារជនជាតិវៀតណាមទាំងនោះ ត្រូវបានអាជ្ញាធរខ្មែរក្រហមប្រមូលពីឃុំនានា ក្នុងស្រុកត្រាំកក់ ដែលជារួមមាន ឃុំពពេល ឃុំតាភេម ឃុំអង្គតាសោម ស្រែរនោង លាយបូ ឃុំញ៉ែងញ៉ង និងឃុំគុស៖ «បើយៀកណាមប្ដីប្រពន្ធកូនយួនខ្មែរអីនិយាយតែយួនរាល់ថ្ងៃ អាហ្នឹងគេចាប់ទៅអត់បាច់សួរទេ។ ចាប់ទៅទាំងសំបុកៗ ទាំងអស់។ អត់មាននៅសល់កម្ទេចទេ យកទៅទាំងអស់ហ្នឹង»។
សវនាការរបស់សាលាដំបូងនឹងទៅធ្វើបន្តនៅច័ន្ទ ទី១ កុម្ភៈទៀត។ ប្រធានអង្គជំនុំជម្រះសាលាដំបូងលោកចៅក្រម និល ណុន ប្រកាសថា សវនាការនៅច័ន្ទ ទី១ កុម្ភៈ អង្គជំនុំជម្រះនឹងស្ដាប់សាក្សីថ្មីមួយរូប ដែលមានលេខកូដថា 2-TCW-889 ហើយសាក្សីបម្រុងមួយរូបទៀត 2-TCW-1008៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
