អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម នៅថ្ងៃទី២៤ មិថុនា ធ្វើសវនាការស្ដាប់សក្ខីកម្មរបស់ដើមបណ្ដឹងរដ្ឋប្បវេណីឈ្មោះ ជុំ សាមឿន។ សាក្សីរូបនេះធ្លាប់ជាអតីតកុមារីដឹកជញ្ជូនស្បៀងទៅឲ្យកងទ័ពខ្មែរក្រហមនៅសមរភូមិមុខម្នាក់ក្នុងកងពលលេខ១១។ លោកស្រីថាមានបញ្ហាសុខភាព ដោយសារតែការងារធ្ងន់នៅពេលនោះ។
ដើមបណ្ដឹងរដ្ឋប្បវេណី ជុំ សាមឿន ថ្លែងប្រាប់អង្គជំនុំជម្រះសាលាដំបូងថា លោកស្រីក៏ត្រូវបានបញ្ជូនទៅធ្វើការជាទម្ងន់នៅការដ្ឋានសង់វាលយន្តហោះខេត្តកំពង់ឆ្នាំង ដែរ។
លោកស្រី ជុំ សាមឿន ដែលចូលធ្វើបដិវត្តន៍តាំងពីអាយុជាង ១០ឆ្នាំ ថ្លែងថា លោកស្រីខកចិត្តនឹងមេដឹកនាំនៃរបបកម្ពុជាប្រជាធិបតេយ្យ ដែលធ្វើឲ្យលោកស្រីរងការឈឺចាប់ និងមានជំងឺរហូតមកដល់សព្វថ្ងៃ ព្រោះតែធ្វើការធ្ងន់៖ «ខ្ញុំសុខចិត្តលះបង់កុមារភាពតាំងពីអាយុ ១០ឆ្នាំ ទៅបម្រើទ័ព ថាខ្ញុំសុខស្រួល តែមិនសុខស្រួល ប្រើខ្ញុំដូចគោក្របី។ ខ្ញុំមានអារម្មណ៍ឈឺចាប់ខ្លោចផ្សានៅក្នុងចិត្តរបស់ខ្ញុំ។ ពេលខ្ញុំរាំងរដូវ គេថាខ្ញុំពោះធំ ព្រោះធ្វើការធ្ងន់។ ខ្ញុំមានអារម្មណ៍ថាខូចខាតក្នុងខ្លួនរបស់ខ្ញុំ។ ខ្ញុំកំព្រាម៉ែកំព្រាឪ បងប្អូនក៏គ្មាន»។
ដើមបណ្ដឹងរដ្ឋប្បវេណីរូបនេះថ្លែងពីទុក្ខសោកទៀតថា លោកស្រីត្រូវខាតបង់គ្រប់យ៉ាង ឪពុកម្ដាយក៏ត្រូវពួកខ្មែរក្រហមសម្លាប់ ហើយបងប្អូនទ្រព្យសម្បត្តិដីធ្លី ក៏ត្រូវបាត់បង់។ ភាពឯកាក្រោយបដិវត្តន៍ ធ្វើឲ្យលោកស្រីមានទុក្ខលំបាករហូតមកដល់សព្វថ្ងៃ។
ទុក្ខលំបាកដែលលោកស្រីជួបប្រទះ លោកស្រី ជុំ សាមឿន ចង់បានសំណងជាបុគ្គលសម្រាប់ការខូចខាត និងចង់សួរទៅមេដឹកនាំខ្មែរក្រហម អំពីការបង្កឲ្យមានការរងទុក្ខនេះ៖ «ខ្ញុំមានអារម្មណ៍ខូចខាតក្នុងខ្លួនរបស់ខ្ញុំ។ កំព្រាម៉ែកំព្រាឪបងប្អូនក៏គ្មាន។ តែឥឡូវខ្ញុំចង់សួរទៅលោកថា ក្រោយពីតុលាការបានរកខុសត្រូវរបស់លោកអស់ហើយ តើលោកហ៊ានលើកដៃសំពះសុំទោសគេ ដែលបានពលីជីវិតទៅ និងទាំងអ្នកនៅរស់ដែរឬអត់? ខ្ញុំសុំតែប៉ុណ្ណឹង គឺខ្ញុំអស់ចិត្ត»។
ដើមបណ្ដឹងរដ្ឋប្បវេណីរូបនេះមានប្រសាសន៍ថា លោកស្រីមិនដឹងកំហុសថា ហេតុអ្វីបានជាត្រូវគេបញ្ជូនទៅធ្វើការនៅការដ្ឋានសង់វាលយន្តហោះខេត្តកំពង់ឆ្នាំង ទេ។ លោកស្រីគ្រាន់តែដឹងថា ឪពុករបស់លោកស្រីជាប់និន្នាការអតីតជាទាហាន និងប៉ូលិសក្នុងរបបសង្គមចាស់។
បន្ទាប់ពីសក្ខីកម្មដើមបណ្ដឹងរដ្ឋប្បវេណីរូបនេះ អង្គជំនុំជម្រះសាលាដំបូង នៅថ្ងៃព្រហស្បតិ៍ ទី២៥ មិថុនា នឹងធ្វើសវនាការស្ដាប់សក្ខីកម្មរបស់សាក្សីមួយរូបដែលមានរហស្សនាមថា 2TCW855 ទាក់ទងនឹងការដ្ឋានការងារដោយបង្ខំធ្ងន់ធ្ងរនៅទំនប់ ១មករា នាខេត្តកំពង់ធំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
