នីតិវិធី​ចូលរួម​សវនាការ​ប្រកាស​សាលក្រម​ប្រឆាំង​ជន​ជាប់​ចោទ នួន ជា និង​ខៀវ សំផន

សាលា​ក្ដី​ខ្មែរ​ក្រហម ចេញ​សេចក្ដី​ប្រកាស​ជូន​ដំណឹង​ដល់​សាធារណជន អំពី​នីតិវិធី​សម្រាប់​ការ​ចូលរួម​ការ​ប្រកាស​សាលក្រម​ប្រឆាំង​ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន ក្នុង​សំណុំ​រឿង​លេខ​០០២ វគ្គ​១ នៅ​ខែ​សីហា ខាង​មុខ​នេះ។

សេចក្ដី​ប្រកាស​ព័ត៌មាន នៅ​ថ្ងៃ​ទី​៥ មិថុនា បញ្ជាក់​ថា សវនាការ​ប្រកាស​សាលក្រម​ប្រឆាំង​ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន ដែល​នឹង​ត្រូវ​ធ្វើ​នៅ​ម៉ោង ៩​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៧ ខែ​សីហា ខាង​មុខ​នេះ សាលា​ក្ដី​ខ្មែរ​ក្រហម​ត្រៀម​ទុក​កន្លែង​អង្គុយ​ដោយ​ឡែកៗ​ពី​គ្នា។ ក្នុង​នោះ កន្លែង​អង្គុយ​ចំនួន ២២០​កន្លែង ត្រៀម​ទុក​សម្រាប់​ដើម​បណ្ដឹង​រដ្ឋប្បវេណី និង​តំណាង​ផ្លូវ​ច្បាប់។ ៥០​កន្លែង​ទៀត ត្រៀម​សម្រាប់​តំណាង​រាជ​រដ្ឋាភិបាល ភ្ញៀវ​ទូត និង​អ្នក​ស្រាវជ្រាវ តំណាង​អង្គការ​មិន​មែន​រដ្ឋាភិបាល ចំនួន ៤០​កន្លែង តំណាង​សារព័ត៌មាន ២០​កន្លែង និង​កន្លែង​អង្គុយ ៥០​កន្លែង​ទៀត ទុក​សម្រាប់​សាធារណជន។

សេចក្ដី​ប្រកាស​ព័ត៌មាន បញ្ជាក់​ទៀត​ថា តំណាង​រាជ​រដ្ឋាភិបាល ភ្ញៀវ​ទូត អ្នក​ស្រាវជ្រាវ តំណាង​អង្គការ​មិន​មែន​រដ្ឋាភិបាល និង​តំណាង​អ្នក​សារព័ត៌មាន ដែល​មាន​បំណង​ចូលរួម​តាម​ដាន​សវនាការ​នេះ ត្រូវ​ចុះ​ឈ្មោះ​ជា​មុន​ឱ្យ​បាន​មុន​ថ្ងៃ​សុក្រ ទី​១ សីហា ត្រឹម​ម៉ោង ៤​រសៀល។ កន្លែង​អង្គុយ​បម្រុង​ទុក​ទាំង​នោះ នឹង​ផ្ដល់​ជូន​សាធារណជន ប្រសិន​បើ​នៅ​ទំនេរ ក្រោយ​ម៉ោង​៨ និង ៤៥​នាទី នៃ​ថ្ងៃ​សវនាការ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។