អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម នៅថ្ងៃទី១១ មិថុនា បានបញ្ចប់ការស្ដាប់សាក្សី កែវ គីន ដែលត្រូវបានអង្គជំនុំជម្រះសាលាដំបូងកោះហៅមកធ្វើសក្ខីកម្មពីអង្គហេតុការងារដោយបង្ខំ នៅការដ្ឋានសាងសង់វាលយន្តហោះនៅខេត្តកំពង់ឆ្នាំង។ សាក្សីរូបនេះ គឺជាអតីតយោធាខ្មែរក្រហមមួយរូបដែលធ្វើការនៅទីនោះ។
សាក្សី កែវ គីន អតីតជានីរសារយោធាខ្មែរក្រហមនៅក្នុងកងពលលេខ៥០២ មុននឹងបញ្ចប់សក្ខីកម្មរបស់ខ្លួន បានប្រាប់អង្គជំនុំជម្រះថា ការងារ និងស្ថានភាពរស់នៅរបស់កម្មករនៅការដ្ឋានកំពង់ឆ្នាំង លំបាកខ្លាំង។
លោកជម្រាបអង្គជំនុំជម្រះថា កម្មករជាអតីតយោធាមកពីភូមិភាគផ្សេងៗ ត្រូវបានអង្គការខ្មែរក្រហម បញ្ជូនទៅធ្វើការលត់ដំខ្លួននៅការដ្ឋានសង់វាលយន្តហោះកំពង់ឆ្នាំង ព្រោះតែជាប់ពាក់ព័ន្ធនឹងខ្សែរយៈខ្មាំង។ លោកថា កម្មករនៅទីនោះក៏ត្រូវមេបញ្ជាការកងពលលេខ៥០២ ចាប់ខ្លួន ហើយបាត់រហូត៖ «ពេលចាប់ចងហ្នឹងឃើញវត្តមាន ល្វៃ នៅទីហ្នឹង អត់មានមនុស្សពីណាក្រៅពីហ្នឹង ហើយកងការពារគាត់ហ្នឹង»។
លោកបញ្ជាក់ថា មូលហេតុនៃការចាប់ខ្លួនអ្នកមកពីបូព៌ានោះ គឺដោយសារអង្គការចោទអ្នកទាំងនោះថា អ្នកក្បត់នឹងអង្គការ។ លោកមិនដែលឃើញគេសម្លាប់កម្មករនៅទីនោះផ្ទាល់ទេ ប៉ុន្តែអ្នកនៅក្នុងកងជាមួយលោកដែលជាអ្នកសម្លាប់ ប្រាប់លោកអំពីការសម្លាប់នេះ។ លោក កែវ គីន អះអាងថា ស្ថានភាពកម្មករដែលធ្វើការនៅការដ្ឋានសង់វាលយន្តហោះនោះ មិនមានកម្លាំងរឹងមាំទេ។ រីឯចំពោះម្ហូបអាហារមិនគ្រប់គ្រាន់ដែរ៖ «វាអត់មានកម្លាំងកំហែងអីប៉ុន្មានទេ ប៉ុន្តែបំណាច់នឹងខ្លាចគេ ចេះតែទ្រាំធ្វើទៅ។ បាយទឹកខ្លះក៏គ្រប់គ្រាន់ ខ្លះក៏អត់ទៅ ដូចតែគ្នាអ៊ីចឹង។ ក្រុមគេខ្លះហូបយ៉ាងម៉េចអត់ដឹង តែក្រុមខ្ញុំវាធម្មតា បើឃ្លានទៀតមិនដឹងរកពីណា មានតែប៉ុណ្ណឹង។ ចេះតែទ្រាំៗទៅ ឆ្អែត ឬមិនឆ្អែត ដល់ម៉ោងសម្រាកទៅ។ ពាក្យថាលត់ដំហ្នឹង វាធ្វើការវាស់ៗល្ងាច។ វាចេញពីកន្លែងយើងធ្លាប់នៅស្រួល ហើយទៅកន្លែងពិបាក អាហ្នឹងគេឲ្យយើងលត់ដំហើយ»។
សាក្សីរូបនេះបន្តថា កម្មករនៅទីនោះជាច្រើននាក់បានធ្លាក់ខ្លួនឈឺ ត្រូវបញ្ជូនចេញ ហើយខ្លះទៀតរងគ្រោះថ្នាក់ដោយថ្មធ្លាក់ត្រូវ។
ប្រធានអង្គជំនុំជម្រះសាលាដំបូង លោកចៅក្រម និល ណុន ប្រកាសថា បន្ទាប់ពីសាក្សី កែវ គីន អង្គជំនុំជម្រះនឹងមិនធ្វើសវនាការទេ នៅព្រឹកថ្ងៃសុក្រ ទី១២ មិថុនា ប៉ុន្តែសវនាការនឹងចាប់ផ្ដើមនៅពេលរសៀល ដោយស្ដាប់សាក្សីថ្មីមួយរូបដែលមានលេខសម្គាល់ថា 2TCW932៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
