អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម នៅថ្ងៃអង្គារ ទី១២ សីហា នៅបន្តស្ដាប់សក្ខីកម្មសាក្សីទី៤ ឈ្មោះ ឡត សួយ ទាក់ទងនឹងអង្គហេតុការដ្ឋានធ្វើទំនប់អាងត្រពាំងថ្ម នៅខេត្តបន្ទាយមានជ័យ។ សាក្សីរូបនេះ ជម្រាបអង្គជំនុំជម្រះថា រឿងនៅពីក្រោយភាពដាច់ខាតរបស់លោក គឺភាពភ័យខ្លាច។
សាក្សី ឡត សួយ ថ្លែងនៅក្នុងសវនាការសាលាដំបូងថា ដោយសារលោកនៅក្មេង លោកមិនបានយល់ពីន័យនៃពាក្យដាច់ខាតទេ ពេលប្ដេជ្ញាជាមួយអង្គការ។ លោកបញ្ជាក់បន្ថែមថា ក្រោយពេលដែលអង្គការបញ្ចូលលោកទៅក្នុងអង្គភាពយោធាហើយ ទោះជាលោកនឹកឪពុកម្ដាយរហូតដល់យំ ក៏លោកមិនហ៊ានយំឲ្យគេដឹងដែរ ព្រោះលោកខ្លាចគេសម្លាប់៖ «ពេលដែលខ្ញុំដាច់ខាត គេដឹកខ្ញុំទៅក្នុងព្រៃ ខ្ញុំនឹកឪពុកម្ដាយរបស់ខ្ញុំអត់ឲ្យគេដឹងទេ ព្រោះខ្លាចគេវាយចោល ថាខ្ញុំមិនដាច់ខាត»។
សាក្សី ឡត សួយ ថ្លែងទៀតថា នៅពេលដែលកងទ័ពពីភូមិភាគនិរតីចូលមកគ្រប់គ្រង ហើយចាប់ខ្លួនកម្មាភិបាលថ្នាក់លើរបស់ភូមិភាគពាយ័ព្យនោះ កងទ័ពថ្នាក់ក្រោមនៅតំបន់៥ នាំគ្នារត់ចូលព្រៃ ដើម្បីទប់ទល់វិញដែរ ប៉ុន្តែអ្នកទាំងនោះ ត្រូវចាប់បានទាំងអស់៖ «គេបានមកលាក់ខ្លួននៅក្នុងព្រៃកូនខ្លែងនេះចំនួនរយៈកាលកន្លះខែ បានគេដកទៅនៅស្វាយវិញ។ គេយកកាំភ្លើងរបស់គេចូលទៅនៅស្វាយវិញ។ ពេលនោះ ពួកនិរតីលួងលោមអប់រំ ក៏ចាប់បានទាំងអស់។ ដកអាវុធនោះយកទៅវិញបានទាំងអស់»។
នៅការដ្ឋានធ្វើការងារដោយបង្ខំនៅទំនប់អាងត្រពាំងថ្ម ខេត្តបន្ទាយមានជ័យ នៃសំណុំរឿងលេខ០០២ វគ្គ២ អង្គជំនុំជម្រះសាលាដំបូង គ្រោងកោះហៅសាក្សី និងដើមបណ្ដឹងរដ្ឋប្បវេណីចំនួន ១១រូប ឲ្យមកផ្ដល់សក្ខីកម្មប្រឆាំងនឹងជនជាប់ចោទ នួន ជា និង ខៀវ សំផន។ រហូតមកដល់ពេលនេះ មានដើមបណ្ដឹងរដ្ឋប្បវេណី និងសាក្សីចំនួន ៤រូបហើយដែលចូលមកផ្ដល់សក្ខីកម្មនៅចំពោះមុខអង្គជំនុំជម្រះ។ លោក ឡត សួយ ជាសាក្សីទី៤ ក្នុងអង្គហេតុនេះ។ កាលពីចុងខែកក្កដា អង្គជំនុំជម្រះសាលាដំបូង ឲ្យដឹងថា ការស្ដាប់សក្ខីកម្មសាក្សី និងដើមបណ្ដឹងរដ្ឋប្បវេណីទាំង ១១រូប អាចនឹងចប់នៅចុងខែសីហា។
ការស្ដាប់សក្ខីកម្មរបស់សាក្សី ឡត សួយ នៅថ្ងៃពុធ ទី១២ សីហា នៅមិនទាន់ចប់នៅឡើយទេ ហើយអង្គជំនុំជម្រះសាលាដំបូង នឹងបន្តស្ដាប់សក្ខីកម្មរបស់សាក្សីរូបនេះទៀត នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ សីហា។ បន្ទាប់ពីសាក្សី ឡត សួយ អង្គជំនុំជម្រះនឹងបន្តសវនាការស្ដាប់សក្ខីកម្មរបស់សាក្សីថ្មីមួយរូបទៀត ដែលមានរហស្សនាមថា 2TCW937៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
