អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម ប្រកាសពន្យារពេលសវនាការ រហូតដល់ពីរសប្ដាហ៍បន្តទៀត។ ការពន្យាពេលនេះបន្ទាប់ពីបានផ្អាកសវនាការចាប់តាំងពីថ្ងៃពុធ ទី៧ តុលាមក។ដែលសវនាការស្ដាប់សាក្សីក្នុងសំណុំរឿង០០២វគ្គ២ បន្ត នៅមិនទាន់ច្បាស់នៅឡើយទេ។
អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម ជូនដំណឹងថានឹងមិនធ្វើសវនាការទេ ក្នុងសប្ដាហ៍បុណ្យភ្ជុំបិណ្ឌហើយ និងសប្ដាហ៍ក្រោយ គឺចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២២ តុលា។
មន្ត្រីនាំពាក្យនៃសាលាក្ដីខ្មែរក្រហម លោក នេត្រ ភក្ត្រា មានប្រសាសន៍បញ្ជាក់បន្ថែមថា ការផ្អាកសវនាការនេះ គឺជាការជូនដំណឹងសម្រាប់រយៈពេលពីរសប្ដាហ៍ក្រោយបុណ្យភ្ជុំបិណ្ឌ។ លោកថា អង្គជំនុំជម្រះនៅមិនទាន់អាចបញ្ជាក់អំពីសវនាការបន្តនៅឡើយទេ៖ «អ៊ីចឹងបន្ទាប់ពីថ្ងៃហ្នឹងទៅ នៅក្នុងសប្ដាហ៍បន្ទាប់ទៀតនៅចុងខែតុលាហ្នឹង អាចនឹងមានសវនាការជាធម្មតាឡើងវិញ »។
លោកបញ្ជាក់ថា មូលហេតុនៅក្នុងសេចក្ដីជូនដំណឹងរបស់អង្គជំនុំជម្រះសាលាដំបូង គឺធ្វើឡើងតាមការចាំបាច់ ដោយផ្អែកលើសំណើសុំនានា របស់ភាគីក្នុងរឿងក្ដី ដែលសុំពេលវេលាបន្ថែម ដើម្បីត្រៀមខ្លួនរៀបចំសម្រាប់សវនាការលើបណ្ដឹងសាទុក្ខ ក្នុងសំណុំរឿង ០០២ វគ្គ ១។ បណ្ដឹងសាទុក្ខសំណុំរឿង០០២វគ្គ១ នឹងត្រូវតុលាការកំពូលលើកយកទៅធ្វើសវនាការ ចាប់ពីថ្ងៃទី១៦ ដល់ ១៨ ខែវិច្ឆិកា ខាងមុខ។
មេធាវីការពារក្ដីជនជាប់ចោទកាលថ្ងៃពុធ ទី៧ តុលា ស្នើសុំទៅអង្គជំនុំជម្រះសាលាដំបូង ឱ្យផ្អាកសវនាការ រយៈពេលប្រាំសប្ដាហ៍ គឺរហូតដល់តុលាការកំពូលធ្វើសវនាការលើបណ្ដឹងសាទុក្ខសំណុំរឿង ០០២ វគ្គ១ ចប់រួចរាល់។ បណ្ដឹងសាទុក្ខសំណុំរឿង ០០២ វគ្គ១ ភាគីមេធាវីការពារក្ដីជនជាប់ចោទ នួន ជា និង ខៀវ សំផន មានទឡ្ហីករណ៍ជំទាស់ប្រមាណ ២០០ចំណុចក្នុងម្នាក់ៗ។
ការផ្អាកសវនាការរហូតដល់ថ្ងៃទី ២២ តុលា គឺជារយៈពេលដប់មួយថ្ងៃ ដែលសហព្រះរាជអាជ្ញាថា សមស្របសម្រាប់ភាគីខ្លួន។ សហព្រះរាជអាជ្ញាអន្តរជាតិ លោក នីកូឡាស គូមចៀន (Nicolas Koumjian) ថ្លែងថា ការសុំឱ្យផ្អាកសវនាការរយៈពេលប្រាំសប្ដាហ៍ គឺយូរពេក៖ «ការស្នើសុំរយៈពេល ៥ ឬ ៦សប្ដាហ៍វាដូចជាហួសហេតុពេក ហើយវាជាការទាមទារមិនសមរម្យសម្រាប់តុលាការនេះ។ ចំពោះខ្ញុំ ខ្ញុំសូមបញ្ជាក់ថា សហព្រះរាជអាជ្ញាត្រូវត្រៀមខ្លួនសម្រាប់បណ្ដឹងសាទុក្ខទាំងពីរនេះទៀត គឺយើងត្រូវត្រៀមឆ្លើយទៅនឹងមូលដ្ឋាន ២២៧ របស់ខាង នួន ជា ហើយខាង ខៀវ សំផន ប្រហែល ២០០ មូលដ្ឋានទៀត។ ដូច្នេះខ្ញុំគិតថា ខាងព្រះរាជអាជ្ញា ១១ថ្ងៃ គឺគ្រប់គ្រាន់ណាស់ទៅហើយ » ។
ដោយឡែកមេធាវីការពារក្ដីជនជាប់ចោទ ខៀវ សំផន អ្នកស្រី អង់តា ហ្គីហ្សេ (Anta Guisse) ឆ្លើយតបថា ភាគីអ្នកស្រីត្រូវការពេលវេលាត្រៀមយូរ ព្រោះភាគីអ្នកស្រីមានគ្នាតិច ខុសពីភាគីសហព្រះរាជអាជ្ញា និងមេធាវីដើមបណ្ដឹងរដ្ឋប្បវេណី៖ «ទោះបីរៀបចំសវនាការលើបណ្ដឹងសាទុក្ខ ឬរៀបចំសវនាការលើសំណុំរឿងយើងនេះ គឺយើងមានមេធាវីដដែលៗ ទេ។ ប៉ុន្តែខាងម្ខាងទៀត មានមេធាវីច្រើន។ ទោះបីមេធាវីនាំមុខដដែលៗ ក៏ដោយ ក៏ប៉ុន្តែគាត់មានសហមេធាវីមកជួយសួរសាក្សី។ អ៊ីចឹងគាត់មានគ្នាច្រើន ហើយសហព្រះរាជអាជ្ញាគាត់មានការងារច្រើន ក៏ប៉ុន្តែគាត់ឆ្លាស់វេនគ្នា មានសហព្រះរាជអាជ្ញារងមានអីច្រើនឆ្លាស់វេនគ្នាមកសួរនាំ។ ប៉ុន្តែយើងអត់ស្ថិតក្នុងស្ថានភាពដូចគ្នាទេ » ។
អ្នកស្រីថ្លែងថា ទោះបីជាតុលាការកំពូលនឹងធ្វើសវនាការរយៈពេលខ្លីក៏ដោយ ក៏ភាគីអ្នកស្រីត្រូវការពេលវេលាច្រើនដែរ ដើម្បីពិនិត្យជ្រើសរើសចំណុចសារណាឡើងវិញធ្វើជាមូលដ្ឋានសម្រាប់ការពារកូនក្ដីខ្លួន។
ស្របគ្នានេះ មេធាវីការពារក្ដីជនជាប់ចោទ នួន ជា គឺលោក វិកទ័រ កូប៉េ (Victor Koppe) រំពឹងថា តុលាការកំពូលនឹងកោះហៅសាក្សីមួយចំនួន ហើយនៅពេលនេះ លោកមានសំណើសុំកោះហៅសាក្សីចំនួន ១៣សំណើ ដែលមិនទាន់សម្រេចនៅឡើយ។ លោកថា សាក្សីទាំងនោះ តុលាការកំពូលស៊ើបអង្កេតរួចហើយ ហើយលោកនឹងរង់ចាំទទួលដំណឹងនេះរហូតដល់ថ្ងៃទី៩ឬថ្ងៃទី១០ ខែវិច្ឆិកា។ លោក វិកទ័រ កូប៉េ ក៏ចង់ឱ្យអង្គជំនុំជម្រះសាលាដំបូងស្ដាប់សាក្សីលេខសម្គាល់ ៩៩៦ ក្នុងសំណុំរឿង ០០២ វគ្គ ២ ដែរ មុនពេលតុលាការកំពូលធ្វើសវនាការលើបណ្ដឹងសាទុក្ខ។
ទាក់ទងសំណើសុំនេះ អង្គជំនុំជម្រះសាលាដំបូងបញ្ជាក់ថា ការសម្រេចផ្អាកសវនាការនេះក៏ជាការចាំបាច់ ដើម្បីអង្គជំនុំជម្រះរៀបចំកញ្ចប់សេចក្ដីសម្រេចសំខាន់ៗ មួយចំនួន ទៅលើសំណើនានា ដែលភាគីដាក់ជូនអង្គជំនុំជម្រះ ដោយអង្គជំនុំជម្រះយល់ឃើញថា គួរចេញសេចក្ដីសម្រេចលើសំណើទាំងនេះឱ្យរួចរាល់ មុនស្ដាប់សក្ខីកម្មសាក្សីបន្ថែមទៀតនៅក្នុងសំណុំរឿង ០០២ វគ្គ២៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
