សាក្សី​ទី​៩​អតីត​មេ​កង​ចល័ត​ថា​អ្នក​ធ្វើ​ការ​នៅ​ការដ្ឋាន​អាង​ត្រពាំង​ថ្ម​ធ្លាក់​ខ្លួន​ឈឺ​រាល់​ថ្ងៃ

0:00 / 0:00

អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ច័ន្ទ ទី​២៤ សីហា បាន​ស្ដាប់​សក្ខីកម្ម​របស់​សាក្សី​ថ្មី​ទី​៩ ឈ្មោះ ឈុយ ហ៊ុយ ទាក់ទង​នឹង​អង្គ​ហេតុ​ធ្វើ​ការងារ​ដោយ​បង្ខំ​នៅ​ការដ្ឋាន​ធ្វើ​ទំនប់​អាង​ត្រពាំង​ថ្ម នៅ​ខេត្ត​បន្ទាយមានជ័យ។ សាក្សី​រូប​នេះ អតីត​មាន​តួនាទី​ជា​មេ​កង​ចល័ត​ដែល​គ្រប់គ្រង​មនុស្ស ៥៥​នាក់​នៅ​ការដ្ឋាន​នោះ។

សាក្សី ឈុយ ហ៊ុយ ជម្រាប​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​ថា លក្ខខណ្ឌ​ធ្វើ​ការងារ​ដោយ​បង្ខំ​នៅ​ការដ្ឋាន​ធ្វើ​ទំនប់​អាង​ត្រពាំង​ថ្ម មាន​ពលករ​ធ្លាក់​ខ្លួន​ឈឺ​រាល់​ថ្ងៃ ព្រោះ​ការងារ​លំបាក និង​ការ​ហូប​ចុក​មិន​មាន​អនាម័យ៖ «មាន​អ្នក​ជំងឺ​នៅ​ក្នុង​មួយ​កងៗ តែង​តែ​មាន ៤ ឬ ៥​នាក់ ហើយ​មាន​ពេទ្យ​ប្រចាំ​ព្យាបាល។ អ្នក​ជំងឺ​អត់​ទៀង។ ថ្ងៃ​ណា​ទៅ​ក៏​តិច ថ្ងៃ​ទៅ​ក៏​ច្រើន មិន​ទៀង​ទេ។ បើ​តិច​ចំនួន ៥ បើ​ច្រើន​ដល់​ទៅ ២០»

ទោះ​ជា​ដូច្នេះ​ក្ដី លោក​អះអាង​ថា មិន​មាន​អ្នក​ឈឺ​រហូត​ដល់​ស្លាប់​ទេ​នៅ​ក្នុង​កង​ចល័ត​របស់​លោក​នៅ​ឯ​ការដ្ឋាន​ធ្វើ​ទំនប់​អាង​ត្រពាំង​ថ្ម​នោះ។

សាក្សី ឈុយ ហ៊ុយ ថ្លែង​ថា នៅ​ពេល​រូប​លោក​ធ្លាក់​ខ្លួន​ឈឺ​ធ្វើ​ការ​មិន​កើត លោក​ត្រូវ​អង្គការ​ថ្នាក់​លើ​ចោទ​ថា កើត​ជំងឺ​សតិ​អារម្មណ៍ ឬ​ឈឺ​ពុត។ លោក​ត្រូវ​មេ​កង​ថ្នាក់​លើ ដក​ទៅ​ដាក់​កង​មួយ​ដោយឡែក​ពី​គេ៖ «បាទ! ពិត​មែន ខ្ញុំ​មិន​ស្រួល​មែន ពិត​ធ្វើ​ការ​អត់​កើត ហើយ​គេ​ចោទ​ខ្ញុំ​ថា​សតិ​អារម្មណ៍ ហើយ​គេ​ដាក់​ខ្ញុំ​ឲ្យ​ទៅ​ពលកម្ម​បោច​រពាក់​នៅ​ភូមិ​ខ្ជាយ។ ដល់​ពេល​បោច​រពាក់​ហើយ ធ្វើ​បង្គី ដាក់​កំណត់​ឲ្យ​ខ្ញុំ​ធ្វើ​មួយ​ថ្ងៃ ១០​បង្គី គ្នា​បួន​ប្រាំ​នាក់។ ដល់​ពេល​ខ្ញុំ​គោរព​ផែនការ​បាន ហៅ​ខ្ញុំ​មក​បញ្ចូល​កន្លែង​ដដែល​សា​ដើម​វិញ។ ទៅ​តាម​ទិស​មិន​ហ៊ាន​ប្រកែក​ទេ។ សម័យ​នោះ ប្រកែក​ប្រណាំង​មិន​បាន​ទេ សុខ​ចិត្ត​យក​ថ្នាំ​ពេទ្យ​លេប​ទៅ​ធ្វើ​ការ»

លោក ឈុយ ហ៊ុយ ថ្លែង​ថា យុវជន និង​នារី​នៅ​តាម​ភូមិ និង​សហករណ៍​ក្នុង​តំបន់​នោះ មិន​អាច​គេច​ផុត​ពី​ការ​បង្ខំ​ឲ្យ​ធ្វើ​ជា​ពលករ​កង​ចល័ត​នៅ​ទំនប់​អាង​ត្រពាំង​ថ្ម​នោះ​ទេ។ ពលករ​កង​ចល័ត ត្រូវ​បាន​មេ​កង​ថ្នាក់​លើ​ស្រង់​ប្រវត្តិរូប ហើយ​ក្រោយ​មក​ត្រូវ​ចាប់​ខ្លួន។ លោក​ជម្រាប​អង្គ​ជំនុំ​ជម្រះ​ថា ពលករ​ក្នុង​កង​របស់​លោក​ម្នាក់​ដែល​ជា​អ្នក​រដ្ឋការ​ខាង​អាកាសចរណ៍ ត្រូវ​យោធា​ចាប់​យក​ទៅ​សម្លាប់។ លោក​មិន​បាន​ឃើញ​ការ​សម្លាប់​ផ្ទាល់​ទេ គឺ​គ្រាន់​តែ​ឮ​ស្នូរ​បាញ់​កាំភ្លើង បន្ទាប់​ពី​យក​ពលករ​នោះ​ចេញ​ទៅ​នៅ​ពេល​យប់។

ទាក់ទង​នឹង​អង្គ​ហេតុ​ស្ដីពី​ការងារ​ដោយ​បង្ខំ​នៅ​ការដ្ឋាន​ទំនប់​អាង​ត្រពាំង​ថ្ម ខេត្ត​បន្ទាយមានជ័យ ដែល​ជា​ការ​ចោទ​ប្រកាន់​ចំពោះ​ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន ក្នុង​សំណុំ​រឿង​០០២ វគ្គ​២ នេះ អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង លោក​ចៅក្រម និល ណុន ប្រកាស​ថា នឹង​បន្ត​ស្ដាប់​សក្ខីកម្ម​របស់​ដើម​បណ្ដឹង​រដ្ឋប្បវេណី​មួយ​រូប នៅ​ថ្ងៃ​ទី​២៥ សីហា។ លោក​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​២៦ និង​ទី​២៧ សីហា អង្គ​ជំនុំ​ជម្រះ​នឹង​ផ្ដល់​ឱកាស​ឲ្យ​ភាគី​ដាក់​ឯកសារ​ថ្មី​របស់​ខ្លួន​បន្ថែម​ទៀត។

សាលា​ក្ដី​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ទី​២៤ ដដែល បាន​តែង​តាំង​ចៅក្រម​អន្តរជាតិ ២​រូប​ឲ្យ​ទទួល​មុខ​តំណែង​ជា​សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ​ថ្មី។ ក្នុង​ចំណោម​ចៅក្រម​ទាំង ២​រូប គឺ​លោក ម៉ៃឃើល បុះឡែនឌើរ (Michael Bohlander) ជា​ជនជាតិ​អាល្លឺម៉ង់ ត្រូវ​បាន​តែង​តាំង​ជា​សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ​ពេញ​សិទ្ធិ និង​លោក ម៉ូរីន ហាឌីង ខ្លាក (Maureen Harding Clark) ជា​ជនជាតិ​អៀរឡង់ដ៍ (Ireland) ត្រូវ​បាន​តែង​តាំង​ជា​សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ​បម្រុង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។