សាលា​ក្ដី​ខ្មែរ​ក្រហម​នឹង​បើក​សវនាការ​បឋម​លើ​សំណុំ​រឿង​០០២​វគ្គ​២​នៅ​ថ្ងៃ​៣០​កក្កដា

0:00 / 0:00

អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ឬ​ហៅ​ថា សាលា​ក្តី​ខ្មែរ​ក្រហម ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​១២ មិថុនា ឲ្យ​ដឹង​ថា សាលា​ក្តី​ខ្មែរ​ក្រហម នឹង​បើក​សវនាការ​បឋម​លើ​សំណុំ​រឿង​០០២ វគ្គ​០២ នៅ​ថ្ងៃ​ទី​៣០ ខែ​កក្កដា។

សំណុំ​រឿង​០០២ វគ្គ​០២ មាន​ជន​ជាប់​ចោទ ២​រូប គឺ​អតីត​ប្រធាន​រដ្ឋសភា​កម្ពុជា​ប្រជាធិបតេយ្យ លោក នួន ជា និង​លោក ខៀវ សំផន អតីត​ប្រមុខ​រដ្ឋ​នៃ​របប​ខ្មែរ​ក្រហម។

សាលា​ក្តី​ខ្មែរ​ក្រហម បាន​ប្រកាស​ឲ្យ​ដឹង​អំពី​កាលបរិច្ឆេទ​ធ្វើ​សវនាការ​បឋម ពិនិត្យ​លើ​អង្គ​ច្បាប់ លើ​សំណុំ​រឿង​០០២ វគ្គ​០២ បន្ត​ពី​សំណុំ​រឿង​០០២ វគ្គ​០១។

លោក នេត្រ ភក្ដ្រា អ្នក​នាំ​ពាក្យ​សាលា​ក្តី​ខ្មែរ​ក្រហម មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១២ មិថុនា ថា ការ​បើក​សវនាការ​បឋម​នេះ​អាច​មាន​រយៈពេល ១​ថ្ងៃ ហើយ​បើ​មាន​ការ​ចាំបាច់ អាច​បន្ត​ថែម​មួយ​ថ្ងៃ​ទៀត៖ «ការ​បើក​សវនាការ​មួយ​ដែល​អនុញ្ញាត​ឲ្យ​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង ពិនិត្យ​ទៅ​លើ​បញ្ហា​មួយ​ចំនួន។ ទី​១ ទាក់ទង​ការ​បញ្ជាក់​បន្ថែម​លើ​សំណង​រដ្ឋប្បវេណី។ ទី​២ បញ្ហា​អញ្ញត្រកម្ម​ដែល​ទាក់ទង​សំណុំ​រឿង​០០២ វគ្គ​២ ហើយ​និង​ពិនិត្យ​លំដាប់​លំដោយ​ដំណើរ​ការ​ជម្រះ​ក្តី និង​ពិនិត្យ​ទៅ​លើ​សាក្សី​ដែល​មាន​សក្ដានុពល​ភាព អ្នក​ជំនាញ និង​អ្នក​ធ្វើ​សក្ខីកម្ម»

សាលា​ក្តី​ខ្មែរ​ក្រហម បាន​បំបែក​សំណុំ​រឿង​០០២ ជា​២ គឺ​មាន​សំណុំ​រឿង ០០២ វគ្គ​០១ និង​សំណុំ​រឿង​០០២ វគ្គ​០២។ សំណុំ​រឿង​០០២ វគ្គ​០១ បាន​ដំណើរ​ការ​សវនាការ​ចប់​សព្វគ្រប់​ហើយ និង​គ្រោង​ប្រកាស​សាលក្រម​ជា​ផ្លូវ​ការ នៅ​ថ្ងៃ​ទី​៧ សីហា ខាង​មុខ។

ចំពោះ​សំណុំ​រឿង​០០២ វគ្គ​០២ មាន​បទ​ចោទ​ទាក់ទង​បទ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍ ចំពោះ​ជនជាតិ​ចាម និង​វៀតណាម បទ​ចោទ​ទាក់ទង​ការ​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​លើ​អនុសញ្ញា​ក្រុង​ហ្សឺណែវ ឆ្នាំ​១៩៤៩ និង​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។

លោក នេត្រ ភក្ដ្រា ឲ្យ​ដឹង​បន្ថែម​ថា បទ​ចោទ​ទាំង​នោះ​មាន​មូលដ្ឋាន​ចោទ​ទាក់ទង​នឹង​មន្ទីរ​សន្តិសុខ​ចំនួន​៤ ការដ្ឋាន​ការងារ​ចំនួន​៣ និង​សហករណ៍​មួយ​ចំនួន៖ «បទ​ចោទ​នៅ​ក្នុង​សំណុំ​រឿង​០០២ វគ្គ​២ នេះ ទី​១ គឺ​ការ​បទ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍ ចំពោះ​ជនជាតិ​ចាម និង​វៀតណាម ដែល​រាប់​បញ្ចូល​ទាំង​អំពើ​មនុស្ស​ឃាត ការ​សម្លាប់​រង្គាល ការ​ធ្វើ​ឲ្យ​ទៅ​ជា​ទាសករ ការ​និរទេស ការ​ដាក់​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង ការ​ធ្វើ​ទារុណកម្ម ការ​ធ្វើ​ទុក្ខបុកម្នេញ​ដោយសារ​រឿង​នយោបាយ ការ​ប្រកាន់​ពូជសាសន៍ និង​សកម្មភាព​អមនុស្សធម៌​ផ្សេងៗ​ទៀត។ ទី​២ ឧក្រិដ្ឋកម្ម​សង្គ្រាម ការ​រំលោភ​លើ​អនុសញ្ញា​ទីក្រុង​ហ្សឺណែវ ឆ្នាំ​១៩៤៩ និង​ទី​៣ គឺ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ»

លោក នេត្រ ភក្ដ្រា ប្រាប់​ថា នៅ​ក្នុង​សំណុំ​រឿង​០០២ នេះ​មាន​ឈ្មោះ​ចុះ​ក្នុង​បញ្ជី​ដើម​បណ្ដឹង​រដ្ឋប្បវេណី សាក្សី និង​អ្នក​ចូល​ខ្លួន​មក​បង្ហាញ​សក្ខីកម្ម​ចំនួន​ជាង ១.០០០​នាក់ ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ដឹង​ថា មាន​ដើម​បណ្ដឹង​រដ្ឋប្បវេណី សាក្សី និង​អ្នក​ជំនាញ​ចំនួន​ប៉ុន្មាន​នាក់​ទេ ដែល​ត្រូវ​ចូល​មក​បំភ្លឺ​នៅ​ក្នុង​សំណុំ​រឿង​០០២ វគ្គ​០២ នេះ។

ទាក់ទង​សវនាការ​បឋម​លើ​សំណុំ​រឿង​០០២ វគ្គ​០២ នេះ លោក គង់ សំអុន ជា​មេធាវី​ជាតិ​ការពារ លោក ខៀវ សំផន មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា កូន​ក្តី​លោក​មាន​សុខភាព​ល្អ​អាច​ចូលរួម​បាន មិន​មាន​បញ្ហា​អ្វី​ចោទ​ឡើង​ទេ៖ «ពីព្រោះ​ឥឡូវ​គាត់​ឲ្យ​មេធាវី​ធ្វើ​ការ​ក្នុង​នាម​គាត់។ បើ​អ៊ីចឹង យើង​ធ្វើ​ការ​ដើម្បី​ជជែក​លើ​បញ្ហា​ភស្តុតាង​អី​ផ្សេងៗ។ ប៉ុន្តែ ក្នុង​នីតិវិធី​បឋម​នេះ យើង​ជជែក​លើ​បញ្ហា​ផ្លូវ​ច្បាប់​អី​ទេ អត់​ទាន់​ចូល​ដល់​អង្គ​សេចក្តី​ទេ»

នៅ​ពេល​ចៅក្រម​រៀបចំ​ពិនិត្យ និង​កាត់​ក្តី​លើ​សំណុំ​រឿង​០០២ វគ្គ​០២ នេះ កាល​ពី​ថ្ងៃ​ទី​១១ មិថុនា កន្លង​ទៅ អង្គភាព​គាំពារ​ជន​រងគ្រោះ បាន​រៀបចំ​ការ​ជួប​ជុំ​ដើម​បណ្ដឹង​រដ្ឋប្បវេណី និង​អ្នក​ពាក់ព័ន្ធ ដើម្បី​រៀបចំ​ទាមទារ​សំណង​ទាក់ទង​សំណុំ​រឿង​០០២ វគ្គ​០២ ដែរ។ ប្រភព​ពី​មន្ត្រី​សាលា​ក្តី​ខ្មែរ​ក្រហម បាន​ឲ្យ​ដឹង​ថា ដើម​បណ្ដឹង​រដ្ឋប្បវេណី​ក្នុង​សំណុំ​រឿង​០០២ មាន​ចំនួន​ជិត ៤.០០០​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។