សាក្សី​ទី​១០​ថ្លែង​ពី​ការ​ឈឺ​ចាប់​និង​បាត់បង់​គ្រប់​យ៉ាង​នៅ​ការដ្ឋាន​ទំនប់​អាង​ត្រពាំង​ថ្ម

0:00 / 0:00

អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ច័ន្ទ ទី​២៥ សីហា បាន​ស្ដាប់​សក្ខីកម្ម​ទី​១០ ទាក់ទង​នឹង​អង្គ​ហេតុ​ធ្វើ​ការងារ​ដោយ​បង្ខំ នៅ​ការដ្ឋាន​ធ្វើ​ទំនប់​អាង​ត្រពាំង​ថ្ម នៅ​ខេត្ត​បន្ទាយមានជ័យ។ សក្ខីកម្ម​ទី​១០ គឺ​ផ្ដល់​ដោយ​ដើម​បណ្ដឹង​រដ្ឋប្បវេណី​មួយ​រូប​ឈ្មោះ ញឹម ហល់។

ដើម​បណ្ដឹង​រដ្ឋប្បវេណី​មួយ​រូប ញឹម ហល់ ជា​អតីត​ពលករ​កង​ចល័ត​នៅ​ការដ្ឋាន​ធ្វើ​ទំនប់​អាង​ត្រពាំង​ថ្ម ថ្លែង​អំពី​ការ​ឈឺ​ចាប់​ជូន​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​ថា របប​កម្ពុជា​ប្រជាធិបតេយ្យ ធ្វើ​ឲ្យ​លោក​បាត់បង់​គ្រប់​យ៉ាង៖ «ជួប​ការ​លំបាក បាត់បង់​សាច់ញាតិ បាត់បង់​កម្លាំង​ពលកម្ម បាត់បង់​សុខភាព បាត់​សេរីភាព ជា​ពិសេស បាត់បង់​ឪពុកម្ដាយ​បងប្អូន។ ពេល​ឈឺ​ថ្កាត់​ក៏​គ្មាន​បង​ប្អូន​ញាតិ​មិត្ត ឬ​សាច់សារ​លោហិត​ណា​មួយ​មក​សួរ​នាំ ឬ​មាន​ថ្នាំ​សង្កូវ​អី​លេប ហើយ​និង​លើក​ទឹក​ចិត្ត​ទេ។ ដេក​ឈឺ​នៅ​ម្នាក់​ឯង​ស្លាប់​រស់​ម្នាក់​ឯង»

លោក ញឹប ហល់ បន្ត​ថា ត្រូវ​អង្គការ​បង្ខំ​ឲ្យ​លើក​ដី​ចាក់​បំពេញ​ក្បាល​ស្ពាន​ទី​មួយ នៃ​ទំនប់​អាង​ត្រពាំង​ថ្ម​នោះ។ លោក​ត្រូវ​អង្គការ​កំណត់​ឲ្យ​លើក​ដី​ពី ៣ ទៅ ៥​ម៉ែត្រ​គូប​ក្នុង​មួយ​ថ្ងៃ ដែល​លោក​ត្រូវ​ក្រោក​ពី​ម៉ោង ៣​ព្រឹក ធ្វើ​ដល់​ម៉ោង ៥​ល្ងាច។ លោក​ថា លក្ខខណ្ឌ​ធ្វើ​ការងារ​នៅ​ការដ្ឋាន​នោះ គឺ​ជា​ការងារ​ធ្វើ​ដោយ​បង្ខំ​ពី​អង្គការ ហើយ​មាន​ពលករ​ភាគ​ច្រើន​ឈឺ​ដើម​ទ្រូង ដោយសារ​តែ​ធ្វើ​ការ​រែក​ដី​ធ្ងន់​ពេក។ រីឯ​ការ​ហូប​ចុក​មិន​គ្រប់គ្រាន់​ទេ ហើយ​ពលករ​ដែល​ឈឺ ត្រូវ​គេ​បន្ថយ​របប​អាហារ​ខ្លះ៖ «គ្រាន់​តែ​មាន​របប​បាយ​នៅ​ពេល​ច្រូត​កាត់។ តែ​ផុត​ច្រូត​កាត់​ទៅ​អត់ អស់​របប​ហើយ មាន​តែ​របប​បបរ​វិញ។ ម្នាក់​ត្រូវ​មួយ​ចាន​ត្រា​មាន់ ទ្រើស​ជាង​ចាន​ចង្កឹះ​បន្តិច។ វាល់​របប​ចែក ឆ្អែត​ឬ​មិន​ឆ្អែត​តែ​ប៉ុណ្ណោះ​ឯង។ មិន​មែន​បាយ​ទេ របៀប​បបរ​ជ័រ​ស្លា បបរ​ឈ្មោល។ ទ្រាំ​មិន​បាន​ទេ តែ​ធ្វើ​នោះ​ធ្វើ​ទាំង​ខ្លាច​ស្លាប់​តែ​ម្ដង។ ធ្វើ​ទាំង​កម្លាំង​ចិត្ត តែ​កម្លាំង​កាយ​អត់​មាន គឺ​កម្លាំង​ខ្លាច​ស្លាប់​ហ្នឹង​តែ​ម្ដង មិន​ហ៊ាន​តវ៉ា​ជាមួយ​អង្គការ​ទេ»

លោក​ថ្លែង​ថា បន្ទាប់​ពី​ការងារ​លើក​ដី​ចាក់​បំពេញ​ក្បាល​ស្ពាន​រួច​ហើយ លោក​ត្រូវ​គេ​បញ្ជូន​ទៅ​ច្រូត​ស្រូវ​ពេល​ថ្ងៃ និង​ពេល​យប់​លី​បាវ​ស្រូវ​ដាក់​ទូ​រថភ្លើង​នៅ​ស្រុក​សិរីសោភ័ណ។ លោក​ថា ស្រូវ​ត្រូវ​គេ​ដឹក​ចេញ​អស់ៗ។

ឆ្លើយ​តប​នឹង​ការ​សួរ​ដេញដោល​របស់​មេធាវី​ការពារ​ក្ដី​ឲ្យ​ជន​ជាប់​ចោទ នួន ជា លោក ញឹប ហល់ មាន​ប្រសាសន៍​ថា លោក​មិន​ដែល​ឃើញ​គេ​វាយ​ធ្វើ​បាប ឬ​ចាប់​ពលករ​ណា​មួយ​យក​ទៅ​សម្លាប់​ទេ ពេល​ធ្វើ​ការ​នៅ​ទំនប់​អាង​ត្រពាំង​ថ្ម​នោះ។

សក្ខីកម្ម​របស់ លោក ញឹប ហល់ ជា​សក្ខីកម្ម​ទី​១០ ក្នុង​គម្រោង​ដំបូង​របស់​អង្គ​ជំនុំ​ជម្រះ ដែល​ថា​នឹង​កោះ​ហៅ​សាក្សី និង​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ចំនួន ១១​នាក់ ទាក់ទង​នឹង​អង្គ​ហេតុ​ស្ដីពី​ការងារ​ដោយ​បង្ខំ នៅ​ការដ្ឋាន​ទំនប់​អាង​ត្រពាំង​ថ្ម ខេត្ត​បន្ទាយមានជ័យ។ អង្គ​ហេតុ​នេះ ស្ថិត​នៅ​ក្នុង​សំណុំ​រឿង​០០២ វគ្គ​២ ប្រឆាំង​នឹង​ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន។

សវនាការ​ដែល​អង្គ​ជំនុំ​ជម្រះ​នឹង​បន្ត​នៅ​ថ្ងៃ​ទី​២៦ សីហា គឺ​ជា​សវនាការ​ដាក់​បង្ហាញ​ឯកសារ​គន្លឹះ​បន្ថែម​របស់​ភាគី​នានា ពាក់ព័ន្ធ​នឹង​អង្គ​ហេតុ​ស្ដីពី​ការងារ​ដោយ​បង្ខំ​នៅ​ការដ្ឋាន​៣ គឺ​ទី​១ នៅ​ទំនប់ ១​មករា ខេត្ត​កំពង់ធំ ទី​២ វាល​យន្តហោះ​ខេត្ត​កំពង់ឆ្នាំង និង​ទី​៣ ទំនប់​អាង​ត្រពាំង​ថ្ម ខេត្ត​បន្ទាយមានជ័យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។