អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម នៅថ្ងៃទី២ កុម្ភៈ បញ្ចប់សវនាការសួរដេញដោលសាក្សី សៅ វ៉ន ទាក់ទងនឹងការសម្លាប់អតីតទាហាន លន់ នល់ នៅស្រុកត្រាំកក់ ខេត្តតាកែវ។ មុននឹងបញ្ចប់សក្ខីកម្មរបស់ខ្លួន សាក្សី សៅ វ៉ន ជម្រាបអង្គជំនុំជម្រះសាលាដំបូងថា ប្រធានគណៈភូមិភាគនិរតី គឺ តា ម៉ុក ធ្លាប់ស្ដីបន្ទោសកម្មាភិបាលថ្នាក់ក្រោមឈ្មោះ តា សោម និង តា មុត អំពីភាពកាចសាហាវរបស់ពួកគាត់។
សាក្សី សៅ វ៉ន ហៅ សៅ ពត ដែលអតីតជាប្រធានរណសិរ្សឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ និងជាមេឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ អះអាងថា ការស្ដីបន្ទោសរបស់ តា ម៉ុក គឺធ្វើឡើងក្នុងសន្និបាតប្រចាំឆ្នាំ នៅជិតភ្នំដំរីរមៀល ស្រុកត្រាំកក់ ខេត្តតាកែវ៖ « ពេលហ្នឹងគាត់អង្គុយកណ្ដាល ហើយ តា សោម និង តា មុត អង្គុយខាង។ គាត់ថាអ៊ីចឹង សុំធ្វើការ ប្រាប់ផង គ្រូ សោម គ្រូ មុត ហ្នឹង ឮថាប្រជាជនខ្លាច។ ខ្ញុំដើរមកគេប្រាប់ថា គេខ្លាចលោក។ អ៊ីចឹងធ្វើម៉េចលោកចុះទៅឲ្យប្រជាជនស្រឡាញ់ ធ្វើម៉េចកុំឲ្យគេខ្លាច គេស្អប់។ គេខ្លាចតែចំពោះ មុខទេ ប៉ុន្តែដល់ក្រោយខ្នងគេស្អប់។ អ៊ីចឹងការលើកឡើងនេះពិតប្រាកដមែន។ គាត់និយាយ អ៊ីចឹងមែន » ។
លោកបញ្ជាក់បន្ថែមថា ការស្ដីបន្ទោសនេះ គឺនៅពេលដែល តា ម៉ុក ណែនាំកម្មាភិបាលឲ្យជំរុញការធ្វើស្រែចម្ការបង្កបង្កើនផល និងក្ដាប់កម្លាំងប្រជាជន។ លោកបន្តថា តា ម៉ុក គូសបញ្ជាក់ថា កម្មាភិបាលថ្នាក់ភូមិ ឃុំ ស្រុក ខេត្ត មិនមានសិទ្ធិសម្លាប់មនុស្សទេ។ ដូច្នេះ ការវិនិច្ឆ័យអំពីជីវិតមនុស្ស គឺមានតែគណៈភូមិភាគ និងគណៈមជ្ឈិមប៉ុណ្ណោះ។
ជនជាប់ចោទ នួន ជា និង ខៀវ សំផន គឺជាសមាជិកនៃគណៈមជ្ឈិមបក្សកុម្មុយនិស្តកម្ពុជា។
បន្ទាប់ពីសាក្សី សៅ វ៉ន អង្គជំនុំជម្រះសាលាដំបូង បន្តស្ដាប់សាក្សីថ្មីមួយរូបទៀតឈ្មោះ មាស វឿន។ សាក្សី មាស វឿន អតីតជាមេបញ្ជាការកងទ័ពនៃកងពលលេខ១ ប្រចាំខេត្តកោះកុង ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ លោក មាស វឿន ត្រូវបានអង្គជំនុំជម្រះ សួរដេញដោលអំពីការប្រព្រឹត្តចំពោះ និងការសម្លាប់ជនជាតិវៀតណាម និងមន្ត្រីរដ្ឋការរបប លន់ នល់ នៅក្នុងតំបន់របស់លោក។ លោកបដិសេធចំពោះការប្រព្រឹត្តមិនត្រឹមត្រូវ ឬការសម្លាប់ជនជាតិវៀតណាម ហើយកងទ័ពរបស់លោក ក៏មិនពាក់ព័ន្ធការសម្លាប់ទាហាន លន់ នល់ ដែរ៖ « ខ្ញុំដែលផ្លាស់ដកចេញពីភ្នំពេញ ទៅនៅកំពត ហ្នឹង នៅត្រង់កំពង់ត្រាច ទូកមាស។ ខ្ញុំអត់បានដឹងថា ទាហាន លន់ នល់ នៅកន្លែងនោះទេ។ ខ្ញុំទៅនោះឃើញតែប្រជាជន ឃើញតែភូមិប្រជាជនទេ ហើយខ្ញុំទៅនោះ ទៅដើម្បីមើលផ្លូវ រទេះភ្លើង ដែលវាដាច់ ។ អ្នក ធ្វើការ គេជួសជុលផ្លូវ រទេះភ្លើង តែប៉ុណ្ណោះ។ កងទ័ពខ្ញុំអត់មានទាក់ទងនឹង សម្លាប់ទេ ព្រោះអីចេញពីភ្នំពេញទៅ សុទ្ធតែពួកខ្ញុំទាំងអស់ អត់មានទាហាន លន់ នល់ ណាដែលនៅ ជាប់ជាមួយ ខ្ញុំនោះទេ » ។
សក្ខីកម្មរបស់សាក្សី មាស វឿន នៅមិនទាន់ចប់ទេ ហើយអង្គជំនុំជម្រះសាលាដំបូង បន្តស្ដាប់សាក្សីរូបនេះទៀតនៅព្រឹកថ្ងៃពុធ ទី៣ កុម្ភៈ។ អង្គជំនុំជម្រះ ក៏គ្រោងស្ដាប់សាក្សីមួយរូបទៀតឈ្មោះ អ៊ិន យឿង ពេលរសៀលដដែល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
