លោក នេត្រ ភក្ដ្រា ថ្លែងថា លោកមិនទាន់អាចបញ្ជាក់ពីទំហំថវិកាថ្មីបានទេនៅពេលនេះ៖ «ប៉ុន្តែ ខ្ញុំអាចជម្រាបថា គម្រោងថវិកាសម្រាប់ឆ្នាំ២០១៤ ក៏ដូចជាឆ្នាំ២០១៥ នេះ គឺមានការចុះបន្តិច បើប្រៀបធៀបទៅនឹងឆ្នាំ២០១២-២០១៣ ហើយការកាត់បន្ថយការចំណាយនេះ គឺដោយឆ្លើយតបទៅនឹងតម្រូវការកិច្ចការបច្ចុប្បន្ន ដែលយើងត្រូវការកាត់បន្ថយមន្ត្រីបុគ្គលិកមួយចំនួន ហើយបន្ទាប់មកទៀត គឺយើងកែទម្រង់ទៅលើរចនាសម្ព័ន្ធនៅក្នុងរដ្ឋបាល ដើម្បីតម្រូវថា ថវិកាដែលយើងចំណាយនេះ គឺមានចំនួនតិច ហើយយើងអាចទទួលការគាំទ្រពីក្រុមប្រទេសម្ចាស់ជំនួយឱ្យបានគ្រប់គ្រាន់ ដើម្បីចៀសវាងការជួបប្រទះនូវបញ្ហាវិបត្តិថវិកាណាមួយ»។
លោក នេត្រ ភក្ដ្រា ឱ្យដឹងថា ក្រុមប្រតិភូសាលាក្ដីខ្មែរក្រហមខាងភាគីកម្ពុជា មានប្រធានរដ្ឋបាលស្ដីទី គឺលោក ក្រាញ់ តូនី និងភាគីអន្តរជាតិមាន លោក ឃ្នុត រ៉ូសិនហក (Knut Rosandhaug) ហើយតំណាងរដ្ឋាភិបាលមាន លោក កែវ រ៉េមី ដែលខាងតុលាការនឹងជម្រាបអង្គសន្និសីទកៀរគរជំនួយនៅការិយាល័យអង្គការសហប្រជាជាតិ នាទីក្រុងញីវយ៉ក អំពីការងាររបស់ដំណើរការរបស់សាលាក្ដីកន្លងមក។
សាលាដំបូងនៃសាលាក្ដីខ្មែរក្រហម ទើបតែបានធ្វើសេចក្ដីសន្និដ្ឋានបញ្ចប់លើសំណុំរឿងលេខ០០២ វគ្គ១ ដែលមានជនជាប់ចោទជាអតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមពីររូប គឺ នួន ជា និង ខៀវ សំផន។ សាលាក្ដីនេះរំពឹងថា នឹងអាចចេញសាលក្រមលើសំណុំរឿងនេះនៅក្នុងអំឡុងពាក់កណ្ដាលឆ្នាំ២០១៤ ខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
