សាលាដំបូងនៃសាលាក្ដីខ្មែរក្រហម នឹងបន្តសវនាការលើភស្តុតាងក្នុងសំណុំរឿងលេខ០០២ វគ្គ២ នៅថ្ងៃទី២៧ កក្កដា។ ទន្ទឹមគ្នានឹងគម្រោងដំណើរការរឿងក្ដីនេះ ខាងភាគីកម្ពុជា ក៏កំពុងប្រឈមបញ្ហាថវិកាដែរ។
មន្ត្រីនាំពាក្យនៃសាលាក្ដីខ្មែរក្រហម លោក នេត្រ ភក្ដ្រា ថ្លែងនៅថ្ងៃទី២៣ កក្កដា ថា ខាងភាគីកម្ពុជា កំពុងខ្វះលុយសម្រាប់បើកប្រាក់ខែឲ្យបុគ្គលិករបស់ខ្លួនចាប់ពីខែកក្កដា នេះហើយ៖ «ភាគីកម្ពុជា កំពុងប្រឈមមុខនឹងកង្វះសាច់ប្រាក់នៅក្នុងដំណើរការរបស់ខ្លួន ដោយសារតែថវិកាចំនួន ១លាន ៤សែនដុល្លារ ដែលរាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ឲ្យកាលពីដើមឆ្នាំហ្នឹង គឺ ១លាន ៦សែន សម្រាប់ដំណើរការប្រតិបត្តិការទូទៅពេញមួយឆ្នាំ២០១៥ យើងមិនមានបញ្ហាទេ។ ក៏ប៉ុន្តែថវិកាចំនួន ២លាន ៥សែនដុល្លារ សម្រាប់ប្រាក់បៀវត្សរ៍មន្ត្រីបុគ្គលិកនេះ គឺយើងបានប្រើអស់នៅដំណាច់ខែមិថុនា ហើយ។ អ៊ីចឹង ភាគីជាតិកំពុងតែជួបប្រទះនឹងបញ្ហាកង្វះសាច់ប្រាក់នៅក្នុងការបើកប្រាក់បៀវត្សរ៍ដល់មន្ត្រីបុគ្គលិករបស់ខ្លួន ចាប់ពីខែកក្កដា នេះរហូតដល់ដំណាច់ឆ្នាំ២០១៥ យើងនៅខ្វះថវិកាហ្នឹងចំនួន ២លាន ៦សែនដុល្លារទៀត »។
លោកបន្តថា ខាងសាលាក្ដីខ្មែរក្រហម កំពុងធ្វើការងារជាមួយម្ចាស់ជំនួយមួយចំនួន ជាពិសេសសហភាពអឺរ៉ុប ដែលបានសន្យាជួយដល់ភាគីកម្ពុជា ប៉ុន្តែលោកមិនទាន់ដឹងពីចំនួនទឹកប្រាក់ពិតប្រាកដនៅឡើយទេ។ លោករំពឹងថា សហភាពអឺរ៉ុប នឹងឆាប់ទម្លាក់ថវិកាសម្រាប់បំពេញការខ្វះខាតនេះ ដើម្បីកុំឲ្យរាំងស្ទះដល់ដំណើរការតុលាការ។
លោក នេត្រ ភក្ដ្រា បញ្ជាក់ថា រហូតមកដល់ពេលនេះមានតែសហភាពអឺរ៉ុប ទេដែលសន្យាផ្ដល់ជំនួយសម្រាប់ឆ្នាំ២០១៥ រីឯខាងភាគីអន្តរជាតិ មិនមានបញ្ហាខ្វះថវិកាទេនៅក្នុងឆ្នាំ២០១៥។
ស្របពេលដែលភាគីកម្ពុជា កំពុងខ្វះថវិកានេះ អង្គជំនុំជម្រះសាលាដំបូង ក៏នឹងបន្តនីតិវិធីជំនុំជម្រះលើសំណុំរឿងលេខ០០២ វគ្គ២ ដែរ នៅថ្ងៃទី២៧ កក្កដា។
លោក នេត្រ ភក្ដ្រា បញ្ជាក់បន្ថែមថា សវនាការនោះ អង្គជំនុំជម្រះសាលាដំបូង នឹងពិនិត្យលើភស្តុតាងស្ដីពីការដ្ឋានការងារធ្វើទំនប់អាងទឹកត្រពាំងថ្ម។ លោក នេត្រ ភក្ដ្រា ឲ្យដឹងថា សវនាការលើសំណុំរឿង០០២ វគ្គ២ នៅថ្ងៃទី២៧ កក្កដា អង្គជំនុំជម្រះសាលាដំបូង គ្រោងប្រើរយៈពេល ៤សប្ដាហ៍ សម្រាប់អង្គហេតុការដ្ឋានទំនប់អាងត្រពាំងថ្មនេះ។ តាមកាលវិភាគរបស់សាលាដំបូង គឺអង្គជំនុំជម្រះនឹងធ្វើសវនាការ ៤ថ្ងៃក្នុងមួយសប្ដាហ៍៖ «បួនសប្ដាហ៍នេះបើតាមកាលវិភាគដែលយើងគ្រោងទុក សាក្សី និងដើមបណ្ដឹងរដ្ឋប្បវេណីចំនួន ១១រូប នឹងត្រូវកោះហៅមកផ្ដល់សក្ខីកម្មនៅចំពោះមុខអង្គជំនុំជម្រះ ហើយភាគីនានាគាត់នឹងធ្វើការចោទសួរ មានទាំងមេធាវីការពារក្ដី មានទាំងព្រះរាជអាជ្ញា និងមានទាំងមេធាវីការពារក្ដីឲ្យដើមបណ្ដឹងរដ្ឋប្បវេណី គាត់នឹងសួរបន្ថែមទៅលើអ្វីដែលពួកគាត់ត្រូវបានសម្ភាសពីសំណាក់អ្នកស៊ើបអង្កេត ក៏ដូចជាពាក្យបណ្ដឹងរបស់គាត់ ដែលទាក់ទងនឹងអង្គហេតុទំនប់ត្រពាំងថ្មនេះ»។
ការដ្ឋានការងារធ្វើទំនប់អាងត្រពាំងថ្ម គឺជាអង្គហេតុមួយនៅក្នុងចំណោមអង្គហេតុទាំង៣ នៅក្នុងសំណុំរឿង០០២ វគ្គ២។ សំណុំរឿងនេះ មានជនជាប់ចោទ ២រូប គឺជនជាប់ចោទ នួន ជា អតីតជាអនុលេខាបក្សកុម្មុយនិស្តកម្ពុជា និងជនជាប់ចោទ ខៀវ សំផន អតីតជាប្រធានរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។
ការដ្ឋានធ្វើទំនប់អាងត្រពាំងថ្ម ស្ថិតនៅភូមិត្រពាំងថ្មកណ្ដាល និងភូមិប៉ោយចារ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដែលពីមុនជាទឹកដីក្នុងខេត្តបាត់ដំបង។ តាមប្រព័ន្ធកំណត់ទីតាំងភូមិសាស្ត្ររដ្ឋបាលរបស់បក្សកុម្មុយនិស្តកម្ពុជា ការដ្ឋាននេះស្ថិតនៅក្នុងតំបន់៥ នៃភូមិភាគពាយ័ព្យ។ ពួកខ្មែរក្រហម បានកេណ្ឌបង្ខំមនុស្សប្រមាណ ២ម៉ឺននាក់ ដើម្បីកសាងទំនប់អាងត្រពាំងថ្ម។ មនុស្សទាំងនោះ មានទាំងប្រជាជនថ្មីដែលជម្លៀសពីទីក្រុងភ្នំពេញ និងប្រជាជននៅក្នុងតំបន់៥ ក្នុងភូមិភាគពាយ័ព្យ រួមមានពីស្រុកថ្មពួក ស្រុកភ្នំស្រុក ស្រុកសិរីសោភ័ណ និងស្រុកព្រះនេត្រព្រះ។
ឯកសាររបស់ការិយាល័យសហចៅក្រមស៊ើបអង្កេតបង្ហាញថា ប៉ុល ពត និងជនជាប់ចោទ ខៀវ សំផន ធ្លាប់ធ្វើទស្សនកិច្ចនៅការដ្ឋានទំនប់អាងត្រពាំងថ្ម ជាច្រើនលើក។ របាយការណ៍មួយច្បាប់ ត្រូវបានកម្មាភិបាលមូលដ្ឋានផ្ញើជូនអង្គការ៨៧០ ដែលមានជនជាប់ចោទ នួន ជា ដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
