សាលា​ក្ដី​ខ្មែរ​ក្រហម​ពិភាក្សា​អំពី​ការ​រៀបចំ​និង​គ្រប់គ្រង​សវនាការ​សំណុំ​រឿង​០០២​វគ្គ​២

0:00 / 0:00

អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម បញ្ចប់​កិច្ច​ប្រជុំ​លើក​ទី​២​របស់​ខ្លួន​ហើយ នៅ​ថ្ងៃ​អង្គារ ទី​២៨ តុលា។ កិច្ច​ប្រជុំ​នេះ គឺ​ជា​កិច្ច​ពិភាក្សា​គ្នា​អំពី​បញ្ហា​របស់​ភាគី​ពាក់ព័ន្ធ ក្នុង​ការ​រៀបចំ និង​គ្រប់គ្រង​សវនាការ​សម្រាប់​សំណុំ​រឿង​០០២ វគ្គ​២ ជា​បន្ត​ទៀត។

មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន ទី​បំផុត​ចូលរួម​នៅ​ក្នុង​កិច្ច​ប្រជុំ​រៀបចំ​សវនាការ​តាម​ការ​ព្រមាន និង​ការ​បង្គាប់​របស់​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង កាល​ពី​ចុង​សប្ដាហ៍​មុន។

មេធាវី​ជាតិ​ការពារ​ក្ដី​ជន​ជាប់​ចោទ នួន ជា គឺ​លោក សុន អរុណ មាន​ប្រសាសន៍​ថា កិច្ច​ប្រជុំ​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ តុលា បាន​ជជែក​ដេញដោល​គ្នា​រវាង​ភាគី​ការពារ​ក្ដី និង​ភាគី​សហ​ព្រះរាជ​អាជ្ញា លើ​ហេតុផល​ដែល​ក្រុម​មេធាវី​ការពារ​ក្ដី លោក ខៀវ សំផន ធ្វើ​ពហិការ​ដើរ​ចេញ​ពី​សវនាការ កាល​ពី​ថ្ងៃ​ទី​១៧ តុលា។

លោក សុន អរុណ បញ្ជាក់​ថា ខាង​ភាគី​ការពារ​ក្ដី​ទាំង​ពីរ​ក្រុម នៅ​រក្សា​ជំហរ​របស់​ខ្លួន​ដដែល គឺ​សុំ​ឱ្យ​សាលា​ដំបូង​ផ្អាក​សវនាការ​សំណុំ​រឿង​០០២ វគ្គ​២ រហូត​ដល់​ដាច់​ឆ្នាំ ព្រោះ​មាន​ហេតុផល​រៀង​ខ្លួន៖ «ខាង លោក នួន ជា មាន​ហេតុផល​មួយ​ផ្សេង គឺ​ប្ដឹង​ដិត​ចិត្ត​ចៅក្រម​ទាំង​បួន។ គឺ​ប្ដឹង​ដិត​ចិត្ត​ហ្នឹង​មាន​ន័យ​ថា សុំ​ឱ្យ​ដក​ចៅក្រម​ទាំង​បួន ដោយសារ​ចៅក្រម​ទាំង​បួន​មាន​កំហុស​កាល​កាត់ ០០២/០១ យ៉ាង​ច្រើន ជាង​ពីរ​រយ​ករណី។ បើ​មិន​អ៊ីចឹង​ទេ ឱ្យ​លោក​ចៅក្រម​ទាំង​បួន​ហ្នឹង ផ្អាក​ការ​កាត់​ក្ដី ផ្អាក​ការងារ​របស់​ខ្លួន​មួយ​រយៈ ល្មម​តែ​មាន​ចៅក្រម​ពិសេស មាន​ន័យ​ថា ចៅក្រម​រដ្ឋបាល​ហ្នឹង​ជំនុំ ហើយ​សម្រេច​អំពី​ប្ដឹង​ដិត​ចិត្ត​ហ្នឹង​សិន។ អា​ហ្នឹង​ខាង នួន ជា»

រី​ឯ​ក្រុម​មេធាវី​ការពារ​ក្ដី​ឱ្យ លោក ខៀវ សំផន លើក​ហេតុផល​ថា ពហិការ​ដើរ​ចេញ​ពី​សវនាការ គឺ​ព្រោះ​តែ​ពួក​គាត់​មិន​អាច​ធ្វើ​ការ​លើ​សំណុំ​រឿង​ពីរ​ក្នុង​ពេល​តែ​មួយ​បាន​ទេ។ មេធាវី​ការពារ​ក្ដី​ក្រុម​នេះ​លើក​បញ្ហា​ឡើង​ថា គាត់​មិន​អាច​ធ្វើ​សារណា​សម្រាប់​ប្ដឹង​សាទុក្ខ​សំណុំ​រឿង​០០២ វគ្គ​១ ទៅ​តុលាការ​កំពូល​ផង ហើយ​ចូលរួម​សវនាការ​សំណុំ​រឿង​០០២ វគ្គ​២ ផង​បាន​ទេ។ ទាក់ទង​នឹង​ហេតុផល​នេះ អង្គ​ជំនុំ​ជម្រះ​ពិភាក្សា​រក​ដំណោះស្រាយ​ឱ្យ​ធនធាន​បន្ថែម ហើយ​ខាង​ភាគី​ព្រះរាជ​អាជ្ញា សុំ​ឱ្យ​ចាត់​តាំង​មេធាវី​ពី​ខាង​ក្រៅ ដើម្បី​តំណាង​ផល​ប្រយោជន៍​ជន​ជាប់​ចោទ និង​ជំរុញ​ដំណើរ​ការ​នីតិវិធី​ក្នុង​សំណុំ​រឿង​០០២ វគ្គ​២។

ប៉ុន្តែ មេធាវី​ជាតិ​ការពារ​ក្ដី​ឱ្យ​ជន​ជាប់​ចោទ ខៀវ សំផន គឺ​លោក គង់ សំអុន ហៅ​ដំណោះស្រាយ​នេះ​ថា ជា​ដំណោះស្រាយ​ដែល​មិន​អាច​អនុវត្ត​ទៅ​រួច។ លោក​បញ្ជាក់​ថា នៅ​ពេល​នេះ ខាង​ភាគី​លោក​ត្រូវ​ការ​សំខាន់​បំផុត គឺ​ពេល​វេលា​ប្រហែល​ពីរ​ខែ​សម្រាប់​សរសេរ​សារណា​ប្ដឹង​សាទុក្ខ គឺ​មិន​មែន​ធនធាន​មនុស្ស ឬ​ថវិកា​ទេ៖ «តាម​ការ​ណែនាំ​របស់ លោក ខៀវ សំផន ជា​កូន​ក្ដី​របស់​យើង ឱ្យ​យើង​ផ្ដោត​ទៅ​លើ​ការ​យក​ចិត្ត​ទុក​ដាក់​ការ​រៀបចំ​សរសេរ​បណ្ដឹង​សាទុក្ខ​ឯណោះ ដែល​វា​មាន​ប្រយោជន៍​សំខាន់​សម្រាប់​គាត់ ជាង​ការ​ចូលរួម​សវនាការ។ បើ​យើង​ចូលរួម​សវនាការ វា​ធ្វើ​ឱ្យ​ពេល​វេលា​របស់​យើង​បាត់​បង់ ក្នុង​ការ​រៀបចំ​ធ្វើ​បណ្ដឹង​សាទុក្ខ។ អ៊ីចឹង វា​ធ្វើ​ឱ្យ​ផល​ប្រយោជន៍​ទាំង​ពីរ​ហ្នឹង វា​អន់​ទាំង​ពីរ។ ហេតុ​ហ្នឹង​ហើយ បាន​ជា​យើង​សុខ​ចិត្ត​បោះ​បង់​ការងារ​មួយ​ចោល។ ដូច្នេះ ការ​បោះ​បង់​នេះ​មិន​មែន​ជា​កំហុស​របស់​យើង​ទេ គឺ​វា​ជា​បញ្ហា​វិជ្ជាជីវៈ ដែល​យើង​ត្រូវ​ការពារ​សិទ្ធិ​របស់​ជន​ជាប់​ចោទ ឬ​ក៏​ផល​ប្រយោជន៍​ជន​ជាប់​ចោទ ដែល​ជា​កូន​ក្ដី​របស់​ខ្លួន។ អ៊ីចឹង បើ​សិន​ជា​តុលាការ​យល់​ថា យើង​ជា​អ្នក​បង្ក​ឱ្យ​មាន​ការ​រាំង​ស្ទះ​ដល់​នីតិវិធី​របស់​តុលាការ គឺ​វា​ជា​រឿង​មិន​ត្រឹមត្រូវ។ គឺ​វា​មិន​មែន​ជា​ការ​ពិត​ទេ»

មេធាវី​ការពារ​ក្ដី លោក នួន ជា គឺ​លោក សុន អរុណ ឱ្យ​ដឹង​ដែរ​ថា បន្ទាប់​ពី​បញ្ហា​នេះ កិច្ច​ប្រជុំ​បាន​ពិភាក្សា​គ្នា​ដែរ​អំពី​ឯកសារ​សំណុំ​រឿង​០០៣ និង ០០៤។ ក៏ប៉ុន្តែ ភាគី​ជន​ជាប់​ចោទ​មិន​ទទួល​យក ព្រោះ​យល់​ថា មិន​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​០០២។

ទោះ​ជា​យ៉ាង​ណា​ក្ដី អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង មិន​ទាន់​សម្រេច​អំពី​ហេតុផល​របស់​ភាគី​នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ​នៅ​ឡើយ​ទេ ដោយ​យក​ពេល​ទៅ​ពិចារណា​សិន ហើយ​នឹង​ចេញ​សេចក្ដី​សម្រេច​នៅ​ពេល​សម​ស្រប​ខាង​មុខ។

មន្ត្រី​ផ្នែក​កិច្ចការ​សាធារណៈ​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម ឱ្យ​ដឹង​ថា ព័ត៌មាន​ជុំវិញ​កិច្ច​ប្រជុំ​រៀបចំ​សវនាការ​របស់​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នេះ នឹង​ចេញ​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី​២៩ តុលា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។