សាលា​ក្ដី​ខ្មែរ​ក្រហម​បញ្ជូន​កំហុស​វិជ្ជាជីវៈ​មេធាវី​លោក ខៀវ សំផន ទៅ​អង្គភាព​មាន​សមត្ថកិច្ច

អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលា​ក្តី​ខ្មែរ​ក្រហម ប្រកាស​ថា ខ្លួន​បាន​សម្រេច​ចេញ​ដីកា​បញ្ជូន​កំហុស​វិជ្ជាជីវៈ​របស់​ក្រុម​មេធាវី​ការពារ​ក្តី លោក ខៀវ សំផន ទៅ​អង្គភាព​មាន​សមត្ថកិច្ច​របស់​ពួក​គេ​រៀងៗ​ខ្លួន។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សាលា​ក្តី​ខ្មែរ​ក្រហម ចុះ​ថ្ងៃ​ទី​១៩ ធ្នូ ឲ្យ​ដឹង​ថា កំហុស​វិជ្ជាជីវៈ​របស់​សហ​មេធាវី​ជាតិ​ការពារ​ក្តី លោក ខៀវ សំផន គឺ​លោក គង់ សំអុន ត្រូវ​បាន​បញ្ជូន​ទៅ​ប្រធាន​គណៈ​មេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ រីឯ​កំហុស​វិជ្ជាជីវៈ​របស់​សហ​មេធាវី​អន្តរជាតិ​ការពារ​ក្តី លោក ខៀវ សំផន ២​រូប​ផ្សេង​ទៀត គឺ​មេធាវី អាធួ វើខេន (Arthur Vercken) និង​មេធាវី អានតា ហ្គីស្ស (Anta Guisse) ត្រូវ​បាន​បញ្ជូន​ទៅ​ប្រធាន​មេធាវី​ទីក្រុង​ប៉ារីស និង​អគ្គ​រដ្ឋ​អាជ្ញា​នៃ​សាលា​ឧទ្ធរណ៍​ទីក្រុង​ប៉ារីស។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា ក្រុម​មេធាវី​ការពារ​ក្តី លោក ខៀវ សំផន បាន​រំលោភ​បំពាន​លើ​ដីកា​បង្គាប់​របស់​តុលាការ​ម្តង​ហើយ​ម្តង​ទៀត ក្នុង​ការ​ចូលរួម​កិច្ច​ដំណើរ​ការ​នីតិវិធី​សវនាការ​នៅ​ក្នុង​សំណុំ​រឿង​០០២ វគ្គ​០២ ដែល​តុលាការ​យល់​ថា ទង្វើ​នេះ គឺ​ជា​ចេតនា​ធ្វើ​ឲ្យ​រាំង​ស្ទះ​យ៉ាង​ធ្ងន់ធ្ងរ​ដល់​កិច្ច​ដំណើរ​ការ​នីតិវិធី។ តុលាការ​អះអាង​ថា ផល​វិបាក​ដោយ​ផ្ទាល់​ដែល​កើត​ចេញ​ពី​ការ​ប្រព្រឹត្ត​កំហុស​វិជ្ជាជីវៈ​នេះ គឺ​សវនាការ​ចំនួន ២៥​ថ្ងៃ ក្នុង​រយៈពេល ១០​សប្ដាហ៍ ត្រូវ​បាន​លុប​ចោល និង​បង្កើត​ឲ្យ​មាន​ការ​លំបាក​ដល់​សាក្សី និង​ដើម​បណ្ដឹង​រដ្ឋប្បវេណី ការ​រំខាន​ដល់​ភាគី​នានា និង​ការ​ចំណាយ​ជាច្រើន​បន្ថែម​ទៀត​ដល់​សាលា​ក្តី​ខ្មែរ​ក្រហម។

ភាព​ចម្រូងចម្រាស​ក្នុង​សំណុំ​រឿង​០០២ វគ្គ​២ នេះ កើត​ឡើង​ដោយសារ​ក្រុម​មេធាវី​ការពារ​ក្តី លោក ខៀវ សំផន ធ្វើ​ពហិការ​មិន​ព្រម​ចូល​សវនាការ។ ភាគី​មេធាវី​ការពារ​ក្តី លោក ខៀវ សំផន ធ្លាប់​លើក​ឡើង​ថា ពួក​គេ​ត្រូវ​ការ​ពេលវេលា​ដើម្បី​រៀបចំ​សារណា​បណ្ដឹង​សារទុក្ខ​ការពារ​កូន​ក្តី។ ពួក​គេ​ថា ពួក​គេ​មិន​អាច​ចូលរួម​ធ្វើ​ការ​ការពារ​កូន​ក្តី​ក្នុង​សំណុំ​រឿង ០០២ វគ្គ​២ ផង និង​ធ្វើ​សារណា​ប្ដឹង​សារទុក្ខ​ការពារ​កូន​ក្តី​ផង​ក្នុង​ពេល​តែ​មួយ​បាន​ទេ។ មួយ​វិញ​ទៀត លោក ខៀវ សំផន ដែល​ជា​កូន​ក្តី​នោះ ក៏​មិន​ព្រម​ឲ្យ​ពួក​គេ​ចូល​សវនាការ​ការពារ​ក្តី​ក្នុង​សំណុំ​រឿង ០០២ វគ្គ​២ នេះ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។