រឿង​ "មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ​"​ត្រូវ​បាន​ជ្រើសរើស​ដើម្បី​ដណ្ដើម​យក​ពានរង្វាន់​អូស្ការ

ដោយ មាន ឫទ្ធិ
2017-09-18
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
សកម្មភាព​ថត​កុន​ខ្នាត​ធំ​របស់​ក្រុមហ៊ុន ហូលីវូដ (Hollywood) របស់​សហរដ្ឋ​អាមេរិក ដឹក​នាំ​ថត​ដោយ អ្នកស្រី អែនជេលីណា ជូលី (Angelina Jolie) រឿង «មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់ខ្ញុំ» នៅ​ខេត្ត​បាត់ដំបង ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៦។
សកម្មភាព​ថត​កុន​ខ្នាត​ធំ​របស់​ក្រុមហ៊ុន ហូលីវូដ (Hollywood) របស់​សហរដ្ឋ​អាមេរិក ដឹក​នាំ​ថត​ដោយ អ្នកស្រី អែនជេលីណា ជូលី (Angelina Jolie) រឿង «មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់ខ្ញុំ» នៅ​ខេត្ត​បាត់ដំបង ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៦។
RFA

ខ្សែភាពយន្ត​ខ្នាត​ធំ​រឿង "មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ" របស់​អ្នកស្រី​ អេនជេលីណា​ ជូលី​ (Angelina Jolie) នឹង​ត្រូវ​ដាក់​បញ្ចូល​យក​ទៅ​ប្រកួត​ប្រជែង​ជា​ខ្សែភាពយន្ត​បរទេស​ល្អ​បំផុត​សម្រាប់​ដណ្ដើម​យក​ពានរង្វាន់​អូស្ការ (Oscar)​ ដ៏​ល្បីល្បាញ​របស់​សហរដ្ឋអាមេរិក។

ទស្សនាវដ្ដី​កម្សាន្ត​អនឡាញ របស់​អាមេរិក​ឈ្មោះ​ ឌែតឡាញ ហូលីវូដ (Deadline Hollywood) ឲ្យ ដឹង​ថា​ គណៈកម្មាធិការ​កម្ពុជា សម្រាប់​ការ​ជ្រើសរើស​ខ្សែភាពយន្ត​ដើម្បី​ប្រកួត​យក​ពាន​រង្វាន់​អូស្ការ បាន​សម្រេច​ចិត្ត​ជា​ផ្លូវការ​ជ្រើសរើស​យក​ខ្សែភាពយន្ត​រឿង "មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ" ដើម្បី​យក​ទៅ​ប្រកួត​ប្រជែង​ជា​ខ្សែភាពយន្ត​បរទេស​ល្អ​បំផុត​ សម្រាប់​ដណ្ដើម​យក​ពានរង្វាន់​អូស្ការ នៅ​ឆ្នាំ​២០១៨​ ខាង​មុខ​នេះ។

នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​ចាងហ្វាង​អាម៉េរិកាំង ល្បី​ឈ្មោះ​បោះ​សំឡេង​រូប​នេះ គឺ​អ្នកស្រី អេនជេលីណា​ ជូលី​ នឹង​ក្លាយ​ជា​អ្នក​តំណាង​របស់​ប្រទេស​កម្ពុជា ដើម្បី​ដណ្ដើម​យក​ពានរង្វាន់​អូស្ការ នេះ ហើយ​នេះ​ក៏​គឺ​ជា​ការ​ដាក់​បញ្ចូល​ខ្សែភាពយន្ត​សម្រាប់​យក​ទៅ​ប្រកួត​ប្រជែង​យក​ពានរង្វាន់​អូស្ការ​លើក​ទី​៦​ ផង​ដែរ​ សម្រាប់​ប្រទេស​កម្ពុជា។

ខ្សែភាពយន្ត​ចុងក្រោយ​ដែល​ប្រទេស​កម្ពុជា​ បាន​ជ្រើសរើស​យក​ទៅ​ប្រកួតប្រជែង​យក​ពាន​រង្វាន់​អូស្ការ នៃ​ខ្សែភាពយន្ត​ភាសាបរទេស​ល្អ​បំផុត​ គឺ​ខ្សែភាពយន្ត​កម្ពុជា-បារាំង បែប​ឯកសារ​ផលិត​ក្នុង​ឆ្នាំ​២០១៣​ ដោយ​លោក​ ប៉ាន់ រិទ្ធី ដែល​មាន​ចំណង​ជើង​ថា "រូបភាព​ដែល​បាត់បង់" (The Missing Picture)។

ខ្សែភាពយន្ត​ខ្នាតធំ​រឿង "មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ" ដែល​ត្រូវ​បាន​ផលិត​សម្រាប់​យក​ទៅ​ចាក់​បញ្ចាំង​លើ​បណ្ដាញ​អនឡាញ ណែតហ្លីក (Netflix) ត្រូវ​បាន​ដឹកនាំ​ និង​សហ​និពន្ធ​ ដោយ​អ្នកស្រី​ អេនជេលីណា​ ជូលី។ ខ្សែភាពយន្ត​នេះ​ រៀបរាប់​អំពី​ដំណើរ​ខ្សែ​ជីវិត​របស់​អ្នក​និពន្ធ​ម្នាក់​គឺ​អ្នកស្រី​ អ៊ឹង​ លឿង (Ung Loung) ដែល​បាន​ហែល​ឆ្លង​កាត់​របប​វាល​ពិឃាដ​សម័យ​ខ្មែរ​ក្រហម។

អ្នកស្រី​ អេនជេលីណា​ ជូលី​ ថ្លែង​ក្នុង​សេចក្ដី​ថ្លែងការណ៍​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៨​ ខែ​កញ្ញា​ នេះ​ថា  ការ​ជ្រើសរើស​នេះ​ពិត​ជា​មាន​អត្ថន័យ​ធំ​ធេង​ណាស់​សម្រាប់​អ្នកស្រី​ និង​ពលរដ្ឋ​កម្ពុជា​ ដែល​បាន​ចូលរួម​សហការ​ក្នុង​ការ​ផលិត​ខ្សែភាពយន្ត​នេះ។ អ្នកស្រី​បន្ត​ថា​ ការណ៍​ដែល​អ្នកស្រី​បាន​ធ្វើ​ការងារ​ជាមួយ​សិល្បករ-​សិល្បការិនី​កម្ពុជា​ ដើម្បី​នាំ​មក​ជូន​នូវ​រឿង​នេះ​ឲ្យ​ពិភពលោក​បាន​ដឹង​ គឺ​ជា​បទពិសោធន៍​ដ៏​អស្ចារ្យ​ និង​ប្រកប​ដោយ​គុណធម៌​មួយ។

ដោយ​ឡែក​សម្រាប់​អ្នកស្រី​ អ៊ឹង​ លឿង​ វិញ​ អ្នកស្រី​មាន​ប្រសាសន៍​ថា​ នេះ​ជា​ដំណឹង​ដែល​ប្រកប​ដោយ​ការ​រំភើប​ចិត្ត​មួយ​ ហើយ​ថា​ វា​ជា​វិថី​ដ៏​វែង​ឆ្ងាយ​មួយ​សម្រាប់​អ្នកស្រី។ អ្នកស្រី​ថា​ រឿងរ៉ាវ​ក្នុង​ខ្សែ​ភាពយន្ត​នេះ​ ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​បទពិសោធន៍​របស់​ប្រជាជន​កម្ពុជា រាប់​លាន​នាក់​កាល​ពី​សម័យ​ខ្មែរ​ក្រហម។

ស្រប​ពេល​ដែល​មាន​ដំណឹង​អំពី​ការ​ដាក់​បញ្ចូល​ខ្សែភាពយន្ត "មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ"  យក​ទៅ​ប្រកួតប្រជែង​យក​ពាន​រង្វាន់​អូស្ការ​នេះ​ មន្ត្រី​នាំ​ពាក្យ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ លោក​ ថៃ នរៈសត្យា​ ក៏​បាន​ព្រមាន​ផង​ដែរ​អំពី​សកម្មភាព​ល្មើស​ច្បាប់​នៃ​ការ​ថត​ចម្លង​ខ្សែភាពយន្ត​នេះ​ យក​ទៅ​ចាក់​ផ្សាយ​យ៉ាង​ព្រោងព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ លោក​ ថៃ​ នរៈសត្យា​ ថា​ ទង្វើ​នេះ​ជា​ទង្វើ​ខុស​ច្បាប់​ ហើយ​អ្នក​ប្រព្រឹត្ត​អាច​នឹង​ប្រឈម​ការ​ផ្ដន្ទាទោស​ស្រប​តាម​ច្បាប់​សិទ្ធិ​អ្នក​និពន្ធ និង​សិទ្ធិ​ប្រហាក់ប្រហែល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល