សាក្សីនៅសាលាក្ដីខ្មែរក្រហម នៅថ្ងៃទី១៣ មករា បានជម្រាបអង្គជំនុំជម្រះសាលាដំបូង អំពីការសម្លាប់ជនជាតិចាម នៅភូមិទ្រា ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម កាលពីក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។
សាក្សីជាស្ត្រីជនជាតិចាម ឈ្មោះ ម៉ាត់ ស ជម្រាបអង្គជំនុំជម្រះថា សមាជិកគ្រួសាររបស់លោកស្រីចំនួន ៨នាក់ ត្រូវបានយោធាខ្មែរក្រហមប្រមូលទៅសម្លាប់នៅភូមិទ្រា ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម៖ «មុននឹងគេយកទៅសម្លាប់ គេចងដាក់នៅផ្ទះឃុំឃាំង។ ចងហើយបានគេយកទៅម្ដងពីរនាក់បីនាក់ទៅសម្លាប់ គេថាទៅរៀបបាយហូបនៅឯក្រោម។ ដល់ពេលឃើញចុះទៅបាត់ៗហ្នឹង ខ្ញុំបានលួចមើលតាមជញ្ជាំងឃើញវាសម្លាប់បងប្អូនដាក់រណ្ដៅហ្នឹងធំ ហើយវាដាក់ក្ដារលើមាត់រណ្ដៅ។ ដល់ពេលវាយារកាំបិតកាប់ វាឲ្យយើងឱន។ ដល់ពេលកាប់ទៅ យើងបម្រះធ្លាក់រណ្ដៅនោះតែម្ដង។ ខ្ញុំមើលឃើញច្បាស់»។
សាក្សីរូបនេះថ្លែងថា ស្ត្រីជនជាតិចាម ដែលគេយកទៅសម្លាប់នោះមានចំនួន ២០នាក់។ លោកស្រី និង ១៥នាក់ផ្សេងទៀតបានរួចជីវិត ក៏ព្រោះតែលោកស្រីឆ្លើយថាជាកូនខ្មែរ។ សក្ខីកម្មរបស់ លោកស្រី ម៉ាត់ ស ទាក់ទងនឹងការសម្លាប់ស្ត្រីកងចល័តជនជាតិចាម នៅភូមិទ្រា គឺជាសក្ខីកម្មបន្ថែមមួយទៀតទៅលើសក្ខីកម្មរបស់ដើមបណ្ដឹងរដ្ឋប្បវេណីមួយរូបឈ្មោះ ណូ សាដះ។ កាលពីខែកញ្ញា ឆ្នាំ២០១៥ លោកស្រី ណូ សាដះ បញ្ជាក់ថា លោកស្រីបានរួចជីវិត ក៏ដោយសារឆ្លើយប្រាប់ពួកខ្មែរក្រហមថាជាកូនខ្មែរ។
ក្រោយបញ្ចប់សក្ខីកម្ម លោកស្រី ម៉ាត់ ស អង្គជំនុំជម្រះសាលាដំបូងគ្រោងស្ដាប់សាក្សីពីររូបទៀត ប៉ុន្តែសវនាការនៅថ្ងៃព្រហស្បតិ៍ ទី១៤ ថ្ងៃច័ន្ទ ទី១៨ និងរសៀលថ្ងៃអង្គារ ទី១៩ មករា អង្គជំនុំជម្រះនឹងមិនធ្វើសវនាការជាសាធារណៈទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
