សាលា​ក្ដី​ខ្មែរ​ក្រហម​អនុញ្ញាត​ឲ្យ​ជន​ជាប់​ចោទ អៀង ធីរិទ្ធ ទៅ​ព្យាបាល​ជំងឺ​នៅ​ថៃ

ដោយ ឡេង ម៉ាលី
2014.03.12
អៀង ធីរិទ្ធ សំពះ​សព អៀង សារី ៣០៥ អ្នកស្រី អៀង ធីរិទ្ធ ប្រពន្ធ​សព​លោក អៀង សារី ត្រូវ​កូន​ចៅ​គ្រា​ចេញ​ពី​ក្នុង​ផ្ទះ​មក​សំពះ​សព​ជា​លើក​ចុង​ក្រោយ មុន​នឹង​ត្រូវ​គេ​ជូន​ដំណើរ​ចូល​ឡាន​មុន​បូជា​សព នៅ​ភូមិ​ដូង ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ កាល​ពី​ល្ងាច​ថ្ងៃ​ទី២១ ខែ​មីនា ឆ្នាំ​២០១៣។
RFA/Morm Moniroth

សាលា​ក្ដី​ខ្មែរ​ក្រហម​បាន​អនុញ្ញាត​ឱ្យ​ជន​ជាប់​ចោទ អៀង ធីរិទ្ធ ចេញ​ទៅ​ព្យាបាល​ជំងឺ​នៅ​ប្រទេស​ថៃ ហើយ។

មន្ត្រី​នាំ​ពាក្យ​សាលា​ក្ដី​ខ្មែរ​ក្រហម លោក នេត្រ ភក្ដ្រា មាន​ប្រសាសន៍​ថា ការ​អនុញ្ញាត​នេះ គឺ​សម្រេច​ដោយ​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង ដែល​មាន​អំណាច​គ្រប់គ្រង​លើ​ជន​ជាប់​ចោទ៖ «អ៊ីចឹង គឺ​គាត់​មាន​ហេតុផល​ច្បាប់​ច្បាស់​លាស់​ដែល​អាច​អនុញ្ញាត​ឱ្យ លោកស្រី អៀង ធីរិទ្ធ ចេញ​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ តាម​ការ​ស្នើសុំ​របស់​ក្រុម​គ្រួសារ ហើយ លោកស្រី អៀង ធីរិទ្ធ ត្រូវ​គោរព​នូវ​លក្ខខណ្ឌ​មួយ​ចំនួន ដែល​មាន​ភ្ជាប់​ជាមួយ ដែល​ជា​សេចក្ដី​សម្រេច​របស់​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល ក៏​ដូច​ជា​លើក​ឡើង​ដោយ​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង។ ស្ថានភាព​សុខភាព​វា​ជា​រឿង​បុគ្គល​របស់ លោកស្រី អៀង ធីរិទ្ធ។ ប៉ុន្តែ នីតិវិធី គឺ​ត្រូវ​គោរព​ទៅ​តាម​នីតិវិធី​មួយ​ចំនួន ដូច​ជា​ត្រូវ​ជូន​ដំណឹង​មក​អង្គ​ជំនុំ​ជម្រះ​អំពី​ការ​ធ្វើ​ដំណើរ ក៏​ដូច​ជា​ការ​ស្នាក់នៅ ហើយ​និង​អាសយដ្ឋាន​ច្បាស់​លាស់​ដែល​គាត់​ស្នាក់​នៅ»

ការ​អនុញ្ញាត​នេះ ជា​ការ​ឆ្លើយ​តប​ចំពោះ​សំណើ​សុំ​ដោយ​អាណាព្យាបាល​ទូទៅ និង​ជា​កូនស្រី​បង្កើត​របស់​ជន​ជប់​ចោទ អៀង ធីរិទ្ធ គឺ​លោកស្រី អៀង វិជីដា។

អាណាព្យាបាល​ទូទៅ​បាន​ជូន​ដំណឹង​ថា ជន​ជាប់​ចោទ អៀង ធីរិទ្ធ មាន​ស្ថានភាព​ដុនដាប និង​ឈឺ​ខ្លាំង បន្ទាប់​ពី​ដួល​កាល​ថ្ងៃ​ទី​១ មីនា។ រហូត​មក​ដល់​ពេល​នេះ គាត់​មិន​អាច​ដើរ​បាន​ទេ ហើយ​គ្រូពេទ្យ​ព្យាបាល​ផ្ដល់​អនុសាសន៍​ឱ្យ​បញ្ជូន​ទៅ​ព្យាបាល​បន្ត​នៅ​ប្រទេស​ថៃ ដែល​ជិត​ជាង​ភ្នំពេញ។

នៅ​ពេល​នេះ ជន​ជាប់​ចោទ អៀង ធីរិទ្ធ មាន​បញ្ហា​កង​ឆ្អឹង​ខ្នង និង​ក្បាល​ឆ្អឹង​ភ្លៅ ហើយ​ការ​ស្កែន​ក្បាល​មាន​សញ្ញា​ស្ទះ​សរសៃ​ឈាម​ខួរ​ក្បាល​ពីរ​កន្លែង។

មន្ត្រី​នាំ​ពាក្យ​សាលា​ក្ដី​ខ្មែរ​ក្រហម លោក នេត្រ ភក្ដ្រា ថ្លែង​ថា លោក​មិន​ដឹង​ពី​កាល​បរិច្ឆេទ​ពិត​ប្រាកដ​នៃ​ការ​បញ្ជូន​ជន​ជាប់​ចោទ អៀង ធីរិទ្ធ ទៅ​មន្ទីរពេទ្យ​ប្រទេស​ថៃ ទេ។

សាលា​ក្ដី​ខ្មែរ​ក្រហម កំពុង​ជំនុំ​ជម្រះ​រឿង​ក្ដី​ឧក្រិដ្ឋកម្ម​ក្នុង​របប​ខ្មែរ​ក្រហម ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩ ក្រោម​ការ​ដឹក​នាំ​របស់ ប៉ុល ពត ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ជិត ២​លាន​នាក់​ស្លាប់។ ប៉ុល ពត បាន​ស្លាប់​នៅ​កាល​ឆ្នាំ​១៩៩៨ ដោយ​បន្សល់​ទុក​កូន​ស្រី​ម្នាក់។ មាន​សេចក្ដីរាយការណ៍​ថា កូន​ស្រី​របស់​គាត់​នឹង​រៀបការ​នៅ​ថ្ងៃ​អាទិត្យ នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។