ឌុច ថា​លោក​នៅ​រស់​ព្រោះ​តែ​បាន​លាក់​ការណ៍​សម្ងាត់

ដោយ ឡេង ម៉ាលី
2016.06.23
កាំង ហ្កេកអ៊ាវ ហៅ ឌុច ២០១៦ ៨៥៥ អតីត​ប្រធាន​មន្ទីរ​សន្តិសុខ ស-២១ ឬ​គុក​ទួលស្លែង ក្នុង​របប​ខ្មែរ​ក្រហម លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច ធ្វើ​ជា​សាក្សី​នៅ​ក្នុង​សំណុំ​រឿង​០០២ វគ្គ​២ ទាក់ទង​នឹង​អង្គហេតុ​ឧក្រិដ្ឋកម្ម​នៅ​មន្ទីរ​សន្តិសុខ ស-២១ ឬ​គុក​ទួលស្លែង នៅ​ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​២០១៦។ Photo courtesy of ECCC
Photo courtesy of ECCC

សវនាការ​របស់​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ទី​២២ មិថុនា បន្ត​ស្ដាប់​ការ​សួរ​ដេញដោល​សាក្សី កាំង ហ្កេកអ៊ាវ ហៅ ឌុច។ ការ​ធ្វើ​សក្ខីកម្ម​ដែល​ឈាន​ចូល​ដល់​ថ្ងៃ​ទី​១០ សាក្សី ឌុច ដែល​ជា​អតីត​ប្រធាន​មន្ទីរ​សន្តិសុខ «-២១» ឬ​គុក​ទួល​ស្លែង លោក​នៅ​រស់​ព្រោះ​តែ​បាន​លាក់​ការណ៍​សម្ងាត់។

សាក្សី ឌុច ជម្រាប​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៅ​ថ្ងៃ​អង្គារ ទី​២២ មិថុនា ថា ក្នុង​តួនាទី​របស់​លោក​ជា​ប្រធាន​មន្ទីរ​សន្តិសុខ «-១៣» នៅ​កំពង់ស្ពឺ ហើយ​បន្ត​ក្លាយ​ជា​ប្រធាន​មន្ទីរ​សន្តិសុខ «-២១» លោក​បាន​គោរព​គោលការណ៍​លាក់​ការណ៍​សម្ងាត់​បាន ទើប​លោក​នៅ​រស់។

លោក​ថ្លែង​ថា លោក​បាន​រក្សា​ការងារ​សម្ងាត់​នៅ​មន្ទីរ​សន្តិសុខ «-២១» បាន​ជិត​ល្អ ហើយ​រាយការណ៍​ទៅ​តែ​ថ្នាក់​លើ​ផ្ទាល់​របស់​លោក គឺ​លោក សុន សេន មិត្ត ប៉ង់ នីរសារ​របស់ ប៉ុល ពត និង​លោក នួន ជា៖ «ក្រោយ​មក​មិត្ត ប៉ង់ គេ​ចុះ​ទៅ​ក្នុង​ឋានៈ​ជា​អ្នក​នាំ​ពាក្យ​របស់​មជ្ឈិម​របស់​បង ប៉ុល (ប៉ុល ពត) ខ្ញុំ​មាន​សិទ្ធិ​រាយការណ៍​ខ្លះ​អំពី​ចម្លើយ​អ្នក​ទោស​នៅ -២១។ នេះ​តាម​ការ​អនុញ្ញាត​របស់​បង នួន (នួន ជា) នៅ​ទី​នេះ។ ក៏ប៉ុន្តែ​យើង​សង្កេត​មើល បើ​សិន​ណា​ខ្ញុំ​មិន​រក្សា​ការណ៍​សម្ងាត់ អ៊ីចឹង​នៅ​ពេល​ដែល​មិត្ត ប៉ង់ មក​គ្រប់គ្រង​ខ្ញុំ អា​ចម្លើយ​ខ្មាំង​ឆ្លើយ​ដាក់​មិត្ត ប៉ង់ មិត្ត ប៉ង់ កាន់​ទៅ​ជូន​អចិន្ត្រៃយ៍។ ដូច្នេះ ការណ៍​សម្ងាត់​វា​អ៊ីចឹង។ ច្បាស់លាស់ មិត្ត ប៉ង់ កាន់​ចម្លើយ​ពី -២១ ដែល​ខ្មាំង​ឆ្លើយ​ដាក់​គាត់​យក​ទៅ​ជូន​អចិន្ត្រៃយ៍។ ដល់​ក្រោយ​មក អចិន្ត្រៃយ៍​សម្រេច​ចាប់​មិត្ត ប៉ង់។ បង នួន ប្រើ​បង វន ឲ្យ​ទៅ​ប្រាប់​ខ្ញុំ​ថា អង្គការ​សម្រេច​ចាប់ ប៉ង់ ហើយ។ នេះ​ដំណើរ​ការ គឺ​អ៊ីចឹង។ ដាច់​ខាត​តែ​ម្ដង​ជំនាន់​ហ្នឹង»

នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ មាន​កម្មាភិបាល​ជាន់​ខ្ពស់​ជាច្រើន​នាក់ ដូចជា មិត្ត ប៉ង់ នីរសារ​របស់ ប៉ុល ពត ត្រូវ​បាន​គណៈ​មជ្ឈិម ឬ​មន្ទីរ ៨៧០ នៃ​បក្ស​កុម្មុយនិស្ត​កម្ពុជា សម្រេច​ចាប់​ខ្លួន​មក​ឲ្យ​លោក​នៅ​មន្ទីរ​សន្តិសុខ «-២១»។ សាក្សី ឌុច បញ្ជាក់​ថា អ្នក​ទាំង​នោះ​ត្រូវ​គេ​ចាប់​ខ្លួន​បន្ទាប់​ពី​គណៈ​មជ្ឈិម​តាម​ដាន គឺ​មិន​ផ្អែក​តែ​លើ​ចំនួន​អ្នក​ទោស​ផ្សេង​ទៀត​ប៉ុន្មាន​នាក់​ឆ្លើយ​ដាក់​នោះ​ទេ។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី សាក្សី ឌុច វាយ​តម្លៃ​ការងារ​ចាប់​ចង​មនុស្ស​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ថា មិន​សូវ​មាន​ហេតុផល​ដូច​នៅ​ក្នុង​រឿង​សាមកុក​របស់​ចិន ឡើយ៖ «គេ​ចេះ​តែ​ចាប់​ហូរហែ ខ្ញុំ​លៃ​ពេល​ខ្លះ​ទៅ​អាន​រឿង​សាមកុក។ កាល​នោះ​ខ្ញុំ​មាន​រឿង​សាមកុក​សង្ខេប​មួយ​ជន្លាស​ប៉ុណ្ណេះ។ ខ្ញុំ​ចង់​ដឹង​ថា តើ​ការ​កាប់​សម្លាប់​នៅ​សម័យ​សាមកុក​សក្ដិភូមិ​ចិន ហើយ​សម័យ​បក្ស​កុម្មុយនិស្ត​កម្ពុជា កាន់​អំណាច វា​ខុស​គ្នា​យ៉ាង​ម៉េច? ខ្ញុំ​មើល​ទៅ​ថា រឿង​សាមកុក​វា​ហាក់​ដូចជា​មាន​ហេតុផល​ជាង​ការ​សម្លាប់​នៅ -២១។ នេះ​ខ្ញុំ​ចំណាយ​ពេល​ទៅ​ខាង​ហ្នឹង។ អា​ហ្នឹង​ក៏​ត្រូវ​គិត​ដែរ​ថា ខ្ញុំ​អត់​បាន​ធ្វើ​ការ ហើយ​ចំណាយ​ពេល​អាន​អា​រឿង​សាមកុក ដើម្បី​ជា​ការ​យល់​អំពី​របប​នយោបាយ»

លោក ឌុច ប្រាប់​អង្គ​ជំនុំ​ជម្រះ​កាល​ពី​សប្ដាហ៍​មុន​ថា លោក​ក៏​យក​បច្ចេកទេស​របស់​លោក​ម្ចាស់ ប៉ាវ ឬ ប៉ាវ កុង នៃ​រឿង​តុលាការ​មុខ​ដែក​របស់​ចិន ដែរ ក្នុង​ការ​បំពេញ​ការងារ​របស់​លោក​នៅ​មន្ទីរ​សន្តិសុខ «-២១»។ នេះ​ជា​លើក​ទី​ពីរ​ហើយ​ដែល​លោក​ភ្ជាប់​ការងារ​របស់​លោក​ទៅ​នឹង​រឿង​ចិន។ លោក​រំឭក​ឡើង​វិញ​ដែរ​ថា គោលការណ៍​បក្ស​កុម្មុយនិស្ត​កម្ពុជា កំណត់​ឲ្យ​មន្ទីរ «-២១» និង​មន្ទីរ​នគរបាល​ទាំងអស់ ចាប់​ទាំង​ប្រពន្ធ និង​កូន នៅ​ពេល​មេ​គ្រួសារ​ណា​ត្រូវ​ចាប់​ខ្លួន។ លោក​បន្ត​ថា មាគ៌ា​បក្ស​ក៏​តម្រូវ​ថា ត្រូវ​តែ​សម្លាប់​អ្នក​ទោស​ដែរ នៅ​ពេល​ណា​គេ​ចាប់​ហើយ ហើយ​គោលការណ៍​មិន​អាច​ជជែក​តវ៉ា​បាន​ឡើយ៖ «នេះ​វា​ជា​គោលការណ៍​សកល​របស់​បក្ស​កុម្មុយនិស្ត​កម្ពុជា ហើយ។ ចាប់​ត្រូវ​តែ​កម្ទេច។ ដូច្នេះ​ទៅ​និយាយ​ពី​ជោគវាសនា​អី​ទៀត។ អត់​ទេ។ អត់​មាន​ជជែក​គ្នា​លើ​មាគ៌ា​បក្ស​ទេ។ មាគ៌ា​បក្ស​មិន​មែន​ជា​របស់​ជជែក​គ្នា​ពិភាក្សា ត្រូវ ឬ​មិន​ត្រូវ​ទេ។ បក្ស​កំណត់​យ៉ាង​ម៉េច ត្រូវ​តែ​ធ្វើ​អ៊ីចឹង។ នេះ​មាគ៌ា​បក្ស ឲ្យ​តែ​ចាប់​ហើយ សួរ​ហើយ ឃុំ​ហើយ បើ​រឹងរូស​ពេក មិន​ចាំបាច់​ទុក​ត​ទេ គេ​កម្ទេច ហើយ​មិត្ត ប៉ង់ បែប​គេ​កម្ទេច​ចោល​ដោយ​មិន​ចាំបាច់​សួរ​អី​ផង។ ខ្ញុំ​ឃើញ​គាត់​ឆ្លើយ​ច្របល់ ចម្លើយ​មិត្ត ប៉ង់ ដែល​គេ​មក​ឲ្យ​ខ្ញុំ»

ទាក់ទង​នឹង​ការ​លាក់​ការណ៍​សម្ងាត់ សាក្សី ឌុច កាល​ពី​សប្ដាហ៍​មុន ជម្រាប​អង្គ​ជំនុំ​ជម្រះ​ថា ជន​ជាប់​ចោទ ខៀវ សំផន អតីត​ប្រធាន​រដ្ឋ គឺ​ជា​មនុស្ស​ពូកែ​លាក់​ការណ៍​ជា​សម្ងាត់ មិន​ដែល​បរិហារ​រឿង​អ្វី​ទេ។ សវនាការ​នៅ​ថ្ងៃ​ទី​២២ មិថុនា សាក្សី ឌុច ត្រូវ​បាន​មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ ខៀវ សំផន សួរ​ដេញដោល​អំពី​រឿង​ដែល​ថា លោក​ធ្លាប់​ប្រជុំ​ជាមួយ ខៀវ សំផន ម្ដង​កាល​ពី​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​១៩៧៩។

អតីត​ប្រធាន​គុក​ទួល​ស្លែង​រូប​នេះ នឹង​បន្ត​ផ្ដល់​សក្ខីកម្ម​របស់​លោក​ជា​បន្ត​ទៀត នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៣ ខែ​មិថុនា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។