អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម បន្តធ្វើសវនាការស្ដាប់សក្ខីកម្មរបស់អតីតប្រធានមន្ទីរសន្តិសុខ «ស-២១»ឬគុកទួលស្លែង កាំង ហ្កេកអ៊ាវ ហៅ ឌុច។ សក្ខីកម្មរបស់សាក្សី ឌុច ចូលដល់ថ្ងៃទី៥ ហៅការបដិសេធរបស់ជនជាប់ចោទ ខៀវ សំផន ថាជាការភូតភរ។
សាក្សី ឌុច ជម្រាបអង្គជំនុំជម្រះសាលាដំបូងនៅថ្ងៃអង្គារ ទី១៤ មិថុនា ថា ការបដិសេធរបស់ជនជាប់ចោទ ខៀវ សំផន ដែលថាមិនបានដឹងឮអំពីការចាប់មនុស្សសំខាន់ៗនៅក្នុងរបបខ្មែរក្រហម បញ្ជូនទៅមន្ទីរសន្តិសុខ «ស-២១» ឬគុកទួលស្លែង ជាការភូតភរគ្មានភាពក្លាហាន ជាពិសេសការចាប់កម្មាភិបាលក្រសួងពាណិជ្ជកម្ម ឈ្មោះ កុយ ធួន ហៅ ឃួន៖ «ក្រោយមក ស វ៉ាស៊ី ហៅ ឌឿន សុំចេញពីមន្ទីរមជ្ឈិមទៅធ្វើជាកុងសីក្រសួងពាណិជ្ជកម្មម្ដងបន្តពីបង ឃួន។ រឿងទាំងអស់នេះវាទៅអ៊ីចឹង ហើយថា មិនដឹងមិនឮអីសោះ ហ្អ៎ភរជាគ្នាតែម្ដង។ ដល់ឆ្នាំ១៩៧៩ បានដឹង ជាភាសាមួយមិនក្លាហានប្រឈមមុខ។ យើងជាអ្នកបដិវត្តន៍ យើងធ្វើការបម្រើប្រជាជន។ បើយើងខុស យើងសុំទោសប្រជាជនវិញដោយសុភាពរាបសារ»។
ក្នុងរយៈពេល ៥ថ្ងៃមកនេះ សាក្សី ឌុច បានផ្ដល់សក្ខីកម្មជាហូរហែអំពីការពាក់ព័ន្ធនឹងការទទួលខុសត្រូវរបស់ជនជាប់ចោទ នួន ជា នៅក្នុងការចាត់ចែងការងារនៅមន្ទីរសន្តិសុខ «ស-២១»បន្តពីនាយអគ្គសេនាធិការកងទ័ពឈ្មោះ សុន សេន។
កាលពីថ្ងៃទី៧ មិថុនា សាក្សី ឌុច ថ្លែងថា លោកភ្ញាក់ផ្អើលជាខ្លាំង និងស្មានមិនដល់ នៅពេលដែលជនជាប់ចោទ នួន ជា ប្រាប់តុលាការថា មិនបានដឹងអំពីគុកទួលស្លែង។ លោក ឌុច អះអាងថា លោកមានឯកសារដែលនិយាយអំពីជនជាប់ចោទ នួន ជា ជាប់ពាក់ព័ន្ធនឹងការចាត់ចែងការងារនៅមន្ទីរ «ស-២១»ឬគុកទួលស្លែងនោះ។ លោកអះអាងទៀតថា កម្មាភិបាលគ្រប់គ្រងសាខាមន្ទីរ «ស-២១»ដែលធ្វើស្រែនៅព្រៃស ឈ្មោះ ហ៊ុយស្រែ ក៏ជនជាប់ចោទ នួន ជា ជាអ្នកសម្រេចឲ្យចាប់ដែរ៖ «ខាងលើដែលសម្រេចកាលនោះ គឺពូ នួន មិនមែនបង សុន សេន ទេ គឺពូ នួន។ ខ្ញុំជាមួយមិត្ត ហ៊ រៀបចំការចាប់តាមសេចក្ដីសម្រេចខាងថ្នាក់លើ ពូ នួន គឺលោក នួន ជា នេះ។ កាលប្ដីទៅហើយ ស្វ័យប្រវត្តិ ប្រពន្ធគេចាប់ហើយ។ ដូច្នេះមិត្ត «ស-២១»ចាប់កូនហ្នឹងនៅតូចប្រហែលអាយុមិនទាន់ដល់មួយឆ្នាំផង ក៏ «ស-២១»ចាប់ ព្រោះនេះគោលការណ៍កំណត់របស់ខាងលើ » ។
ទាក់ទងនឹងការបោសសម្អាតខ្មាំងផ្ទៃក្នុងយកទៅសម្លាប់ រួមទាំងកម្មាភិបាលនៅគុកទួលស្លែងមកពីកងពល៧០៣ ជាច្រើននាក់ នៅឆ្នាំ១៩៧៨ សាក្សី ឌុច ថ្លែងថា អនុប្រធានរបស់លោកឈ្មោះ ហ៊ ជាអ្នករាយការណ៍ឲ្យចាប់ ដើម្បីរក្សាកេរ្តិ៍ឈ្មោះខ្លួនក្នុងបក្ស។ លោកឲ្យដឹងថា លោក និងអនុប្រធានលោក មិនដែលហ៊ានធ្វើអ្វីរំលងការសម្រេចរបស់អ្នកដឹកនាំរបស់លោកទេ គឺជនជាប់ចោទ នួន ជា៖ « អ្នកដែលហ៊ានរំលង ពួកប្រធានមន្ទីរនគរបាល សុទ្ធតែអត់រួចខ្លួនទេ ក្រោយមកត្រូវតែកម្ទេចជិតប្រធានមន្ទីរនគរបាលនៅស្រុកខ្មែរត្រូវស្លាប់ ឬមួយដោយសារចាប់អត្តនោម័តិ ឬមួយដោយសារ ( ខុស ) សីលធម៌ ឬមួយដោយសារជ័យភណ្ឌ។ នេះតាមការពិចារណារបស់ខ្ញុំ » ។
អតីតប្រធានគុកទួលស្លែងរូបនេះបន្តថា លោកបានជួបប្រជុំជាមួយអតីតប្រធានរដ្ឋ ខៀវ សំផន ម្ដងនៅថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩ ដែលណែនាំលោកឲ្យបន្តធ្វើការងារធម្មតា នៅពេលកងទ័ពវៀតណាម វាយចូលកម្ពុជា។ លោកថ្លែងថា ជនជាប់ចោទ ខៀវ សំផន គឺជាមនុស្សពូកែលាក់ការណ៍ជាសម្ងាត់ មិនដែលបរិហាររឿងអ្វីទេ។
អង្គជំនុំជម្រះសាលាដំបូង គ្រោងស្ដាប់សក្ខីកម្មរបស់ ឌុច រយៈពេល ៩ថ្ងៃ នៅក្នុងសំណុំរឿង០០២ វគ្គ២ នេះ ដែលប្រឆាំងជនជាប់ចោទ នួន ជា អតីតអនុលេខាបក្សកុម្មុយនិស្តកម្ពុជា និងអតីតប្រធានរដ្ឋ គឺជនជាប់ចោទ ខៀវ សំផន ទាក់ទងនឹងរឿងឧក្រិដ្ឋកម្មនៅមន្ទីរ «ស-២១»ឬគុកទួលស្លែង។ លោកនឹងត្រូវបន្តផ្ដល់សក្ខីកម្មចូលដល់ថ្ងៃទី៦ នៅថ្ងៃពុធ ទី១៥ មិថុនា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
