ការអះអាងនេះ គឺធ្វើឡើងដោយសហមេធាវីអន្តរជាតិការពារក្ដីជនជាប់ចោទ នួន ជា គឺលោក វិកទ័រ កូប៉េ (Victor Koppe) នៅចុងបញ្ចប់នៃការធ្វើសេចក្ដីសន្និដ្ឋានថ្ងៃចុងក្រោយរបស់ខ្លួន នាថ្ងៃទី២៤ តុលា ឆ្នាំ២០១៣ ទាក់ទងនឹងគោលនយោបាយ និងការសម្លាប់អ្នករដ្ឋការ និងទាហាន លន់ នល់។
ការធ្វើសេចក្ដីសន្និដ្ឋានដូច្នេះរបស់ លោក វិកទ័រ កូប៉េ គឺជាការសន្និដ្ឋានតបនឹងសេចក្ដីសន្និដ្ឋានរបស់សហព្រះរាជអាជ្ញា កាលពីថ្ងៃច័ន្ទ ដែលចោទប្រកាន់ចំពោះជនជាប់ចោទ នួន ជា និង ខៀវ សំផន ថាជាអ្នកដាក់ចេញវិធានការសម្លាប់អ្នករដ្ឋការ និងទាហាន លន់ នល់ នៅទួលពោធិ៍ជ្រៃ ក្នុងខេត្តពោធិ៍សាត់។
កាលពីថ្ងៃច័ន្ទ ទី២១ តុលា សហព្រះរាជអាជ្ញាបានជម្រាបអង្គជំនុំជម្រះថា ភាគីខ្លួនមានភស្តុតាងហួសពីវិមតិសង្ស័យ សម្រាប់ការចោទប្រកាន់ជនជាប់ចោទ នួន ជា និង ខៀវ សំផន លើបញ្ហានេះ។
មេធាវីការពារក្ដីជនជាប់ចោទ នួន ជា លោក វិកទ័រ កូប៉េ ថ្លែងថា សហព្រះរាជអាជ្ញាលើកយកភស្តុតាងចោះៗ ដើម្បីបំភ័ន្តអង្គជំនុំជម្រះ។ លោកថា ភស្តុតាងមិនស៊ីសង្វាក់គ្នា ដោយលោកយោងតាមការស្រាវជ្រាវរបស់អ្នកប្រវត្តិសាស្ត្រ ដេវីដ ឆានល័រ (David Chandler) និង ស្ទីវ ហេឌ័រ (Steve Heder) ដែលថា ការសម្លាប់ទាហាន និងមន្ត្រីរដ្ឋការ លន់ នល់ កើតឡើងនៅថ្នាក់កម្មាភិបាលមូលដ្ឋានតាមភូមិភាគ អនុវត្តន៍អំណាចស្វ័យភាព និងតាមចិត្តរបស់ខ្លួន គឺមិនមានភស្តុតាងបញ្ជាក់ថា មានបញ្ជាជាក់លាក់ពីគណៈមជ្ឈិមបក្សកុម្មុយនិស្តកម្ពុជា ទេ។
លោកមេធាវី វិកទ័រ កូប៉េ បញ្ជាក់ថា ទោះបីជាការស៊ើបអង្កេតរយៈពេល ៣០ឆ្នាំក្រោយមក គេរកឃើញបំណែកឆ្អឹង ក្បាលគ្រាប់ ក្បាលខ្សែក្រវាត់ និងចម្រៀកសំលៀក នៅទីតាំងទួលពោធិ៍ជ្រៃ ក៏ដោយ បើគ្មានភស្តុតាងណាបញ្ជាក់ឱ្យហួសវិមតិសង្ស័យ ថាពិតជាមានការកាប់សម្លាប់នៅទួលពោធិ៍ជ្រៃ ទេនោះ គឺមិនអាចជាភស្តុតាងទេ ហើយគ្មានសាក្សីណាបញ្ជាក់ថា បានឃើញការសម្លាប់ដោយផ្ទាល់ភ្នែកដែរ។
លោកមេធាវីបន្តថា ទោះបីជាបក្សកុម្មុយនិស្តកម្ពុជា ជម្លៀសប្រជាពលរដ្ឋចេញពីទីប្រជុំជនមួយចំនួន មុនឆ្នាំ១៩៧៥ ក៏ដោយ ក៏មិនមានសម្លាប់ទាហាន លន់ នល់ ដែរ។ បើមាន គឺនៅខែឧសភា ឆ្នាំ១៩៧៥ ហើយចំពោះតែទាហានថ្នាក់ខ្ពស់ៗប៉ុណ្ណោះ។
ទាក់ទងនឹងការជម្លៀសវិញ ត្រូវបានមេធាវីជាតិការពារក្ដីជនជាប់ចោទ នួន ជា គឺលោក សុន អរុណ ថ្លែងថា គ្មានបំណែកភស្តុតាងណាមួយដែលស្ដែងឱ្យឃើញពីចេតនារបស់ជនជាប់ចោទ នួន ជា ឬបក្សកុម្មុយនិស្តកម្ពុជា អំពីការធ្វើឱ្យជនត្រូវជម្លៀសឈឺចាប់ធ្ងន់ធ្ងរ ទាំងផ្លូវកាយ និងស្មារតីឡើយ។
លោកមេធាវី សុន អរុណ លើកហេតុផលថា ការចោទប្រកាន់ជនជាប់ចោទ នួន ជា អំពីឧក្រិដ្ឋកម្មក្នុងការជម្លៀសពលរដ្ឋដោយបង្ខំទាំងលើកទី១ និងលើកទី២ ក្នុងទិសដៅធ្វើទុក្ខបុកម្នេញប្រជាជនថ្មីនោះ ត្រូវតែបានបដិសេធចោល ដោយសារគ្មានភស្តុតាងគ្រប់គ្រាន់។ លោកថា ការផ្លាស់ប្ដូរលំនៅលើកទីពីរ គឺដើម្បីផ្លាស់ប្ដូរកម្លាំងពលកម្ម មិនមែនដើម្បីធ្វើទុក្ខបុកម្នេញប្រជាជនថ្មីនោះទេ គឺធ្វើទាំងប្រជាជនចាស់ដែរ។
លោក សុន អរុណ បន្តថា ជនជាប់ចោទ នួន ជា ដឹង និងចូលរួមសម្រេចអំពីការជម្លៀសពលរដ្ឋចេញពីទីក្រុងភ្នំពេញ។ ប៉ុន្តែយ៉ាងណាក៏ដោយ ជនជាប់ចោទ នួន ជា មិនមានពិរុទ្ធភាពណាមួយទាក់ទិននឹងការជម្លៀសប្រជាជននោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
