អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម នៅថ្ងៃច័ន្ទ ទី២០ មិថុនា បន្តស្ដាប់សក្ខីកម្មរបស់អតីតប្រធានមន្ទីរសន្តិសុខ «ស-២១»ឬគុកទួលស្លែង កាំង ហ្កេកអ៊ាវ ហៅ ឌុច។ ការផ្ដល់សក្ខីកម្មបន្តនេះ គឺទាក់ទងនឹងការផ្ទៀងផ្ទាត់ឯកសារសួរចម្លើយអ្នកទោសនៅគុកទួលស្លែង ដែលជាភស្តុតាងប្រឆាំងជនជាប់ចោទ នួន ជា និង ខៀវ សំផន នៅក្នុងសំណុំរឿង០០២ វគ្គ២។
សាក្សី ឌុច អះអាងថាឯកសារដែលអង្គជំនុំជម្រះលើកយកមកក្នុងសវនាការ ជាចំណាររបស់ជនជាប់ចោទ នួន ជា៖ «អក្សររបស់បង នួន នេះ ខ្ញុំស្គាល់ចាប់តាំង ពីពេល គាត់ទៅគ្រប់គ្រងខ្ញុំ។ គាត់មិន សរសេរសំបុត្រដើរផ្លូវទេ តែគាត់មានណែនាំមកជាកូនសំបុត្រតូចៗ ខ្លីៗ។ គាត់ចុះហត្ថលេខា គាត់អត់ដាក់ឈ្មោះ នួន ទេ គាត់ ដាក់ឈ្មោះ បួន។ សំបុត្រហ្នឹង ខ្ញុំបានទទួលក្នុងមួយរយៈកាលក្រោយថ្ងៃ ១៥ សីហា ឆ្នាំ១៩៧៧ រហូត ដល់ថ្ងៃ ៦ មករា ឆ្នាំ១៩៧៩ នេះ យ៉ាងច្រើន ៤ច្បាប់ខ្លីៗ។ អក្សរនោះជ្រុងៗ អ៊ីចឹងនេះខ្ញុំចាំ។ ដូច្នេះបានខ្ញុំបញ្ជាក់ ជូនតុលាការ ថា អក្សរខាងក្រោមស្រួលមើល នាំឲ្យខ្ញុំនឹកឃើញថា ចំណារនេះជាចំណារបង នួន » ។
សាក្សី ឌុច នៅតែបញ្ជាក់សក្ខីកម្មរបស់លោកថា ការចាប់មនុស្សយកទៅធ្វើទារុណកម្មសួរចម្លើយ និងសម្លាប់នៅមន្ទីរសន្តិសុខ «ស-២១»គឺជាការសម្រេចដោយគណៈមជ្ឈិមរបស់បក្សកុម្មុយនិស្តកម្ពុជា។ ការស្ដាប់សក្ខីកម្មរបស់សាក្សី ឌុច អំពីរឿងរ៉ាវនៅគុកទួលស្លែងនេះ នឹងត្រូវធ្វើបន្តទៀតនៅអង្គារ ទី២១ មិថុនា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
