ភាពចម្រូងចម្រាសរវាងអង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម និងភាគីជនជាប់ចោទ ខៀវ សំផន ដែលមិនឱ្យមេធាវីលោកចូលរួមសវនាការនោះ បានបង្ខំឱ្យសាលាក្ដីនេះលុបចោលគម្រោងសវនាការសម្រាប់ឆ្នាំ ២០១៤ ទាំងស្រុង។
ការសម្រេចលុបចោលគម្រោងសវនាការសម្រាប់ចុងឆ្នាំ ២០១៤ ទាំងស្រុង ត្រូវបានប្រកាសឡើងដោយប្រធានអង្គជំនុំជម្រះសាលាដំបូង លោកចៅក្រម និល ណុន ក្នុងសវនាការដែលចាប់ផ្ដើមបើកបានជិត ១០ នាទី ហើយបិទទៅវិញ នៅព្រឹកថ្ងៃទី ២៤ វិច្ឆិកា៖ « នៅពេលនេះ កាលបរិច្ឆេទសវនាការ ដែល អង្គជំនុំជម្រះសាលាដំបូងគ្រោងធ្វើសម្រាប់ឆ្នាំ ២០១៤ ត្រូវលុបចោលទាំងស្រុង។ កិច្ចដំណើរការនីតិវិធីនឹងត្រូវផ្អាករហូតដល់ថ្ងៃទី ៨ ខែមករា ឆ្នាំ ២០១៥ » ។
បញ្ហាធំដែលនាំឱ្យពន្យារពេលសវនាការលើសំណុំរឿង ០០២ វគ្គ ២ រហូតនាំឱ្យលុបចោលសវនាការនៅចុងឆ្នាំ ២០១៤ នេះ គឺព្រោះតែមិនមានមេធាវីការពារក្ដីជនជាប់ចោទ ខៀវ សំផន នៅក្នុងសវនាការ។
មេធាវីការពារក្ដីជនជាប់ចោទ ខៀវ សំផន លោក គង់ សំអុន ថ្លែងនៅថ្ងៃទី ២៤ វិច្ឆិកា ថា ភាគីលោកឆ្លើយតបទៅអង្គជំនុំជម្រះអំពីការបន្តមិនចូលរួមសវនាការនេះ ហើយនឹងបញ្ហាវិជ្ជាជីវៈមេធាវី ដែលមិនអាចទទួលយកការចាត់តាំងរបស់តុលាការបាន៖ « ពីព្រោះថា យើងជាមេធាវីកំពុងតែការពារលោក ខៀវ សំផន ដែលលោក ខៀវ សំផន បានសហការ ធ្វើការណែនាំផ្សេងៗ ទាំងការប្រាប់ពីអង្គហេតុ ឬក៏ឯកសារផ្សេងៗ ដែលជាប់ពាក់ព័ន្ធហ្នឹង ឥឡូវហ្នឹងទៅធ្វើជាមេធាវីដែលជាមិត្តតុលាការ ហើយដែលគ្មានការសហការពីលោក ខៀវ សំផន វិញនោះ តើអាហ្នឹងវាមានផលប្រយោជន៍សម្រាប់វិជ្ជាជីវៈប៉ុណ្ណា ? នេះដោយយើងមើលឃើញថាមានបញ្ហាប៉ះពាល់ដល់ក្រមសីលធម៌ផង ពីព្រោះថាយើងមិនអាចទទួលយកលក្ខខណ្ឌមួយ ក្នុងនាមជាមេធាវីដែលមានឋានៈទាបជាងបច្ចុប្បន្នទេ ពីព្រោះឥឡូវយើងមានការសហការ មានការទទួលស្គាល់ពីលោក ខៀវ សំផន ហើយបែរជាយើងប្រឆាំងនឹងផលប្រយោជន៍របស់កូនក្ដី ហើយទៅចូលរួមសវនាការតាមការណែនាំរបស់អង្គជំនុំជម្រះ បែរជាមិនការពារផលប្រយោជន៍របស់កូនក្ដី។ ដូច្នេះយើងមិនអាចធ្វើបានទេ ចំពោះការចាត់តាំងរបស់អង្គជំនុំជម្រះនេះ » ។
បញ្ហាផ្អាកសវនាការបែបនេះ អូសបន្លាយតាំងពីថ្ងៃទី ១៧ ខែតុលាមក ដោយមិនមានដំណោះស្រាយ ទោះបីជាអង្គជំនុំជម្រះព្រមានចាត់វិធានការចាត់តាំងមេធាវីជនជាប់ចោទ ខៀវ សំផន ជាថ្មីឱ្យទៅជារបស់អង្គជំនុំជម្រះ និងវិធានរកមេធាវីផ្សេងក៏ដោយ។ ប្រធានអង្គជំនុំជម្រះសាលាដំបូង លោកចៅក្រម និល ណុន បង្ហាញការលំបាករបស់ខ្លួនថា រហូតមកដល់ពេលនេះ អង្គជំនុំជម្រះមិនទាន់អាចរកមេធាវីណាជំនួសបានទេ ហើយក៏គ្មានជម្រើសសមស្របណាផ្សេងក្រៅពីការផ្អាកសវនាការដែរ៖ «អង្គជំនុំជម្រះទទួលស្គាល់ផងដែរថា រាល់កិច្ចខិតខំប្រឹងប្រែងក្នុងការជំនួសមេធាវីការពារក្ដី ខៀវ សំផន នៅពេលនេះ នឹងបណ្ដាលឱ្យមានការពន្យារពេលសវនាការយ៉ាងច្រើន។ ហេតុផលគឺថា នៅពេលនេះ ពុំមានមេធាវីមួយណា ដែលអាចរកបានស្គាល់ច្បាស់នូវសំណុំរឿងដ៏ធំធេងនេះទេ ហើយក៏មិនអាចចូលមកជំនួសក្នុងរយៈពេលជូនដំណឹងដ៏ខ្លីបែបនេះបានដែរ » ។
ទោះជាដូច្នេះក្ដី លោកចៅក្រម និល ណុន ប្រកាសថា អង្គជំនុំជម្រះនឹងនៅតែបន្តស្វែងរកជម្រើសផ្សេងៗ ទៀត ដែលបានលើកឡើងកាលពីថ្ងៃទី ១៧ វិច្ឆិកា ដូចជាការចាត់មេធាវីថ្មីបន្ថែម។ លើសពីនេះទៀត អង្គជំនុំជម្រះនឹងពិចារណាបញ្ជូនមេធាវី ដែលលោកថា ជាកំហុសវិជ្ជាជីវៈមេធាវីការពារក្ដីនេះ ទៅអង្គភាពមានសមត្ថកិច្ច អនុលោមតាមវិធានផ្ទៃក្នុងរបស់សាលាក្ដី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
